ភ្នំពេញៈ ជីវិត​នេះ​កើត​មក មិន​មែន​ដើម្បី​បាន​លុយ ឬ​បាន​អ្វី​ដទៃ​ទៀត​នោះ​ទេ តាម​ពិត​ជីវិត​កើត​មក​ចៀស​មិន​ផុត​ពី​ស្លាប់​ឡើយ ប្រៀប​ដូចជា​ស្លឹក​ឈើ ប៉ុន្តែ​ប្រយោជន៍​ខ្លឹមសារ​នៃ​ការ​បរិភោគ​អាហារ បន្ត​ការ​រស់​មួយ​ថ្ងៃៗ​នោះ​គឺ​ព្រោះ​តែ​ស្វែងរក​ការ​មិន​ស្លាប់​ពិត​ប្រាកដ​មួយ បើ​មិន​ដូច្នេះ​ទេ វា​មិន​ខុស​អ្វី​អំពី​ការ​ដែល​មនុស្ស​ល្ងង់ ខំប្រឹង​ដង​ទឹក​ដាក់​ពាង​ធ្លុះ​នោះ​ឡើយ គឺ​វា​បា​នតែ​ការ​នឿយ​ហត់​អត់​ប្រយោជន៍។

មិន​ដែល​មាន​អ្នកណា​ទៅ​ឆោតល្ងង់ ដោយ​បាន​ខំ​ប្រឹង​ដឹក​ជញ្ជូន​ពន្លឺ​ថ្ងៃ​ទុក​ក្នុង​ផ្ទះ សម្រាប់​បំភ្លឺ​ពេល​យប់​ទៀត​នោះ​ទេ ព្រោះ​ថា​មិន​អាច​នោះ​ឡើយ តែ​ដល់​ពេល​យប់​គឺ​វា​ងងឹត​ហើយ យ៉ាងណា​មិញ ការងារ​ដែល​គេ​ធ្វើ​នៅ​ពេល​មាន​ជីវិត​រស់នៅ​គេ​មិន​ធ្វើ​ដើម្បី​សេចក្ដី​ស្លាប់​នោះ​ទេ។ តែ​គេ​ធ្វើ​ដើម្បី​ខ្លួន​ឲ្យ​រួច​អំពី​ជីវិត​នេះ តែង​តែ​កើត​ស្លាប់​នោះ​ឯង ខណៈ​ការ​ថែរក្សា​សម្បត្តិ​ទ្រព្យ សម្រាប់​ទំនុក​បម្រុង​ឲ្យ​ដល់​ជីវិត​គឺ​ការ​រស់​គឺ​ពិត​ជា​មាន​ប្រយោជន៍​ប្រាកដ​ណាស់ បើ​ជីវិត​នេះ​ជា​គ្រឿង​ទ្រទ្រង់​សេចក្ដី​ល្អ​ជា​កុសល​នោះ។

បើតាម​សម្រង់​សម្តី​ចេញ​ពី​សៀវភៅ​មាន​ចំណង​ជើង​ថា «មនុស្ស និង​ការងារ » ដោយ ៥០០០ ឆ្នាំ បាន​បរិយាយ​ពី​ជំពូក​មិត្ត ដែល​នាំ​មក​នូវ​ឧបការៈ​បួន​យ៉ាង សម្រាប់​រក្សា​សម្បត្តិ​ជា​មិត្តភាព​ក្នុង​សង្គម។

