ភ្នំពេញៈ បណ្តំនៃស្នាដៃគំនូរបែបអរូបីមានចំនួន ១៣ ផ្ទាំង ក្រោមប្រធានបទ «ចងចាំ» របស់វិចិត្រករខ្មែរជើងចាស់ ដែលទទួលបានពានរង្វាន់កិត្តិយសតំណាងខ្មែរលោក ឈឹម សុធី ពីកម្មវិធី The CMLTV Contemporary Art Awards 2016 លើកដំបូង នៅប្រទេសថៃ ដាក់បង្ហាញនៅឯវិចិត្រសាលនៃសណ្ឋាគារ Great Duke អតីតមានឈ្មោះថា សណ្ឋាគារ InterContinental Hotel មានរយៈពេល ១ ខែ ដោយចាប់ផ្តើមតាំងពីល្ងាចថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ មកម្ល៉េះ។
លោក ឈឹម សុធី ឲ្យដឹង ពីអត្ថន័យនៃការដាក់តាំងពិព័រណ៍គំនូរ ដែលមានប្រធានបទថា ចងចាំនោះថា៖ «មកពីខ្ញុំគិតថា ស្នាដៃគំនូរខ្ញុំទាំងនេះ បានកើតឡើងចេញពីការចងចាំក្នុងខួរក្បាលរបស់ខ្ញុំទៅតាមសម័យកាល ដែលខ្ញុំបានឆ្លងកាត់ក្នុងជីវិតពីក្មេងរហូតដល់បច្ចុប្បន្ននេះ។ ស្នាដៃទាំង ១៣ ផ្ទាំងនេះ សុទ្ធតែជាគំនូរអរូបីទាំងអស់ ហើយលើកនេះខ្ញុំសុំរៀបចំតែម្នាក់ឯង។ មូលហេតុដែលប្រើជាគំនូរអរូបី ដោយយល់ថា ពេលបច្ចុប្បន្ន ទាំងវិចិត្រករខ្មែរ និងអ្នកមើលអាចស្វែងយល់ពីទម្រង់មួយនេះខ្លះៗហើយ និងចង់ឲ្យមានការអភិវឌ្ឍការគិត និងការមើលផ្ទាំងគំនូររបស់បងប្អូនខ្មែរយើងដូចជាជនបរទេសផងដែរ»។
វិចិត្រករបុរាណ និងសហសម័យ វ័យ ៥០ ឆ្នាំ ក៏បានប្រាប់ពីតម្លៃ និងទំហំផ្ទាំងគំនូរឲ្យដឹងដែរថា៖ «សម្រាប់តម្លៃផ្ទាំងទាំង ១៣ នេះ គឺសុទ្ធតែមានខ្នាតធំ ដែលមានប្រវែងជិត ២ ម៉ែត្រឯណោះ ខណៈតម្លៃលក់ វិញទាបបំផុតចាប់ពី ៧០០ ដុល្លារ និងតម្លៃខ្ពស់បំផុតដល់ ២០០០ ដុល្លារ»។
គួរបញ្ជាក់ថា លោក ឈឺម សុធី វ័យ ៥០ ឆ្នាំ ជាវិចិត្រករខ្មែរមួយរូបក្នុងចំណោមវិចិត្រករឆ្នើម ៣ រូបបានពានរង្វាន់ពីកម្មវិធី The CMLTV Contemporary Art Awards 2016 លើកដំបូង ដែលរៀបចំដោយសាកលវិទ្យាល័យមហាសារ៉ាខាំ នៃប្រទេសថៃ។
លោកបានពាន Honored Artist Award ហើយលោក សួស្តិ៍ សុដាវី វិចិត្រវ័យ ៦១ ឆ្នាំ បានពាន Venerable Artist Award និងអ្នកនាង ឆន ឌីណា វ័យ ៣២ ឆ្នាំ បានពាន Young Artist Award៕