ភ្នំពេញ: មួយរយៈ​កន្លង​មក​នេះ​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី ១ លោក ប៊ុត សីហា ហាក់​ឃ្លាត​ឆ្ងាយ និង​ស្ងប់ស្ងាត់​មិន​ឃើញ​មាន​វត្តមាន​ឡើង​ឆាក​តន្ត្រី​នានា​ដូច​មិត្ត​រួម​ជំនាន់ ដែល​សូម្បីតែ​បទ​ថ្មីៗ​ក៏​មិន​ឃើញ​មាន​ចេញ​ដែរ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ក៏​ដូចជា​អ្នក​គាំទ្រ ផ្ទុះ​ការ​ភ្ញាក់ផ្អើល​នោះ គឺ​នៅ​ចុង​ឆ្នាំ ២០១៧ កន្លង​ផុត​ទៅ​ថ្មីៗ​នេះ ស្រាប់​តែ​លេច​វត្តមាន​ម្ចាស់​ពាន The Voice Cambodia រដូវកាល​ទី ១ រូបនេះ ឡើង​បង្ហើរ​សំនៀង​នៅ​ទូរទស្សន៍ និង​បាន​បង្ហើប​ថា រូប​លោក​កំពុង​ត្រៀម​ដំណើរ​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​ឯនាយ​សមុទ្រ តែ​បែរ​ជា​ស្ងាត់​ឈឹង ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខកចិត្ត។

ក្នុង​ភាព​ឆ្ងាយ​ពី​ការងារ​សិល្បៈ​នៅ​ទ្រនំ​ម្ចាស់​ពាន ក្រោយ​ពាក្យ​លេចឮ​ការ​បកស្រាយ​ពី​លោក មាស រិទ្ធី អ្នក​អត្ថាធិប្បាយ​កម្មវិធី​ព័ត៌មាន​នៅ​ទ្រនំ​ហង្សមាស​ថា៖ «ម្ចាស់​ពាន The Voice រដូវកាល​ទី ១ ប៊ុត សីហា ខ្លួន​ឯង​ទេ ដែល​ធ្វើ​ឲ្យ​ការងារ​ខ្លួនឯង​ស្ងាត់»។

ក្នុង​គ្រា​គាស់​កកាយ​នេះ អ្នក​អត្ថាធិប្បាយ​កម្មវិធី​ព័ត៌មាន​ក៏បាន​បង្ហាញ​ទៀត​ថា​៖ «គួរ​ឲ្យ​ស្តាយ​កេរ្តិ៍ សីហា ដែរ ដែល​បាន​លើក​ពាន​កម្មវិធី​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក តែ​លោក​មិន​ឲ្យ​តម្លៃ​ខ្លួនឯង»។

ទោះ​មាន​ភាព​ស្ងប់​ស្ងាត់ និង ឃ្លាតឆ្ងាយ​ពី​ឆាក​តន្ត្រី​ធំៗ ថែម​ទាំង​គ្មាន​បទ​ចម្រៀង​ថ្មីៗ​យ៉ាងណា​ក្តី ប៉ុន្តែ​តារា​ចម្រៀង ប៊ុត សីហា តែង​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ហៅ​ឡើង​ច្រៀង​ម្តង​ម្តាល​ផងដែរ។

គេ​នៅ​ចាំបាន​ថា កាល​ពី​ពេល​កន្លង​ទៅ​នោះ ពេល​ដែល​តារា​ចម្រៀង ប៊ុត សីហា បាន​ឡើង​បង្ហាញ​វត្តមាន​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​អ៊ីធីវី។ ក្នុងការ​បង្ហាញ​វត្តមាន​លើ​ឆាក​តន្ត្រី​ក្នុង​កញ្ចក់​ទូរទស្សន៍​ដ៏កម្រ​នោះ ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី ១ ក៏បាន​បង្ហើប​ថា៖ «ខ្ញុំ​កំពុង​តែ​មាន​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ឆាប់ៗ ដោយ​មាន​គេ​ទាក់ទង​មក​ខ្ញុំ​យ៉ាង​ត្រឹមត្រូវ»។

បន្ទាប់ពី​ផ្សព្វផ្សាយ​ខ្លួនឯង​លើ​ឱកាស​ចេញ​ទៅ​កើប​ប្រាក់​នៅ​ក្រៅ​ស្រុក លើក​ដំបូង​របស់ ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី ១ តារា​ចម្រៀង ប៊ុត សីហា នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លោក​មាន​ការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​បាន​រង់ចាំ មើល​ពី​ពេលវេលា​ដែល​តារា​ចម្រៀង​រូប​នេះ នឹង​ចេញ​ដំណើរ​ទៀត​ផង ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ បែរ​ជា​ស្ងាត់​ឈឹង​ទៅ​វិញ​ទៀត។

ស្រប​ពេល​ដំណឹង​ទៅ​អាមេរិក​ស្ងាត់​ឈឹង​នោះ ស្រាប់តែ​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង ប៊ុត សីហា បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ម្ដង​ទៀត ដោយ​គេ​បាន​ឃើញ​រូប​ថត​មួយ​សន្លឹក​ដែល​លោក​ដើរ​ច្រៀង​តាម​ឆាក​តន្ត្រី​វង់ភ្លេង​ការ​តូច​តាច​ដើម្បី​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ។

តាមរយៈ​នេះដែរ​តារា​ចម្រៀង ប៊ុត សីហា ត្រូវបាន​មហាជន​ពោល​ថា ហេតុ​អ្វី​បាន​ជា​ម្ចាស់​គ្រង​ពាន​កម្មវិធី​លំដាប់​ពិភពលោក​មួយ​ទាំង​មូល​មក​ធ្លាក់​ខ្លួន​អី​ដល់​ថ្នាក់​នេះ ដែល​បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​ហួសចិត្ត​ឥត​ឧបមា យ៉ាង​ណា​គេ​នៅ​តែ​បង្ហាញ​ការ​ស្រឡាញ់ និង គាំទ្រ​ដល់​តារា​រូប​នេះ​ដដែល។

ឆ្លើយតប​នឹង​ចម្ងល់​នេះ ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី ១ លោក ប៊ុត សីហា បង្ហាញ​ពី​ព័ត៌មាន​ខ្លី​ថា៖ «ខ្ញុំ​មិន​ទាន់​មាន​គម្រោង​ចេញ​បទ​ចម្រៀង​ថ្មី​ទេ​ក្នុង​ពេល​នេះ ប៉ុន្តែ​សម្រាប់​គម្រោង​ចេញ​ទៅ​ច្រៀង​ក្រៅ​ប្រទេស​គឺ​នៅ​តែ​មាន គឺ​ទៅ​អាមេរិក​ក្នុង​ពេល​ឆាប់ៗ​នេះ គ្រាន់​តែ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​អាច​បញ្ជាក់​ពី​ពេល​វេលា​បាន»។

ក្នុងនោះដែរ តារា​ចម្រៀង ប៊ុត សីហា ថា៖ «ខ្ញុំ​មិន​មាន​បទ​ថ្មី​ចេញ តែ​ការងារ​សិល្បៈ​ក៏​នៅ​តែ​មមាញឹក​ដែរ​គឺ ច្រៀង​តាម​កម្មវិធី​គេ​ហៅ​ជាប់​គ្នា​តែ​រហូត​ហ្នឹង»៕