Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ផ្សារ​បណ្ដែត​ទឹក​វៀតណាម ​បន្ត​ដង្ហើម​អាស្រ័យ​ទៅ​លើ​ទេសចរ

Content image - Phnom Penh Post
ផ្សារ​បណ្ដែត​ទឹក​របស់​វៀតណាម ដែល​ប្រឈម​នឹងការ​បាត់បង់​ព្រោះ​ប្រជាជន​រត់ឡើង​គោក​​។ AFP

ផ្សារ​បណ្ដែត​ទឹក​វៀតណាម ​បន្ត​ដង្ហើម​អាស្រ័យ​ទៅ​លើ​ទេសចរ

ក្រុងហាណូយ: ស្ថិត​នៅ​ទី​ដែល​ធ្លាប់​ជា​ប្រជុំជន​លក់ដូរ​ដ៏​កុះករ​នៅ​លើ​ផ្សារ​បណ្ដែត​ទឹក​សៃរ៉ាង របស់​វៀតណាម ជាង​ជួសជុល​ម៉ាស៊ីន​លើ​ដង​ទន្លេ​ពេល​នេះ អាច​រក​ចំណូល​តែ​ប៉ុន្មាន​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ភាព​ទំនើប​កម្ម បាន​ជំរុញ​អ្នកជំនួញ​រំកិល​ឡើង​គោក​អស់។

ដិតដាម​ដោយ​ធូលី​ដី​ស្រោប​ជិត​ផ្ទះ​បណ្ដែត​ទឹក​លោក ង្វៀង វ៉ាន់អ៊ុត បាន​និយាយ​ថា អាជីវករ​នៅ​ទីនេះ បាន​បោះបង់​ទូក​របស់​ពួកគេ ស្វែងរក​អាជីព​ថ្មី​នៅ​លើ​ដីគោក​ហើយ។

ជាង​ជួសជុល​ម៉ាស៊ីន​ទូក​អាយុ ៧១ ឆ្នាំ​រូបនេះ បាន​ត្អូញ​ថា៖ «ពេល​នេះ ខ្ញុំ​អត់​សូវ​មាន​ម៉ូយ​ទេ។ កាល​ពីមុន កាក់កប​ដែរ តែ​បច្ចុប្បន្ន គេ​ចោល​ទូក​រត់ឡើង​លើ​គោក​ទៅ​ជា​ម៉ូតូ​ឡាន​វិញ​អស់ហើយ»។

ធ្លាប់​ជា​ផ្សារ​ប្រវែង ២ គីឡូម៉ែត្រ ផ្សារ​រាត្រី សៃរ៉ាង សព្វថ្ងៃ​មាន​ទូក​តែ​ជាង ៣០០ គ្រឿង​ដែល​ថយ​ពី​ចំនួន ៥៥០ គ្រឿង​កាល​ពី​ឆ្នាំ ២០០៥។ នេះ​បើ​យោង​តាម​ការិយាល័យ​ទេសចរណ៍​ក្នុង​ស្រុក។

សូម្បី​អ្នក​អាស្រ័យ​ចំណូល​បន្ថែម​ពី​សេវាកម្ម​ភ្ញៀវទេសចរ​ដែល​នាំគ្នា​មក​កម្សាន្ដ​លើ​ផ្សារ​បណ្ដែត​ទឹក ក៏​ពួកគេ​ចង់​កែប្រែ​របៀប​របប​រស់នៅ​មក​លើ​គោក ដោយ​មាន​ផ្ទះ​ស្អាត​ជាង​មុន ការងារ​ប្រសើរ​ជាង​មុន និង​ភាព​ស៊ីវិល័យ​ជាង​មុន​ដែរ។

អ្នកស្រី ង្វៀង ធីហុងធួយ ចាប់ផ្ដើម​ធ្វើការ​ងារ​នៅ​លើ​ទឹក​តាំងពី​តូច ដូច​អ្នក​ម្ដាយ និង​ជីដូន តែ​អ្នកស្រី​មិន​ចង់​ឲ្យ​កូនស្រី​បន្ដវេន​ដូច្នេះ​ទៀត​ទេ។

ស្ដ្រី​អាយុ ៣៤ ឆ្នាំ រូបនេះ បាន​ថ្លែង​ពេល​ម្ដាយ​ចំណាស់​សម្រាក​លើ​អង្រឹង​ក្នុង​ផ្ទះ​ក្រាល​ពេញ​ដោយ​ម្សៅ​ក្ដួច​ថា៖ «ថ្ងៃ​មុខ​ខ្ញុំ​នឹង​ឲ្យ​កូន​ស្រី​រស់​នៅ​លើ​គោក ទើប​គាត់​អាច​រៀនសូត្រ មាន​ការងារ​ល្អ​ជាង​នេះ»។

Content image - Phnom Penh Post
ចំនួន​ទូក​បាន​ថយ​ចុះពី ៥៥០ មក​ត្រឹម​តែ​ជាង ៣០០​ទូក​។ AFP

យុវជន​វៀតណាម ដែល​មាន​ចំនួន​លើស​ពាក់កណ្ដាល​ក្នុង​ចំណោម​ប្រជាជន​សរុប ៩៣ លាននាក់ ស្ថិត​ក្រោម​អាយុ ៣០ ឆ្នាំ ច្រើន​មាន​ឆន្ទៈ​មក​ធ្វើការ​ក្នុង​ទីក្រុង​ដ៏រីក​ចម្រើន។

ដើម​កំណើត​ផ្សារ​បណ្ដែត​ទឹក​សៃ​រ៉ាង មាន​ប្រវត្ដិ​តាំង​ពី​វៀតណាម កម្ពុជា និង​ឡាវ គ្រប់គ្រង​ដោយ​អាណានិគម​បារាំង ក្រោម​ឈ្មោះ​ឥណ្ឌូចិន។

លោក ង្វៀង ធីហួញ​ភួង ជា​សាស្ដ្រាចារ្យ នៅ​សាកល​វិទ្យាល័យ​ខានធូ ដែល​ស្រាវជ្រាវ​ពី​ប្រវត្ដិផ្សារ​បណ្ដែត​ទឹក បាន​ថ្លែង​ថា៖ «អាជ្ញាធរ​មូលដ្ឋាន​ព្យាយាម​អភិរក្ស​ផ្សារ​បណ្ដែត​ទឹក​ដើម្បី​ថែរក្សា​វប្បធម៌ និង​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ»។

ភាព​ឆើត​ឆាយ របស់​វា បាន​ទាក់ទាញ​ភ្ញៀវ​រាប់​លាន​នាក់​រៀងរាល់​ឆ្នាំ​មក​ទិញ​គុយទាវ​ហ្វឺ ផ្លែឈើ និង​កាហ្វេ​ពី​អាជីវករ​ផ្សារ​បណ្ដែត​ទឹក៕

Content image - Phnom Penh Post
អ្នក​រស់​លើ​ទឹក​ប្រាថ្នា​ចង់​ឲ្យ​កូនចៅ​បាន​មក​នៅ​លើ​គោក​។ AFP

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