ភ្នំពេញ : ថ្មីៗនេះព័ត៌មានពីចំណងស្នេហ៍តារាខុសវ័យបានផ្ទុះកក្រើក រវាងតារាសម្តែងសិចស៊ីយ៉េៗ វ័យ ៣៤ ឆ្នាំនាង សាន សុម៉ាលី និងសង្សារក្មេងវ័យ ២៦ ឆ្នាំឈ្មោះ ប្រុស ខួច ជួបរឿងរង្គោះរង្គើ ទាំងតួឯកខាងស្រី ក៏ពោលត្អួញថា មកពីប្រុសក្មេង បែបគំនិតរកស្នេហ៍ស្រីផ្សេង។ ប៉ុន្តែប្រុសខួចក៏អះអាងថា រឿងនេះត្រូវតែបញ្ចប់ឲ្យបានស្អាត។
រឿងរ៉ាវស្នេហា សាន សុម៉ាលី និង តារាសម្តែងវ័យក្មេង ឈ្មោះ ប្រុស ខួច នេះ ត្រូវបានទម្លាយឡើងពីអ្នកនាង សាន សុម៉ាលី ខណៈនាងក៏បានបង្ហាញសារឈឺចិត្តស្អិតទ្រូង និង កលស្នេហ៍ប្រុសក្មេងរូបសង្ហាបោកនាងរយៈពេល៤ឆ្នាំ។
មុននោះ នាងក៏បានចេញសាររៀបរាប់ចំៗថា៖ «ថ្ងៃនេះអ្នកឯងបានសាងអ្វីមកលើខ្ញុំ សូមឲ្យអ្នកឯងទទួលកម្មទាំងអស់ ទេវតាមានភ្នែក ខ្ញុំមិនចេះនិយាយកុហកទេ ទឹកភ្នែកខ្ញុំស្រក់ទាំងប៉ុន្មាន អ្នកទទួល យក ១ ០០០ ០០០ លានដង ខ្ញុំអស់កម្មហើយ តិចទៀតដឹងហើយថា វាយ៉ាងម៉េច ឈប់មកនិយាយដូចខ្លួនឯងត្រឹមត្រូវទៀត ខ្លួនឯងល្អណាស់ »។
បន្ទរពីពាក្យពេចន៍ដែលថា «អ្នកណាទៅដែលមិនដឹងចរិកថោកទាប ល្មើសគុណ ក្រពើបម្រើវាមិនដែលទាស់ចិត្ត គ្រាន់តែមានស្រី វាស្អីក៏មិនស្គាល់ នៅឲ្យបានសុខចុះ យកទៅមីនាង តិចទៀតនាងដឹងហើយថាល្អត្រឹមណា។ ៤ ឆ្នាំនេះសួរទៅថាខ្ញុំធ្វើស្អីខ្លះជាមួយវា វានៅជាមួយខ្ញុំរាល់ថ្ងៃ វានៅក្បត់ខ្ញុំបានយ៉ាងសាហាវ សាង អនាគតទៅគ្មានអ្នកណារារាំងទេ ចាត់ទុកថា ធ្វើបុណ្យជាមួយសត្វចចកមិនស្គាល់ច្រាំងច្បាស់ហូរត្រឹមណាទើរត្រឹមហ្នឹង»។
តែយ៉ាងណា ជុំវិញរឿងរ៉ាវលង់ស្នេហ៍ប្រុសក្មេង ផ្ទុះឡើងកក្រើកឆាកសិល្បៈនេះ នៅមិនសុំការបកស្រាយបន្ថែមពី នាង សាន សុម៉ាលី ជាប់ងារ តួនាងកាកីនោះទេ ខណៈតារារះថ្មីលោក លី សុខគឹមសាន ហៅប្រុស ខួច ក៏សារភាពថា «រយៈពេល៤ឆ្នាំនេះ រូបខ្ញុំពិតជារស់ក្នុងទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងគាត់មែន»។
តែយ៉ាងណា ប្រុសខួច បែរជាច្រានចោល ពីដំណើរស្នេហ៍ខុសវ័យ ដើរដល់ផ្លួវបំបែកនេះ មិនមែនជាកំហុសខ្លួនទៅមានស្នេហ៍ថ្មី ដូចការចោទប្រកាន់ពីអតីតម្ចាស់ស្នេហ៍វ័យបងជិត១០ឆ្នាំ ឡើយ ដោយលោកបញ្ជាក់ថា៖ «ពេលនេះស្នេហានេះមិនមែនរង្គោះរង្គើទេ គឺស្នេហានេះវាចប់គ្នាតែម្តង។ ការបញ្ចប់វានេះក៏មិនមែនខ្ញុំទៅមានអ្នកថ្មីដូចគាត់ថានោះទេ គឺចប់គ្នាដោយអស់និស្ស័យនឹងគ្នា»។
បន្ទរនឹងសម្ដីទទួលស្គាល់ថា រូបលោកមានភាពលូតលាស់លើវិថីសិល្បៈក៏ដោយសារអតីតម្ចាស់ស្នេហ៍វ័យលើ សាន សុម៉ាលី ពិតមែន ហើយគុណនេះក៏មិនភ្លេចដែរនោះ យ៉ាងណា ប្រុសខួច នៅតែអះអាងថា៖ «រវាងខ្ញុំ និងគាត់ មិនអាចវិលរកគ្នាវិញក្នុងការផ្សះផ្សានោះទេ ហើយខ្ញុំក៏ដាច់ខាតមិនវិលរកគ្នាវិញ»។
ប្រុសខួច ពន្យល់ទៀតថា៖ «តាំងពីចាប់ផ្តើមមិនមែនថ្មីៗនេះទេ ខ្ញុំតែងប្រាប់គាត់ថា ពួកយើងមិនអាចរក្សាគ្នាបានយូរទេ ព្រោះចរិតយើងខុសគ្នា ហើយការបែកគ្នានេះ ក៏ជាហេតុផងនៃចរិតយើងផ្ទុយគ្នាដែរ»។