ភ្នំពេញៈ តារា​ចម្រៀង​ស្រី​កំពូល​នៅ​ទ្រនំ​ហង្សមាស កញ្ញា ឱក សុគន្ធ​កញ្ញា កាល​ពី​រាត្រី​ដ៏​រីករាយ​ពេល​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​ចាស់ ២០១៧ ចូល​ឆ្នាំ​ថ្មី ២០១៨ កន្លង​ផុត​ទៅ​ថ្មីៗ​នេះ ត្រូវ​បាន​មហាជន​ស្ងើច​សរ​សើរ​ផង និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ផង​ទៅ​នឹង​គ្រឿង​អលង្ការ​របស់​តារា​ស្រី​រូបនេះ​ហ៊ាន​ពាក់​ឡើង​ឆាក ដែល​មាន​តម្លៃ​ជាង ២ ម៉ឺន ដុល្លារ ឯណោះ។

ជាមួយ​នឹង​ឈុត មាន​អាវ​រោម​សត្វ​ពណ៌​ស បួងសក់​ឡើងលើ​ផុត ហើយ​មាន​ពាក់​ខ្សែក ក្រវិល​មួយ​គូ និង​ចិញ្ចៀន ដែល​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​យូរ​នៅ​លើ​ទ្រនំ​ហង្ស​មាស កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ពាក់​នោះ ត្រូវ​ផុស​ចេញ​នៅ​តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម ខណៈ​ថៅកែ​ស្រី​ហាង​លក់​គ្រឿង​អលង្ការ​ដ៏​ល្បី​មួយ​បាន​បង្ហោះ​រូប​តារា​ស្រី អម​ដោយ​រូប​គ្រឿង​អលង្ការ​មួយ​ឈុត ដែល​នាង​បាន​ពាក់​នោះ​មាន​តម្លៃ​កប់​តែម្តង​គឺ​ចំនួន​សរុប ២១ ៧០០ ដុល្លារ​ឯណោះ។

លើស​ពី​នោះ​ម្ចាស់​ហាង​លក់​គ្រឿង​អលង្ការ​ខាងលើ​ក៏បាន​សរសេរ​សារ​ថ្លៃង​អំណរគុណ​ផង​ដែរ​ថា៖ «ជូន​ចំពោះ​អតិថិជន​របស់ ហាង​លក់​គ្រឿង​អលង្ការ សេង ចិន្តា ទាំងអស់​ជា​ទី​គោរព រៀងរាល់​ថ្ងៃ​អាទិត្យ​ហាង​យើង​ខ្ញុំ មិន​បើក​ដំណើរការ​ទេ (ឈប់​សម្រាក​មួយថ្ងៃ) អាស្រ័យ​ដូច​បាន​ជម្រាប​ខាង​លើ​នេះ សូម​អតិថិជន​ទាំងអស់​មេត្តា​អធ្យាស្រ័យ​ដោយ​អនុគ្រោះ​ផង»។

កុំថាឡើយ មានការ​ភ្ញាក់​ពី​សំណាក់​មហាជន​ចំពោះ​តម្លៃ​នៃ​គ្រឿង​អលង្ការ​របស់​តារា​ចម្រៀង​ស្រី​ដ៏ល្បី​នៅ​ហង្សមាស ដែល​ទើប​តែ​ទទួល​បាន​ងារ​ថ្មី​ក្នុង​សង្គម​ក្លាយជា Super Women ពីកម្មវិធី Yes I can រូបនេះ សូម្បីតែ​ពិភព​នៃ​អ្នក​សិល្បៈ​រួម​ទ្រនំ​ជាមួយ​គ្នា​ក៏មាន​ការ​ស្ងើច​សរសើរ​ដែរ​គឺ​តារា​ចម្រៀង​ប្រុស​សម្បូរ​ទេពកោសល្យ​រ៉េប​លោក ងួន ចាន់​ដេវីត ក៏​លាន់​មាត់​ទាំង​សំឡេង និង​សារ​យ៉ាងខ្លី​តែ​មាន​ន័យ​ជ្រៅ​បង្ហាញ​ពី​ការ​កោត​សរសើរ​ការ​ចំណាយ​ប្រាក់​ដ៏ច្រើន​លើ​គ្រឿង​អលង្ការ​របស់ កញ្ញា ឱក សុគន្ធ​កញ្ញា ថា៖ «នោះ!កប់​ហ្មង»។

យ៉ាងណា​មិនមាន​ការ​បកស្រាយ​ពី​សំណាក់​តារា​ចម្រៀង​ស្រី​ល្បី​បាន​យូរ ដែល​រក្សា​នូវ​កិត្តិស័ព្ទ​លើ​វិថី​សិល្បៈ​ចម្រៀង និង​ទទួល​បាន​ឱកាស​ល្អៗ​ជាច្រើន​បន្ថែម​រក​ប្រាក់​ចំណូល និង​បាន​ក្លាយជា​គ្រូបង្វឹក​នៃ​កម្មវិធី The Voice Cambodia ៣ រដូវកាល កម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី ១ និង​កម្មវិធី The Cambodian Idol បី​រដូវកាល កញ្ញា ឱក សុគន្ធ កញ្ញា នោះ​ឡើយ ដោយសារ​លេខ​ទូរស័ព្ទ​របស់​នាង​ដែល​ធ្លាប់​ប្រើ​ត្រូវ​នាង​ឲ្យ​ទៅ​ប្អូនស្រី​ប្រើ​វិញ។

នាពេល​ថ្មីៗ​កន្លង​មក​នេះ​ក៏មាន​ការ​ល្បី​ដែរ​ថា គេ​បាន​ប្រទះ​ឃើញ​តារា​ចម្រៀង​ប្រុស​ស្រី​លំដាប់​កំពូល ២ ដួង​នៅ​ផលិតកម្ម​ហង្សមាស​គឺ​លោក ឆន សុវណ្ណរាជ និង​កញ្ញា ឱក សុគន្ធ​កញ្ញា ដឹកដៃ​គ្នា​ទៅ​ទិញ​ផ្ទះ​វីឡា​ទោល​យ៉ាង​ល្អ​ប្រណីត​ម្នាក់​មួយ នៅ​ក្នុង​បុរី​ចតុមុខ​ស៊ីធី ដែល​មាន​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ ឯណោះ ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ដែល​មាន​ចម្ងាយ ១ គីឡូម៉ែត្រ ពី​គម្រោង​ស្ពាន​ថ្មី ជ្រោយ​ចង្វារ​ស្វាយជ្រំ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​សាជាថ្មី​ម្តង​ទៀត ក្រោយ​ពី​ពួកគេ​បាន​ស្ងប់​នូវ​រឿង​បង្ហោះ​រូបថត​បែប​ស្និទ្ធ​ជាមួយ​គ្នា​មក​នោះ​ទាំង​នៅ​ក្នុង​វិស័យ​សិល្បៈ និង​ក្រៅ​សិល្បៈ៕