ក្រុង​អុកលែនដូ : និស្សិត​គណិតវិទ្យា​វ័យ ២០ ឆ្នាំ​ម្នាក់​មក​ពី​ក្រុង​អុកលែនដូ រដ្ឋ​ Florida បាន​ប្រកាស​ចង់​រៀបការ​ជាមួយ​ឧបករណ៍​ហ្គេម​សង់​ផ្ទះ Tetris ក្រោយ​ពី​បាន​បាត់​បង់​អតីត​មិត្ដ​​ប្រុស​ដែល​ជា​ម៉ាស៊ីន​គិតលេខ​ឈ្មោះ Pierre ដោយសារតែ​គាំង​ពេល​សម្អាត​។

កញ្ញា នូរូល ម៉ាចាប៊ីន ហាសសាន ដែល​ប្រើ​ឈ្មោះ Fractal Tetris Huracan ត្រូវបាន​ស្គាល់​ជា​បុគ្គល​ប្រតិព័ន្ធ​នឹង​វត្ថុ​នានា​ ឬ​ហៅ​ថា objectophilia ជា​អ្នកស្រឡាញ់​ មាន​ចំណង់​ផ្លូវភេទ​ចំពោះ​វត្ថុ​ផ្សេង​ៗ​ បីដូចជា​ ស្នេហា​បុរស​ និង​ស្ដ្រី​អ៊ីចឹង​។

កញ្ញា នូរូល ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ iPod និង​ រថភ្លើង តែ​នាង​បាន​ប្ដូរ​មក​ស្រឡាញ់​ឧបករណ៍​ហ្គេម​សង់​ផ្ទះ កាល​ពី​មួយ​ឆ្នាំ​មុន​ និង​មាន​គម្រោង​ចង់​រៀបការ​ជាមួយ Tetris នេះ​ថែម​ទៀត​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​។

យុវតី​វ័យ ២០ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​កើត​ឡើង​ពេល​ខ្ញុំ​លេង​ហ្គេម​ឈ្មោះ Smash Run ហើយ​ខ្ញុំ​បាន​ឮសំឡេង​ភ្លេង​ពី Tetris ហើយ​ខ្ញុំ​គិត​ថា វា​ពិតជា​ទាក់​ចិត្ដ​មែន​ទែន​។ រៀង​រាល់​ពេល​ដែល​ខ្ញុំ​បាន​ឮ​សំឡេងនេះ ខ្ញុំ​ពិត​ជា​លុង​ចង់​លេង​ហ្គេម Tetris។ ខ្ញុំ​គិត​ថា Tetris ពិតជា​សង្ហា​ គាត់​ពិត​ជា​ស័ក្ដិសម​ ហើយ​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​រញ្ជួយ​ចិត្ដ​ណាស់​។ ខ្ញុំ​មាន​អារម្មណ៍​ ដូចជា មនុស្ស​មាន​អារម្មណ៍​ស្នេហា​ជាមួយ​មនុស្ស​អ៊ីចឹង​»។

ទំនាក់​ទំនង​ស្នេហា​ដ៏​ចម្លែក​របស់​កញ្ញា ហាសសាន ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ស្មុគ​ចិត្ដ​ជា​ច្រើន​ដែល​ខិត​ខំ​ព្យាយាម​ទទួល​យក​ចំណូល​ចិត្ដ​របស់​នាង​។

កញ្ញា បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​អុីនធឺណិត​ ហើយ​នាង​សង្ឃឹម​ថា នឹង​អាច​ផ្សព្វ​ផ្សាយចំណេះដឹង​ និង​ស្វែង​រក​ការ​ទទួលស្គាល់​ចំពោះ​ស្នេហា​មួយ​នេះ៕ HR