Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រែ​ពីសារ​មន្ទីរ​គ្រឿង​អេឡិចត្រូនិក​ មក​ក្លាយជា​ហាង​កាហ្វេ​ពិព័រណ៍

Content image - Phnom Penh Post
លោក លី ប៉េងហេង និង​ភរិយា ពេល​បើក​ហាង​កាហ្វេ​ពិព័រណ៍​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​។ កែវ រតនា

ប្រែ​ពីសារ​មន្ទីរ​គ្រឿង​អេឡិចត្រូនិក​ មក​ក្លាយជា​ហាង​កាហ្វេ​ពិព័រណ៍

ភ្នំពេញៈ ដោយសារ​តែ​ខ្វះ​ការគាំទ្រ​លើ​វិស័យ​ពិព័រណ៍​វត្ថុ​ចាស់ៗ មាន​ឈ្មោះ​ថា «សាល​ពិព័រណ៍​វិមាន​សុខា» ធ្លាប់​បើក​តាំង​បង្ហាញ​កាល​រយៈពេល​ពីរបី​ឆ្នាំមុន ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​ហាណូយ ក្នុង​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ មក​នោះ ក៏បាន​ជំរុញ​ឲ្យ​លោក លី ប៉េងហេង បិទ​ទ្វារ​នូវ​សាល​ពិព័រណ៍​នេះ​ហើយ​ប្រែ​ទៅជា​ការ​បង្កើត​ថ្មី​មួយ​ទៀត​ឲ្យ​ក្លាយជា​ហាង​ពិព័រណ៍​កាហ្វេ​វិញ។

ហាង​ពិព័រណ៍​កាហ្វេ ដែល​បាន​ផ្ដើម​គំនិត​ប្រមែ​ប្រមូល​វត្ថុ​ចាស់ៗ​ជា​គ្រឿង​អេឡិច​ត្រូនិក ផលិត​នៅ​គ្រប់​សម័យកាល គ្រប់​តំបន់ តាំង​ពី​ផលិតផល​ក្នុង​ស្រុក​រហូត​ដល់​ក្រៅ​ស្រុក​ជាច្រើន​ប្រភេទ​មាន​ចំនួន​រាប់រយ​មុខ​ចាប់​ពី​ឆ្នាំ ១៩៩៨ មក​នោះ មក​បើក​ជា​ហាង​កាហ្វេ​វិញ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​មនោរម្យ ឬ​ខាងក្រោយ​អតីត​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ ចាស់។

លោក លី ប៉េងហេង បញ្ជាក់​ប្រាប់​ពី​មូលហេតុ​នៃការ​បិទ​ទ្វារ «សាល​ពិព័រណ៍ វិមាន​សុខា» របស់​លោក ដែល​បាន​ខំប្រឹង​ជាង ២០ ឆ្នាំ​មក​នោះ​ថា៖ «ដោយសារ​តែ​ខ្វះការ​គាំទ្រ​លើ​ផ្នែក​ពិព័រណ៍​នេះ ខ្ញុំ​ក៏សម្រេច​ចិត្ត​បិទ​ទ្វារ ពីការ​បើក​សារមន្ទីរ​យក​ថ្លៃ​លក់​សំបុត្រ ឲ្យ​មក​ប្រែ​ក្លាយជា​កន្លែង​លក់​កាហ្វេ​គឺ​បងប្អូន​គ្រាន់​តែ​ចំណាយ​ប្រាក់​ពិសា​កាហ្វេ ហើយ​ក៏អាច​ទស្សនាការ​តាំង​ពិព័រណ៍​នូវ​វត្ថុ​ចាស់ៗ​ជា​គ្រឿង​អេឡិចត្រូនិក ផលិត នៅ​គ្រប់​សម័យកាល គ្រប់​តំបន់ មាន​រាប់ពាន់​គ្រឿង​នោះ​បាន»។

លោក​បញ្ជាក់​ដែរ​ថា គំនិត​បើក​ហាង​កាហ្វេ​ប្រើប្រាស់​នូវការ​តុបតែង​គ្រឿង​វត្ថុ​ចាស់ៗ​នៅ​ហាង​កាហ្វេ​នេះ​គឺ​ជា​ការគិត​ឃើញ​របស់​ភរិយា​លោក ខណៈ​រូប​លោក​គ្រាន់​តែ​ជាអ្នក​រៀបចំ​តុបតែង​ដូចជា​សារមន្ទីរ​ប៉ុណ្ណោះ។

លោក លី ប៉េង ហេង ប្រាប់​ថា៖ «ក្រោយ​ពី​បិទទ្វារ​សារមន្ទីរ ពិព័រណ៍ វិមាន​សុខា​មក ប្រពន្ធ​ខ្ញុំ​គាត់​ផ្តល់​គំនិត​ថា យើង​មាន​របស់​បែប​សិល្បៈ​ស្រាប់ ហើយ​ប្រសិន​បើ​យើង​ប្រែ​ក្លាយ​វា​ឲ្យ​ទៅ​ជា​ទីកន្លែង​មួយ​ដូចជា​ហាង​កាហ្វេ​ជាដើម​នោះ​គឺ​វា​ជាការ​ប្រសើរ​មួយ។ ដូច្នេះ​យើង​ក៏​បង្កើត​វា​ឡើង​តែម្តង។ យើង​ក៏មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ប្រមាណ ៥០ ភាគរយ​ដែរ​ចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ​នេះ»។

ទោះបី​ជា​បាន​ដូរ​ទីតាំង និង​ដូរ​ឈ្មោះ​ពី «សាល​ពិព័រណ៍​វិមាន​សុខា» មក​ជា «ហាង​កាហ្វេ​ពិព័រណ៍» ពិត​មែន ក៏​ក្តី​សង្ឃឹម និង​មហិច្ឆតា​កើត​ចេញ​ពី​ចំណូល​ចិត្ត​ប្រមែ​ប្រមូល​វត្ថុ​ចាស់ៗ​ដាក់​តាំង​ពិព័រណ៍ និង​បង្កើត​សារមន្ទីរ ដែល​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ក្រោយ​ពី​ខិតខំ​ដើរ​ទិញ​វត្ថុ​ចាស់ៗ​ពី​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក នៅ​បន្ត​មាន​ក្នុង​ដួង​ចិត្ត​លោក លី ប៉េងហេង ដដែល​គឺ​មិន​បាន​រសាត់​បាត់​ឡើយ។

លោក បង្ហើប​ប្រាប់​ថា៖ «ទៅ​ពេល​ខាង​មុខ ខ្ញុំ​ក៏មាន​គម្រោង​បង្កើត​សារមន្ទីរ​ពិព័រណ៍​វត្ថុ​ចាស់ៗ​នៅ​គ្រប់​សម័យកាល​ដដែល​នៅ​ឯ​ខេត្ត​សៀមរាប​ព្រោះ​នៅ​ទីនោះ​សម្បូរ​ភ្ញៀវទេសចរ​បរទេស ហើយ​ខ្ញុំ​ក៏សង្ឃឹម​ថា​នឹង​មាន​ទេសចរ​ជាតិ​យើង​ចាប់​អារម្មណ៍​ដែរ»៕

Content image - Phnom Penh Post
ហាង​កាហ្វេ​ពិព័រណ៍ មាន​ការ​តុប​តែង​ដូច​សារមន្ទីរ​។ កែវ រតនា​

0

Comments

Please, login or register to post a comment