Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ពិព័រណ៍​អាពាហ៍ពិពាហ៍​​ លើកទីំ ២ ធ្វើ​នៅ​កោះពេជ្រ

Content image - Phnom Penh Post
ឈុត​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​កូន​កំលោះ​កូន​ក្រមុំ ស្លៀក​នៅថ្ងៃ​ពិសេស​របស់ខ្លួន​​។ អនុស្សា

ពិព័រណ៍​អាពាហ៍ពិពាហ៍​​ លើកទីំ ២ ធ្វើ​នៅ​កោះពេជ្រ

ភ្នំពេញៈ ពិព័រណ៍​អាពាហ៍ពិពាហ៍​លើកទី ២ នឹង​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ថ្ងៃទី ២២-២៣ ខែ​កក្កដា ឆ្នាំ ២០១៧ ខាង​មុខនេះ ចាប់ផ្តើម​ពីម៉ោង ៨ ព្រឹក បន្ត​រហូត​ទៅដល់​ម៉ោង ៩ យប់។

ចំពោះ​កម្មវិធី​ពិព័រណ៍​ដ៏ធំ​ប្រចាំ​ឆ្នាំ​មាន​ចំនួន​ពីរថ្ងៃ​នេះ មានការ​បង្ហាញ​ពីទម្រង់​សិល្បៈ​ប្រពៃណី ជាច្រើន​ចែក​ជូន​ទៅអ្នក​ចូលរួម​ទស្សនា​ដូចជា​ដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​បែប​ប្រពៃណី សម័យ​ទំនើប និង​បុរាណ របស់​កូន​កំលោះ និង​កូនក្រមុំ នៅ​ថ្ងៃ​ពិសេស​ប្រចាំ​ជីវិត​ពួកគេ​គឺថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ព្រមទាំង​មាន​តាំង​បង្ហាញ​សម្លៀក​បំពាក់ សម្រាប់​ចូលរួម​ក្នុង​ពិធី​មង្គលការ​ទៀត​ផងដែរ។

លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អនុស្សា​ដែល​រៀបចំ​ពិព័រណ៍​នេះ បានឲ្យ​ដឹងថា៖ «ការរៀបចំ​អាពាហ៍ពិពាហ៍ គឺជា​រឿង​ដែល​គ្រប់គ្នា​សឹងតែ​ចៀស​មិនរួច ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ដែល​អ្នកមាន​គម្រោង​រៀបការ​ទាំងអស់ មានការ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ថ្ងៃ​ពិសេស​របស់​ខ្លួន​នេះ។

ពិព័រណ៍​អាពាហ៍ពិពាហ៍​នេះ បង្កើត​ឡើង​ដើម្បី​ផ្តល់ភាព​ងាយស្រួល​ទៅដល់​អនាគត ជាគូ​ស្វាមីភរិយា​ដែល​កំពុង​រៀបចំ​មង្គលការ​នៅ​ក្នុងការ​ជ្រើសរើស​អ្នកផ្គត់ផ្គង់​សម្ភារ​សម្លៀក​បំពាក់ សម្អាងការ​តុបតែង​ថតរូប​ពិធីការ​ផ្សេងៗ​ឲ្យ​ទទួល​បាននូវ​មង្គល​មួយ​ដ៏អស្ចារ្យ កាត់បន្ថយ​ពេលវេលា និង​ចំណេញ​ថវិកា​ទៀតផង។

លោក បន្តថា៖ «លើស​ពីនេះ​ក៏មាន​ការសម្តែង​កម្មវិធី​សំខាន់​មួយ​ចំនួន​ដែរ​ក្នុង​កម្មពិធី​រៀបមង្គលការ​ដូចជា ពិធី​ចូល​ម្លប់ សម្តែង​របាំ​ជូនពរ របាំ​សហសម័យ និង​ការប្រគំ​ភ្លេង​បែប​ប្រពៃណី។ អ្នកចូលរួម​ទាំងអស់​នឹងអាច​ប្រមូល​បាន​នូវ​គំនិត​ល្អៗ ស្តីពីការ​រៀប​មង្គលការ​យល់ដឹង​ពីរបៀប​ក្នុងការ​ជ្រើសរើស​សម្ភារ និង​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​មង្គលការ បាន​ការ​ប្រឹក្សា​នូវ​យោបល់​ពីការ​ដេគ័រ​ឆាក ការតុបតែង​កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​ការដេគ័រ​ផ្កា​នៅ​មុខ​ខ្លោងទ្វារ​ចូល​ជាដើម​ផងដែរ»។

Content image - Phnom Penh Post
ឈុត​បុរស​សង្ហា​ជូនផ្កា​គូស្នេហ៍​សុំ​រៀបការ​។ អនុស្សា

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនុស្សា បន្ថែម​ទៀត​ថា៖ «ដៃគូ​ស្វាមី និង​ភរិយា​ទាំងអស់ គួរតែ​មាន​រៀបចំ​គម្រោង​ថវិកា ដ៏​វៃឆ្លាត​មួយ​សម្រាប់​ថ្ងៃ​មង្គល របស់គេ​ជាជាង​ចំណាយ​ខ្ជះខ្ជាយ។ សន្សំ​លុយ​ទុក​រៀបចំ​គ្រួសារ ក្រោយ​ពេល​រៀបការ ឲ្យបាន​ច្រើន​ដើម្បី​ធ្វើការ​វិនិយោគ​ទៅ​លើ​ផ្ទះ ដី និង​ការបង្កើន​ប្រាក់​ចំណូល​ផ្សេងៗ ដែល​អាច​នាំឲ្យ​គ្រួសារ​ថ្មី​បាន ឈាន​ទៅរក​ត្រើយ​សុភមង្គល​ដ៏ល្អ​មួយ​ក្នុង​រយៈពេល​វែង​មួយ​មិនខាន​នោះ​ឡើយ»។

ចំពោះ​កម្មវិធី​នេះ​បាន​រៀបចំ​ដោយ​អនុស្សា គាំទ្រ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ឧបត្ថម្ភ​ធំ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ CBL និង​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន Star Auto Cambodia។

បន្ថែម​ពីនេះ​ទៀត អ្នកចូលរួម​នឹង​បាន​ឆ្នោត​ផ្សង​សំណាង​ដែល​មាន​ឱកាស​ទទួល​បាន​រង្វាន់​ជាច្រើន​ពី​ក្រុមហ៊ុន​ដែល​ចូលរួម និង​ជំរុញ​ឲ្យ​អ្នកមាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​ទទួល​បាន​ចំណេះដឹង​ពីការ​ជ្រើសរើស អ្នកផ្គត់ផ្គង់​សម្ភារ មង្គលការ ពី​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍​រៀបការ​ដែល​ពាក់ព័ន្ធ ប្រមាណ ៥០ ក្រុមហ៊ុន៕

0

Comments

Please, login or register to post a comment