ភ្នំពេញៈ នាមួយរយៈពេលចុងក្រោយនេះ គេឧស្សាហ៍ឃើញតារាចម្រៀងស្រីរាងខ្ពស់ស្រឡះ មានឈ្មោះពិតកញ្ញា ផន នីដា ហៅកញ្ញា ផន ស្រីខួច បង្ហោះសារបែបមានអាថ៌កំបាំងក្នុងដួងចិត្ត ហាក់ដូចជាកំពុងតែមានភាពរកាំរកូសនឹងរឿងអ្វីមួយ ឬអ្នកណាម្នាក់នៅក្នុងសង្គមសិល្បៈរបស់ខ្លួនធ្វើឲ្យមហាជនសង្ស័យ។
តារាចម្រៀងស្រីល្បីមធ្យមដែលឈរនៅលើទ្រនំធំគឺផលិតកម្មហង្សមាស កញ្ញា ផន ស្រីខួច បានបង្ហើរសារមួយហាក់ដូចជាកំពុងតែមានភាពខ្វែងគំនិតនឹងអ្នកណាម្នាក់ក្នុងសង្គមសិល្បៈមានការច្រណែនឈ្នានីស និងបានប្រើពាក្យបំបាក់ទឹកចិត្តនាងថា៖ «ចង់ផ្តាំមួយម៉ាត់ទេថា ពាក្យបំបាក់ទឹកចិត្ត ស្មារតី ទង្វើផ្សេងៗទៀត និងនិយាយដើមមិនល្អពីខ្ញុំរហូតមករបស់អ្នក វាមិនបានធ្វើឲ្យខ្ញុំនេះ បរាជ័យ ឬអាចយកឈ្នះការពិតបានឡើយ។ ផ្ទុយទៅវិញខ្លួនអ្នកទេ បរាជ័យ ហើយកុំព្យាយាមសម្តែងទៅ នៅមុខធ្វើតួកំសត់ ក្រោយខ្នងតួឃាតករ!យល់ទេពាក្យថា កម្មពៀរ អ្នកណាសាងអ្នកហ្នឹងទទួល!» និងសារយ៉ាងខ្លីមួយទៀតតែមានន័យជ្រៅថា៖ «ល្អក្នុងប្រសើរជាងល្អតែខាងក្រៅ»។
មួយរំពេចក្រោយមកក៏មានការលើកឡើងជាព័ត៌មានបែបចចាមអារ៉ាមដែរថា តារាចម្រៀងស្រីជាចំណូលថ្មីផលិតកម្មហង្សមាស កញ្ញា ផន នីដា ហៅ ស្រីខួច និងអតីតជាម្ចាស់ជយលាភីលេខ ១ នៅក្នុងកម្មវិធីរ៉ុកស្ដាររូបនេះ ទំនងជាមានបញ្ហារកាំរកូសនឹងផលិតកម្មហង្សមាសទេដឹង ព្រោះថាមួយរយៈពេលចុងក្រោយនេះ នាងហាក់ដូចជាមិនសូវមានបទចម្រៀងចេញមកបំពេអារម្មណ៍ប្រិយមិត្តខ្លួនសោះ ហើយក៏ឧស្សាហ៍បង្ហើរសារបែបខូចចិត្តខូចអារម្មណ៍ប្រាប់មហាជនឲ្យដឹងផងដែរ។
តារាចម្រៀងដែលមានទឹកដមទាក់ទាញជាងសម្រស់នាង ផន ស្រីខួច ក៏បានអះអាងតាមរយៈការឆ្លើយឆ្លងជាសារជាមួយភ្នំពេញប៉ុស្តិ៍បញ្ជាក់រឿងសារ ដែលនាងបានផូស្តនោះថា៖ «អូ!តាមពិតទៅនោះគ្រាន់តែធម្មតា ដែលនាងខ្ញុំបង្ហោះលេងតែប៉ុណ្ណោះ។ នាងខ្ញុំមិនមានបញ្ហាអ្វីឡើយ!»។
ចំពោះព័ត៌មានបែបជារឿងចចាមអារ៉ាមថា តារាស្រីរូបនេះ កំពុងតែមានការខកចិត្តខូចអារម្មណ៍ជាមួយនឹងផលិតកម្មហង្សមាសដូចដែលបានលើកឡើងខាងលើនោះ កញ្ញា ផន ស្រីខួច បានបន្តថា៖ «ហាហា!តើអ្នកណាទៅថាដូច្នោះ? តាមពិតទៅការងារសិល្បៈរបស់នាងខ្ញុំ ជាមួយផលិតកម្មគឺល្អខ្លាំងណាស់គ្មានបញ្ហានោះទេ!»។
គួរកត់សម្គាល់ថា តារាចម្រៀងស្រីរូបនេះ ក៏ត្រូវបានមជ្ឈដ្ឋាន ជាអ្នកនិយមគាំទ្រវិស័យសិល្បៈចម្រៀងបានលើកឡើងថា តាំងពីប្តូរទ្រនំមកជ្រកក្រោមដំបូលផលិតកម្មធំហង្សមាសមកនោះឃើញថា នាងក៏មានចេញបទចម្រៀងកាយវិការក្នុងវ៉ុលថ្មីៗមិនសូវលស់ដែរទេ ដែលបង្ហាញពីភាពលេចធ្លោរបស់នាងមួយកម្រិតទៀតសម្រាប់ការឈានមកចូលទ្រនំថ្មីនេះ។
ចំពោះបញ្ហាស្នេហាវិញគេក៏សង្កេតឃើញថា តារាស្រីរូបនេះ ក៏មិនដែលមានការលេចឮជាព័ត៌មានបែកធ្លាយអ្វីខ្លាំងដែរ។ តែក្រៅពីមោទនភាព តារាចម្រៀងចំណូលថ្មីផលិតកម្មហង្សមាសកញ្ញា ផន នីដា ហៅ ផន ស្រីខួច រីកចិត្តរីកថ្លើមនោះ នាងក៏ធ្លាប់ពើបប្រទះនឹងរឿងបរាជ័យក្នុង សេចក្តីស្នេហា ដែលប្រជែងចាញ់ជាមួយនឹងពិធីការិនី សូដានីតា នាកាលពីច្រើនឆ្នាំកន្លងមកនោះ៕