សម្រង់​សម្តី​ចេញពី​សៀវភៅ ដដែល​បាន​ឲ្យ​ដឹង​នូវ​ប្រភេទ​ឧបការៈ​បួន​យ៉ាង​ថា៖ «ចំណុច​ទី ១-ព្រះពុទ្ធ​សម្តែង​ថា «បមត្តំ រក្ខតិ» គឺ​ការ​រក្សា​មិត្ត​ដែល​ធ្វេស​ប្រហែស មនុស្ស​យើង​មាន​ការ​ប្រមាថ ពោល​គឺ​ការ​បាត់បង់​សតិ​ជា​រឿយៗ​រហូត​ដល់​ទៅ​មាន​ពេល​ខ្លះ​ហ៊ាន​បរិភោគ​ទឹក​ស្រវឹង បន្ថែម​ឲ្យ​ខ្លួនឯង​ដែល​មាន​សតិ​ទន់​ខ្សោយ​ស្រាប់​ទៅ​ហើយ​នោះ ឲ្យ​រឹង​រឹត​តែ​បាត់បង់​ស្មារតី លែង​ដឹង​ខុស​ត្រូវ​អ្វី​ទាំងអស់​ទៀតផង។ ក្នុងការ​ប្រមាថ​បែប​នេះ មិត្ត​មាន​ឧបការៈ រមែង​ជួយ​រក្សា​ការពារ ព្រោះ​ថា​បុគ្គល​អ្នក​ប្រមាថ​មិន​អាច​រក្សា​ខ្លួន​ឯង​បាន​ឡើយ ដូច្នេះ​ទើប​យើង​ត្រូវ​មាន​នូវ​មិត្ត​ល្អ មិត្ត​មាន​ឧបការៈ។ ទី២ ព្រះអង្គ​សម្តែង​ថា «បមត្តស្ស សាបតេយ្យំ រក្ខតិ» គឺ​ការ​រក្សា​សម្បត្តិ​របស់​មិត្ត​ដែល​ធ្វេស​ប្រហែស មិត្ត​មាន​នូវ​ឧបការៈ បាន​គិតថា សម្លាញ់​របស់​យើង​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ មាន​ការ​ធ្វេស​ប្រហែស​ចោល​ផ្ទះ​សំបែង ទ្រព្យសម្បត្តិ​ទីកន្លែង ម្លោះ​ហើយ​របស់​នោះ វា​អាច​បាត់បង់​ទៅ​ដោយ​ប្រការ​ផ្សេងៗ​បាន។ លុះ​គិត​ដូច្នេះ​ហើយ ក៏​ទៅ​កាន់​ផ្ទះ​សំបែង ដើម្បី​គយគន់​ឬ​ឃ្លាំចាំ​មើល​ថែរក្សា​នូវ​ផ្ទះសំបែង ឬ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​ទាំងពួង​នោះ»។

ចំណែកឯ​ចំណុច​ទី ៣ ព្រះសម្មាសម្ពុទ្ធ​សម្តែង​ថា៖ « ភីតស្សបដិសរ​ណំ ហោតិ គឺជា​ទីពឹង​ពំនាក់​ជាក់​ប្រាកដ ចំពោះ​មិត្ត​នៅ​ពេល​មាន​ភ័យ ឬ វិបត្តិ​ភ័យ​ព្រួយ​អំពី​រឿង​អ្វីមួយ មិត្ត​ដែល​មាន​ឧបការៈ​បាន​ពោល​ដូច្នេះ​ថា មិត្ត​ឯង​កុំ​ភ័យ កុំ​ព្រួយ​អ្វី​ឡើយ កាល​បើ​សម្លាញ់​ដូចជា​រូបខ្ញុំ​នេះ​នៅ​រស់ មិត្តឯង​កុំ​ខ្លាច​ឲ្យ​សោះ ហើយ​ក៏​ជួយ​ដោះស្រាយ​កម្ចាត់​បង់​នូវ​ភយន្តរាយ​នោះ​បាន។ ចំណុច​ទី ៤ ព្រះអង្គ​សម្តែង​ថា «ឧប្បន្នេសុកិច្ចេសុ ករណី​យេសុ តទ្ទិគុណំ ភោគំ អនុប្បទេតិ» កាល​បើ​កិច្ច​ដែល​ត្រូវ​ធ្វើ កើត​ឡើង​ហើយ តែង​ជួយ​ផ្លូវ​នូវ​ភោគៈ​ជា​ទ្វិគុណ ជាង​ទ្រព្យ​ដែល​មិត្ត​ត្រូវការ បើ​មិត្ត​ត្រូវការ​មួយរយ​ដើម្បី​ដោះស្រាយ​បញ្ហា ក៏​ពោល​ទៅ​មិត្ត​សម្លាញ់​នោះ​ថា សម្លាញ់​អើយ ១០០ វា​មិន​គ្រប់គ្រាន់​ទេ កិច្ចការ​ហ្នឹង​នោះ ចូល​សម្លាញ់​យក ២០០ ទៅ ដើម្បី​កុំ​ឲ្យ​វា​ផុត​ផើយ ហើយ​ក៏​បាន​ឲ្យ​ទៅ​ដោយ​ចិត្ត​ស្មោះត្រង់។ នេះ​គឺជា​លក្ខណៈ​មិត្ត​ដែល​មាន​ការ​នាំ​មក​នូវ​អ្វី​ជា​ឧបការៈ»៕