ភ្នំពេញៈ ខណៈដែល​តារា​ប្រុស​ស្រី​នៅ​ទ្រនំ​សិល្បៈ​ផ្សេងៗ កំពុង​តែ​ប្រជែង​គ្នា​ចង់​បាន​កេរ្តិ៍​ឈ្មោះ​បន្ថែម​ដោយ​ខំ​ឆក់​យក​ឱកាស​លើ​វិស័យ​ចម្រៀង​ផង និង​វិស័យ​សម្តែង​កុន​ផង​នោះ បែរ​ជា​តារា​ចម្រៀង​ស្រី​ឈរ​ជួរ​មុខ​គេ​នៃ​ផលិតកម្ម​ថោន មាស សុខសោភា ព្រលយ​ពាក្យ​លេច​ឮជា​ព័ត៌មាន​ថា នាង​មិន​ចង់​ក្លាយ​ជា​តួកុន​អ្វី​ទេ​គឺ​ចូលចិត្ត​វិស័យ​ចម្រៀង​ជាង។

ខណៈ​ថ្មីៗ​នេះ​ក៏មាន​រលក​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​បណ្តា​ប្រិយមិត្ត គាំទ្រ​របស់​កំពូល​តារា​ចម្រៀង​ស្រី​លើ​ទ្រនំ​ផលិតកម្ម​ថោន អ្នកនាង មាស សុខ​សោភា ទើប​តែ​បាន​ភាយ​ចេញ​ម្តង​ទៀត ក្រោយ​ពី​ចេញ​បទ​ចម្រៀង​ថ្មី​ប្លែកៗ​ជា​ច្រើន​ជាង​កាល​ពី​ដើម​ឆ្នាំ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ ខណៈ​ក៏មាន​ការ​លេច​ចេញ​ជា​ពាក្យ​ពេចន៍​លើក​ឡើង​ថា ទំនង​ខ្លាច​នាង​ត្រូវ​បាន​ផលិតកម្ម​ធំ​ណាមួយ​ចែចូវ​យក​បាត់។

តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់ និង​និយម​ច្រៀង​តែ​បទ​បែប​អូរីជីណល អ្នកនាង មាស សុខសោភា បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នូវ​ការ​ពិត ខណៈ​ពេល​បកស្រាយ​ចម្ងល់​មហាជន​ភ្ញាក់​នឹង​ការ​ចេញ​ស្ទីល​រាំ និង​បទ​ចម្រៀង​ថ្មីៗ​ថា៖ «និយាយ​ទៅ​នាង​ខ្ញុំ រឿង​ថត​កុន​នេះ គឺ​ធ្លាប់​មាន​ក្រុមហ៊ុន ឬ​ផលិតកម្ម នានា ចង់​បាន​ឲ្យ​ទៅ​ថត​កុន​ជា​រឿយ។ ដោយសារ​នាង​ខ្ញុំ​មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការ​ថត​កុន​ផង និង​ធ្លាប់​បដិសេធ​មិន​ទទួល​ថតកុន​ដែល​ពេញចិត្ត​ខ្លួន​ផង និង​សូម្បី​តែ​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​នៅ​ដដែល គឺថា​មិន​ចង់​ទទួល​ថត​កុន ប្រសិន​បើ​សាច់​រឿង​មិន​ត្រូវ​ចំណូល​ចិត្ត​ទេ​នោះ»។

តារាចម្រៀង​ស្រី ដែល​ទើបតែ​បាន​ពាន​ថ្មីៗ​ពី​ស្ថានីយ​វិទ្យុ NRG Radio ជាមួយ​នឹង​តារា​ចម្រៀង​ប្រុស​នៅ​សាន់ដេ លោក ឆាយ វីរៈយុទ្ធ និង​ក្រុម​ក្មេង​ខ្មែរ​ដែរ ក៏​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​មិន​ចង់​ក្លាយ​ជា​តួ​សម្តែង​ភាពយន្ត​ដែរ​ថា៖ «តាម​ពិត​នាង មាន​ចំណូល​ចិត្ត​ខាង​សិល្បៈ​ច្រៀង​នេះ​ខ្លាំង ដូច្នេះ​ខាង​វិស័យ​សម្តែង​កុន​មិន​សូវ​ចូលចិត្ត​ប៉ុន្មាន​ទេ»។

