ភ្នំពេញៈ ខណៈ​សម្ព័ន្ធភាព​ស្នេហ៍​កាន់​តែ​មាន​ភាព​ផ្អែមល្ហែម ដោយ​សារ​ជួប​ម្ចាស់​បេះដូង​ត្រូវចិត្ត​ត្រូវ​ថ្លើម​គ្នា​រវាង​បុរស​រូប​រាង​សង្ហា​ជា​តារា​សម្តែង ឆឹម សក្កដា និង​អ្នកនាង ពេជ្រ សោភា ហ៊ាន​បណ្តើរ​គ្នា​ជា​សាធារណៈ និង​ទើប​តែ​បាន​ដឹក​ដៃ​គ្នា​ទៅ​សម្តែង​កម្មវិធី​សិល្បៈ​មួយ​កន្លង​មក​នៅ​ប្រទេស​កូរ៉េ និង​ថត​កុន​ជាមួយ​គ្នា​ទៀត​ផង​នោះ ក៏​ស្រាប់​តែ​ប្រទះ​ឃើញ​សារ​ចម្លែក​មួយ​ពី​តារា​ចម្រៀង​ស្រី​កំពូល​នៅ​លើ​ទ្រនំ​ហង្សមាស បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន។

តារាចម្រៀង​ស្រី​ដ៏ល្បី​ឈ្មោះ​យូរ​លើ​វិស័យ​ចម្រៀង និង​មាន​ប្រវត្តិ​ធ្លាប់​ជា​អ្នក​កម្សត់​លក់​អំពៅ​សាង អ្នកនាង ពេជ្រ សោភា បាន​បង្ហោះ​សារ​តាម​អ៊ីនស្តាក្រាម​ថា៖ «ហាហា​សាំម៉ង់!កុំ​គិត​ពី​ខ្ញុំ​ច្រើន​ពេក វា​អាច​ធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្បាល​ដល់​ក្បាល​ក្តៅ​ចឹង នាំ​ឲ្យ​អា Filler ដែល​ចាក់​ឲ្យ​មុខ​ស្អាត​នឹង វារ​លាយ​ខាត​លុយ​ណា​យីស!»។

រំពេច​នោះ​ក៏បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ងឿង​ឆ្ងល់​នឹង​សារ​យ៉ាង​ខ្លាំង ក៏​នាំគ្នា​លើក​ឡើង​មក​ជជែក​ដេញ​ដោល​បង្កើត​ជា​សំណួរ​ថា៖ «ពីរ​នាក់​នឹង​ដូចជា​ទើប​បាន​ត្រូវ​ចិត្ត​គ្នា​សោះ តែ​ឥឡូវ​នេះ​ពួកគេ​កំពុង​តែ​មាន​រឿង​អ្វី​កើត​ឡើង​ទៅ បាន​ជា​ឃើញ​នាង ពេជ្រ សោភា បង្ហោះ​សារ​ចម្លែក​បែប​ដូច្នោះ?»។

ពី​ចម្លើយ​បកស្រាយ​យ៉ាង​ងាយ​ពី​សំណាក់​តារា​ចម្រៀង​ស្រី​អ្នក​នាង ពេជ្រ សោភា ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ឲ្យ​ដឹង ខណៈ​ពេល​គូស្នេហ៍​ដែល​ទើប​តែ​បាន​យល់​ចិត្ត​ថ្លើម​គ្នា​ថោ្មង​ថ្មី​ថា៖ «គ្មាន​រឿង​អ្វី​កើត​ឡើង​រវាង​យើង​ទាំងពីរ​នោះ​ទេ។ តាម​ពិត​ទៅ​សារ ដែល​នាង​ខ្ញុំ បាន​បង្ហោះ​នោះ​គឺ​គ្រាន់​តែ​ជាការ​ឌឺដង​ដាក់​គ្នា​លេង​ទេ​តើ​បង ដោយសារ​តែ តា​ដា [ ឆឹម សក្កដា] គាត់​តែង​តែ​បារម្ភ​ពី​ខ្ញុំ ហើយ​គិត​ច្រើន​អ៊ីចឹង​ចង់​តប​វិញ​ថា កុំ​គិត​ច្រើន​ពេក​អី​ខ្ញុំ»។

ចំពោះ សម្ព័ន្ធ​ស្នេហ៍ រវាង​តារា​ចម្រៀង​ស្រី ពេជ្រ សោភា និង​តារា​សម្តែង​ប្រុស​លោក ឆឹម សក្កដា នា​មួយ​រយៈពេល​ចុងក្រោយ​នេះ មាន​ភាព​ល្អូក​ល្អិន​នឹង​គ្នា​ខ្លាំង​ណាស់ គឺ​ក្រោយ​ពី​នាំគ្នា​ថត​កុន​ភាគ​មួយ​ឲ្យ​ផលិតកម្ម​ហង្សមាស​នោះ ពេល​ថ្មីៗ​នេះ​អ្នកនាង ពេជ្រ សោភា ក៏​ធ្លាប់​បាន​សណ្តោង​នាំ​លោក ឆឹម សក្កដា អម​ដំណើរ​ទៅ​សម្តែង​ក្នុង​កម្មវិធី​តន្ត្រី​សប្បុរសធម៌​នៅ​ប្រទេស​កូរ៉េ ដើម្បី​ជួយ​ប្រមូល​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​ទៅ​កន្លង​មក​ផង​ដែរ។

ខណៈដំណើរ​ទៅ​សម្តែង​តន្ត្រី​សប្បុរសធម៌​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក៏មាន​តារា​ប្រុស​រួម​ទ្រនំ​ហង្សមាស មាន​មុខមាត់​ដូចជា​តារា​ចម្រៀង​កូរ៉េ​គឺ​លោក Step និង​មាន​តារា​ចម្រៀង ២ ដួង​ទៀត របស់​ផលិតកម្ម​សាន់ដេ គឺមាន​កញ្ញា សុខ ពិសី និង​កំលោះ​ជា​តារា​កំប្លែង​ផង ចម្រៀង​ផង ទើប​ឡើង​កូដ​គឺ​នាយ ចឺម ព្រមទាំង​មាន​ក្រុម​រាំ​ផ្ទាល់​ខ្លួន​របស់​អ្នក​នាង ពេជ្រ សោភា។

បញ្ជាក់ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នាពេល​កំពុង​នាំគ្នា​ទៅ​ថតកុន​ឲ្យ​ហង្សមាស អ្នកនាង ពេជ្រ សោភា បង្ហើប​ការ​ពិត​ថា៖ «ខ្ញុំ និង​គេ [សក្កដា] គឺ​ពិតជា​ត្រូវ​តែ​សម្តែង​កុន​ភាគ​ឲ្យ​ផលិតកម្ម​ហង្សមាស​មែន គឺ​យើង​ត្រូវគេ​តម្រូវ​ឲ្យ​យើង​ដើរ​តួ​ជា​គូស្នេហ៍​ដែល​មាន​វ័យចាស់​ទុំ​ចិត្ត​គំនិត​តែម្តង​ហ្នឹង​ណា!»៕