ភ្នំពេញៈ ខណៈ​ការ​បើក​នូវ​មុខរបរ​រក​ស៊ី​ហាង​លក់​ក្រណាត់​ប្រណីត ដែល​ល្បី​ថា មាន​គុណភាព​ខ្ពស់​នាំ​មក​ពី​ប្រទេស​អឺរ៉ុប​មាន​ឈ្មោះ «ប៊ីរីយ៉ា មាន​លក់​ក្រណាត់​ប៉ាក់​បោះ​ដុំ និង​រាយ» ជះ​ទុន​ប្រមាណ ១៥ ម៉ឺន​ដុល្លារ​ទើប​តែ​បាន​ដំណើរការ​សន្សឹមៗ មិន​ទាន់​បើក​សម្ពោធ​ជា​ផ្លូវការ​ផង​នោះ ក៏​ស្រាប់​តែ​លេច​ឮ​នូវ​ព័ត៌មាន​ថា សម្ព័ន្ធ​ស្នេហ៍​ប្តី​ប្រពន្ធ​តារា​សម្តែង​ស្រី​ឈ្មោះ​ពិត តាំ គីម​ចាំង ហៅ ប៊ីរីយ៉ា រកាំ​រកូស​សា​ជាថ្មី។

បើតាម​ប្រភព​លេចឮ​ខ្សិប​ខ្សៀវ​មាន​ដំណឹង​ថា សម្ព័ន្ធភាព​ស្នេហា​នៃ​ប្តី​ប្រពន្ធ​របស់​តារា​ស្រី​រូប​នេះ កំពុង​តែ​កើត​មាន​ឡើង​សា​ជាថ្មី​ម្តង​ទៀត​ហើយ ដោយ​ភាគី​ខាង​ប្តី​ហាក់​ដូចជា ឧស្សាហ៍​បង្ហោះ​សារ​ប្លែកៗ បង្ហាញ​ពី​អារម្មណ៍​ដ៏​កម្សត់​ដែល​បាន​ស្តែង​ពី​ជម្រៅ​ចិត្ត​របស់​ខ្លួន។

ប៉ុន្តែ​តារា​សម្តែង​ស្រី​រាង​ខ្ពស់​ស្រឡះ បាន​រៀបការ​ជាមួយ​នឹង​ស្វាមី​ឈ្មោះ តាំង ហៃឡេង កាល​ពី​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០១៤ និង​មាន​កូន​ស្រី ១ ជា​ចំណង​ស្នេហ៍ បច្ចុប្បន្ន​មាន​វ័យ​ជាង ២ ឆ្នាំ ហើយ​ផងដែរ​នោះ​បាន​ច្រាន​ចោល​ទៅ​នឹង​ដំណឹង​លេចឮ​ខាង​លើ​នេះ។ នាង ប៊ីរីយ៉ា បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ខ្លី​ទាំង​លាយ​ឡំ​នឹង​សំណើច​ថា៖ «ដំណឹង​អី​គេ ចេះ​តែ​ថា​ហើយ!​មិន​ដឹង​ជា​បាន​ដំណឹង​នោះ​មក​ពី​ណា​ទេ។ ពួក​យើង​ដូចជា​នៅ​ធម្មតា​ទេ មិន​មាន​អ្វី​កើត​ឡើង​នោះ​ឡើយ​បង»។

ទន្ទឹមនឹង​ភាព​ស្ងាត់​ស្ងៀម​ក្នុង​សិល្បៈ​នាពេល​ថ្មីៗ​នេះ ក៏​លេច​ចេញ​ចំហាយ​ព័ត៌មាន​ថា ជីវិត​អាពាហ៍​ពិពាហ៍ តារា​ស្រី​កូន​កាត់ ៣ សាសន៍​នាង​ប៊ីរីយ៉ា​ក្រោយ​ពី​បង្កើត​បាន​កូន​ស្រី​មួយ​មាន​រូប​សម្ផស្ស​ដ៏គួរ​ឲ្យ​ក្នាញ់​ខ្លាំង​កំពុង​តែ​ពើប​នឹង​ភាព​ល្អក់​កករ ដែល​ទំនង​ជា​ឈាន​ទៅ​រក​ការ​ប្រេះ​ឆា​គ្នា​ជា​មិន​ខាន​ផងដែរ។

