ក្រុង​អាក្រា: នៅ​ចាំ​គ្រូ​បង្រៀន​មក​ពី​ហ្គាណា ឈ្មោះ រីឆាត អាបព្យា អាកូតូ ដែល​ទើប​បង្ក​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ទឹក​ចិត្ដ​បង្រៀន​មេរៀន​កុំ​ព្យូទ័រ​ដល់​សិស្ស​ដោយ​ការ​គូរ​រូប​ និង​ មុខ​ងារ​កុំព្យូទ័រ​លើ​ក្ដា​រខៀន​បាន​ទេ?

ដោយ​កោត​ស្ញប់​ស្ញែង​នឹង​ទឹកចិត្ដ​ស្រឡាញ់​ការ​បង្រៀន មនុស្ស​ម្នា និង​ក្រុម​ហ៊ុន​ផ្សេង​ៗ​នា​គ្នា​ស្រាក់​ដៃ​គ្នា​បរិច្ចាគ​កុំព្យូទ័រ​យួរដៃ និង ​លើ​តុ​ដល់​សាលា​រៀន​ដែល​លោក​បង្រៀនឈ្មោះ Betenase M/A Junior High School នៅ​ក្រុង​សេគីឌូម៉ាស ភាគ​ខាង​ត្បូង​ប្រទេស​ហ្គាណា​។

ក្រុមហ៊ុន​ Microsoft បាន​សន្យា​ផ្ដល់​បរិក្ខា​សិក្សា​ ព្រមទាំង​ឲ្យ​លោក​ចូល​ប្រើ​កម្មវិធី Microsoft Certified Educator Program (MCE) ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ខ្លួន​ឯង​ផង​ដែរ​។

ជាមួយ​បទពិសោធ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​ទៅកាន់​ប្រទេស​ សិង្ហបុរី ដើម្បី​ចូលរួម​សន្និសីទ​ លោក អាកូតូ បាន​រៀប​រាប់​ប្រាប់​អំពី​ដំណើរ​រឿង​នៅ​ស្រុក​កំណើត​។

លោក​ត្រូវបាន​ដក​ស្រង់​សម្ដី​ថា​៖ «​ខ្ញុំ​ចង់​បង្រៀន​សិស្ស​ពី​មេរៀន​ Microsoft Words តែ​ខ្ញុំ​គ្មាន​កុំព្យូទ័រ​សម្រាប់​បង្ហាញ​ពួកគេ​។ ខ្ញុំ​ត្រូវ​រិះ​រក​វិធី​ល្អ​បំផុត ដូច្នេះ ខ្ញុំ​ក៏​គូរ​រូប​អេក្រង់​កុំព្យូទ័រ​លើ​ក្ដា​រខៀន​តែ​ម្ដង​»។

លោក​បន្ដ​ថា​៖ «​ខ្ញុំ​តែងតែ​ធ្វើ​បែប​នេះ​ពេល​បង្រៀន​មុខ​វិជ្ជា​កុំព្យូទ័រ។ ខ្ញុំ​គូរ​រូប​អេក្រង់​កុំព្យូទ័រ ប្រព័ន្ធ​ប្រើ​ប្រាស់​ ក្ដា​រចុច ម៉ោស​ មុខ​ងារ​លើ​អេក្រង់​ជាដើម​។ សិស្ស​ហាក់​ដូច​ជា​ចាប់​មេរៀន​នេះ​បាន​»។

អាស៊ីស គូម៉ារ ជា​អ្នក​គ្រប់​គ្រង​មជ្ឈមណ្ឌល NIIT បាន​ប្រាប់ CNN ថា​៖ «​យើង​ពិត​ជា​ស្ញប់​ស្ញែង​ចំពោះ​ទឹកចិត្ដ​គ្រូ​ម្នាក់​នេះ​ណាស់ ដែល​យើង​បាន​សម្រេច​ជួយ​ឧបត្ថម្ភ​សាលា​ទៅតាម​លទ្ធភាព​»។

លោក អាកូតូ បាន​បង្ហោះ​រូប​ភាព​ថ្មី​ៗលើ​ហ្វេសប៊ុក​។ លោក​ក៏​បាន​បង្ហាញ​អារម្មណ៍​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​អ្នក​មាន​ចិត្ដ​ធម៌​ដែល​រមែង​ជួយ​ដល់​សាលារៀន និង​សិស្ស​៕ HR