ក្រុង​គួឡាឡាំពួរ : មន្ដ្រី​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ បុគ្គលិក​អគ្គីភ័យ​ម៉ាឡេស៊ី​ម្នាក់​មាន​រហស្សនាម​ «​អ្នក​បង្វឹក​ពស់​» បាន​ស្លាប់​រយៈ​ពេល ៤ ថ្ងៃ​ក្រោយ​ពី​លោក​ត្រូវ​បាន​ពស់​វែក​ចឹក​ ខណៈ​ពល​រដ្ឋ​បាន​ហៅ​លោក​ទៅ​ចាប់​ពស់​ពិស​មួយ​ក្បាល​។

ពស់​វែក​បាន​ចឹក​យុវជន​វ័យ ៣៣ ឆ្នាំ លោក អាប៊ូ ហ្សារីន ហ៊ូស៊ីន កាល​ពី​ថ្ងៃ​ចន្ទ នៅ​ភាគ​កណ្ដាល​រដ្ឋ​ប៉ាហាង ជា​ទី​ដែលលោក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​សុក្រ​។ បុគ្គលិក​អគ្គីភ័យ​រូប​នេះ មាន​ឈ្មោះ​ល្បី​នៅ​ប្រទេស​ម៉ាឡេស៊ី ចំពោះ​សមត្ថភាព​បង្វឹក​ស្និទ្ធ​នឹង​ពស់​មរណៈ​។

លោក​ត្រូវបាន​ថត​រូប​ភាព​ និង​វីដេអូ​ពីសកម្មភាព​ថើប​ពស់​វែក​ល្បី​ពេញ​អនឡាញ​ និង​បង្ហាញ​វត្ដមាន​ក្នុង​កម្ម​វិធី​ Asia''s Got Talent កាល​ពី​ឆ្នាំ​មុន ចំពោះ​សមត្ថភាព​យក​ច្រមុះ​ថើប​ក​ពស់​​ពិស​។

លោក ឃីរូដឌីន ដ្រាមេន ជា​នាយក​នៃ​នាយក​ដ្ឋាន​អគ្គីភ័យ និង​សង្គ្រោះ ក្រុង​គួឡាឡាំពួរ បាន​ប្រាប់ AFP ថា លោក អាប៊ូ ហ្សារីន បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពេល​កំពុង​ឈប់​សម្រាក​ជាមួយ​ភរិយា​។

លោក​បាន​និយាយ​ថា​៖ «​ពស់​វែក​ដែល​លោក​ចាប់​ពស់​វែក​ដ៏​ខិង​សម្បា​។ ពិស​របស់​វា​អាច​សម្លាប់​ទាំង​ដំរី​មាឌ​យក្ស​ទៀត​។ យើង​បាន​បាត់​បង់​មន្ដ្រី​មាន​សមត្ថភាព​ម្នាក់​។ វាជា​សោក​នាគកម្ម​ដ៏​អាក្រក់​មួយ​»។

បុគ្គលិក​សង្គ្រោះ​រមែង​ត្រូវបាន​បញ្ជូន​ទៅ​ចាប់​ពស់​ពិស​ក្នុង​តំបន់​ប្រជាជន​រស់​នៅ​នៃ​ប្រទេស​ម៉ាឡេស៊ី​។ លោក អាប៊ូ ហ្សារីន ជា​អ្នក​មាន​ជំនាញ​បង្វឹក​បុគ្គលិក​ថ្មី​ៗ​ពី​វិធី​ចាប់​ពស់​ពិស​»។

លោក​រៀន​ជំនាញ​នេះ​ពី​ឪពុក​ ដែល​មាន​រហ្សនាម​ថា «​អ្នក​បង្ក្រាប​ពស់​» និង​ចាប់​ផ្ដើម​បង្វឹក​សត្វ​ក្នុង​ឆ្នាំ​២០០៧។ នេះ​បើយោងតាម Star Online។

កាល​ពី​ប៉ុន្មាន​ ៣ ឆ្នាំ​មុន លោកធ្លាក់​ខ្លួន​ឈឺ​ពីរ​ថ្ងៃ​ដោយ​សារ​ពស់​វែក​ចឹក​។ កាល​ពី ២ ឆ្នាំ​មុន លោក​មាន​ឈ្មោះ​ល្បី​ក្រោយ​ពី​បាន​រៀប​ការ​ជាមួយ​ពស់ពីព្រោះ​លោក​ជឿ​ថា ពស់​វែក​ជា​សង្សារ​ចាប់​ជាតិ​។

សព​របស់​លោក​ត្រូវបាន​បញ្ចុះ​នៅ​ស្រុក​កំណើត​ភាគ​ខាង​កើត​រដ្ឋ​ ខេឡានតាន​៕ AFP/HR