កាល​ដើមឆ្នាំ ២០១៧ តាមរយៈ​សារ​បែប​ពាក្យ​ចចាម​អារ៉ាម​ថា អាពាហ៍​ពិពាហ៍​ក្រាប​ផ្ទឹម​ពេញ​ក្រឹត្យ​ប្រពៃណី​ខ្មែរ​រវាង លោក តាំង ហៃឡេង ជាមួយ​នឹង ប៊ីរីយ៉ា ទំនង​ជា​ជួប​រឿង​ប្រេះ​ឆា តែ​ចំហាយ​ព័ត៌មាន​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ច្រាន​ចោល​ក្រោម​ហេតុផល​ថា សារ​ទាំង​នោះ​ក៏​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព អាជីវកម្ម​របស់​នាង ដោយ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ចំណង​គ្រួសារ​ទេ។

កាល​ប្រកាស​បើក​ហាង​លក់​ក្រណាត់​ប៉ាក់​ពេល​ថ្មីៗ​នេះ ក៏​ក្លាយជា​ចម្ងល់​ដល់​មហាជន​ចោទ​សួរ​គ្នា​ផងដែរ ពាក់ព័ន្ធ​នឹង​រឿង​ប្រភព​នៃ​ប្រាក់​ជាដើម​ទុន ក្នុងការ​វិនិយោគ​រក​ស៊ី​ខាង​ក្រៅ​អាជីព​សិល្បៈ​របស់​នាង​ប៊ីរីយ៉ា ខណៈ​ដែល​មួយរយៈ​ពេល​ចុង​ក្រោយ​នេះ ក៏​ធ្លាប់​តែ​ឃើញ​នាង​បាន​រអ៊ូ​ថា រាង​ខ្សត់​ទីផ្សារ​ថត​កុន​នោះ តែ​ឮ​មក​បើក​ហាង​លក់​ក្រណាត់​ប៉ាក់ មាន​គុណភាព​ខ្ពស់​ដែល​នាំ​ចូល​ពី​ប្រទេស​ល្បី​នៅ​អឺរ៉ុប​ទៀត។

តែ​តារា​សម្តែង​ស្រី​រូបនេះ​ក៏បាន​បញ្ជាក់​ថា៖ «តាម​ពិត​ទៅ​គឺជា​ការ​សហការ​គ្នា​រវាង​នាង​ខ្ញុំ និង​ស្វាមី ព្រមទាំង​ក្រុម​គ្រួសារ ទើប​អាច​បង្កើត​បាន​នូវ​អាជីវ​កម្ម​នេះ​ឡើង ហើយ​ផ្ទះ​ជា​ទី​តាំង​បើក​ហាង​នោះ​គឺជា​ផ្ទះ​របស់​មីង​ទៀត​ផង។ ដោយសារ​តែ​យើង​បើក​ថ្មី ដូច្នេះ​ក៏ត្រូវ​ចំណាយ​ទុន​គួរសម ដើម្បី​ទិញ​ក្រណាត់​ច្រើន​ប្រភេទ​មក​ពី​ប្រទេស​បារាំង និង​ប្រទេស​អ៊ីតាលី យក​មក​ដាក់​តាំង​បង្ហាញ នា​ថ្ងៃ​បើក​សម្ពោធ​ហាង​នៅ​ក្នុង​អំឡុង​មួយ​សប្តាហ៍​ខាងមុខ​នេះ​ផងដែរ។ បើតាម​គម្រោង យើង​បាន​ចំណាយ ដើម​ទុន​ប្រមាណ​ជិត ១៥ ម៉ឺន​ដុល្លារ នៅ​ក្នុង​ការ​រៀបចំ​បើក​ហាង​រក​ស៊ី​នេះ​ឡើង»៕