ភ្នំពេញ: ថ្មីៗរឿងស្នេហ៍ខុសវ័យរវាង តារាសម្តែងដើមទ្រូងសិចស៊ីយ៉េៗ ងារនាងកាកី កញ្ញា សាន សុម៉ាលី និង ប្រុស ខួច ក៏ផ្ទុះឡើងកក្រើកលើវិថីសិល្បៈ ក្រោយពីបញ្ចប់ចំណងស្នេហ៍កំបាំងភ្នែកមហាជន៤ឆ្នាំ។
តែកញ្ញា សាន សុម៉ាលី បកស្រាយកែស្ថានការណ៍ស្នេហ៍ខុសវ័យថា ត្រឹមជាអ្នករាប់អានគ្នាធម្មតា រំពេចនេះប្រុសខួច ក៏បញ្ចេញរូបភាពស្ត្រីស្អាតវ័យក្មេងធ្វើខួបឲ្យ និងភាពរីករាយ។
នៅជុំវិញរឿងស្នេហ៍ខុសវ័យ សម្ងំបង្កើតអនុស្សាវរីយ៍ជាមួយគ្នាស្ងាត់រំលងវេលា ៤ ឆ្នាំ ជាមួយតារាសម្តែងវ័យក្មេងនាម ប្រុសខួច នេះ ក៏ត្រូវបាន ស្រីស្រស់ សាន សុម៉ាលី ឡើងធ្វើការបកស្រាយនៅកម្មវិធីសម្ភាសតារា បង្ហោះនៅលើបណ្តាញសង្គម ដោយការផ្តល់បទសម្ភាសនោះ តារាស្រីងារ នាង កាកី នាងក៏បានអះអាងថា៖ «រវាងនាងខ្ញុំ និងប្រុសខួច មិនមានអ្វីដូចដែលគេល្បីថា ជាគូស្នេហ៍ខុសវ័យនោះទេ ។ អ្វីដែលពួកយើងមានជាមួយគ្នារយៈពេលបួនឆ្នាំនេះ គឺជាអ្នករាប់អានគ្នាធម្មតា»។
តែយ៉ាងណា តារាដើមទ្រូងសិចស៊ី សាន សុម៉ាលី ក៏អះអាងហើយអះអាងទៀងថា រូបនាងគឺជាអ្នកជួយឲ្យប្រុសខួច មានឈ្មោះបោះសំឡេង និងមានការងារធ្វើក្នុងសិល្បៈ ដោយនាងបញ្ជាក់ថា៖ «បើនិយាយខ្ញុំជាអ្នកមានគុណ លើការងារសិល្បៈ ប្រុសខួច នេះមាន តែបើនិយាយថា ខ្ញុំនិងគាត់សម្ងំបង្កើតស្នេហាជាមួយគ្នាបួនឆ្នាំនោះអត់ទេ»។
តែយ៉ាងណាការបកស្រាយរបស់ ប្រុសខួច ជាប់ងារជាអតីតប្រុសស្នេហ៍វ័យក្មេងរបស់នាង សាន សុម៉ាលី ហាក់មានន័យផ្សេងពីការអះអាងរបស់ កញ្ញា សាន សុម៉ាលី ទោះជាលោកមិននិយាយចំៗក៏ដោយ។
តារាសម្ដែងរូបងសង្ហា ប្រុសខួច បាននិយាយថា៖ «កាលដែលយើងបែកគ្នានេះ គឺអស់និស្ស័យ ហើយនិស្ស័យនេះ មិនអាចឲ្យអ្វីៗដែលកន្លង៤ឆ្នាំនេះវិលរកគ្នាវិញបានទេ»។
ក្នុងសំដីដែលអះអាងហើយអះអាងទៀតថា «ខ្ញុំទទួលស្គាល់ថា ខ្ញុំចូលសិល្បៈបានគាត់ជួយមែន» ប៉ុន្តែប្រុសខួច ក៏ពោលដែរថ៖ «បួនឆ្នាំខ្ញុំក៏ស្គាល់ចរិតគាត់ច្បាស់ដែរ អ៊ីចឹងការដែលអស់និស្ស័យ ហើយគ្មានថ្ងៃភ្ជាប់និស្ស័យគ្នាវិញនោះក៏ល្អដែរ ដើម្បីអនាគតទាំងអស់គ្នា»។
តែរំពេចពីបង្ហាញជំហស្រីប្រកែ ប្រុសប្រកាន់ចរិតប្រុសស្អាត់នោះ ក្នុងគណនីហ្វេសប៊ុក ប្រុសខួច ក៏លេចឡើងនូវរូបភាពស្រីក្មេងរូបស្រស់ស្អាត ជូននំខួបកំណើតក្នុងជាមួយភាពស្និទ្ធស្នាល ដែលភ្ជាប់ដោយសារប្រុសខួច រៀបរាប់ក៏ក្នុងន័យផ្អែមល្ហែមថា៖ «អរគុណ សំណព្វចិត្ត នីនី និងអរគុណ សម្រាប់ក្តីស្រឡាញ់ »។
តាមរយៈរូបភាព និងសារនេះ ក៏ត្រូវបាន គេលើមកនិយាយយ៉ាងរន្ទឺថា «អីយ៉ា ប្រុសខួច បែបស្រីចាស់មិនបាន ប៉ុន្មាន បង្អួតស្នេហ៍ស្រីក្មេងភ្លាម»។
ក្នុងនោះដែរ ប្រុស ខួច ក៏ត្រូវបានប្រភពអ្នកសិល្បៈបង្ហើបថា៖ «សង្សារថ្មីលោក ជាកូនអ្នកមានទ្រព្យស្តុកស្តម្ភ»។
តែយ៉ាងណា ជុំវិញរឿងនេះ ប្រុសខួច សុំមិនធ្វើការបកស្រាយនោះទេ ដោយលោកថា៖ «រឿងនេះ មិនទាន់អាចនិយាយបាន។ ពេលនេះខ្ញុំគិតនោះគឺការងារសិល្បៈច្រើនជាង តែសារអង្គុយនោះពិតណាស់ខ្ញុំអរគុណអ្នកដែលស្រឡាញ់រាប់អានខ្ញុំ ខ្ញុំក៏សរសេរលើកទឹកចិត្តគាត់អ៊ីចឹងហើយ»៕