តែ​ក៏មិន​មានន័យ​ថា នាង​ខ្ញុំ​នឹង​មិន​ថតកុន​សម្រាប់​ពេលវេលា​តទៅ​ខាងមុខ​យ៉ាង​ណា​នៅ​ឡើយ​ដែរ។ តែ​គ្រាន់​តែ​មុន​នឹង​ទទួល​ថត​នាង​ខ្ញុំ​តែង​ជម្រាប​ប្រាប់​ដល់​ផលិតកម្ម​ដែល​ចង់​បាន​នាង​ខ្ញុំ​ថត​កុន​នោះ ថា​ចង់​ដឹង​សាច់​រឿង​ជាមុន​ព្រោះ​ថា ប្រសិនបើ​សាច់​រឿង​នោះ​មិន​ត្រូវ​ចំណូល​ចិត្ត​ទេ នាង​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ថត​ដែរ ហើយ​ម្យ៉ាង​ទៀត​កាល​ណា មិន​ត្រូវ​ចំណូល​នោះ ពេល​ថត​ទៅ​ក៏​មិន​សូវ​ល្អ​ដែរ នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​កម្រ​ទទួល​ថត​កុន​នោះ​នាពេល​កន្លង​មក»។

ដោយ​ឡែក​កាល​មុន​បន្តិច​នេះ កំពូល​តារា​ចម្រៀង​ស្រី​លើ​ទ្រនំ​ផលិតកម្ម​ថោន អ្នកនាង មាស សុខ​សោភា ក៏បាន​បកស្រាយ​រឿង​ដែល​បាន​ល្បី​ថា រូប​នាង និង​ផលិតកម្ម​កំពុង​តែ​មាន​រឿង​ល្អក់​កករ​ដែរ​ថា៖ «តាម​ពិត​ទៅ រវាង​ខ្ញុំ និង​ផលិតកម្ម​គឺ​មិន​មាន​អ្វី​អាក់​អន់​ចិត្ត​គ្នា​ដូច​ដែល​បងប្អូន​មហាជន​ជា​អ្នកគាំទ្រ​ធ្លាប់​បាន​កើត​នូវ​មន្ទិល​សង្ស័យ​នោះ​ទេ»។

នា​មួយ​រយៈពេល​ចុងក្រោយ​ដែល​នាង​ខ្ញុំ​មិន​សូវ​សម្បូរ​បទ​ចម្រៀង​នៅ​ផលិតកម្ម​ថោន នោះ​គឺ​មក​ពី​នាង​ខ្ញុំ​មិន​សូវ​មាន​ពេល​យក​បទ​មក​ច្រៀង និង​ដោយសារ​តែ​នាង​ខ្ញុំ​មិន​ចង់​ចេញ​បទ​ចម្រៀង​ជាច្រើន​ដែរ ហើយ​ម្យ៉ាង​វិញ​ទៀត ខាង​ផលិតកម្ម​ក៏​រវល់​នឹង​ការងារ​បង្កើត​ជា​ប៉ុស្តិ៍ ទូរទស្សន៍​ទៀត ដូច្នេះ​ការ​ផលិត​បទ​ថ្មីៗ សម្រាប់​ក្រុម​តារា​ចម្រៀង​ដ៏​ច្រើន​គឺថា​ពិតជា​មិន​ងាយ​ស្រួល​នោះ​ឡើយ»។

កាល​ដើមឆ្នាំ​បាន​លេច​ចេញ​នូវ​រលក​ព័ត៌មាន​ថា មាន​ការ​អាក់​អន់​ចិត្ត​របស់​ក្រុម​ប្រិយមិត្ត អ្នកគាំទ្រ​តារា​ចម្រៀង​ស្រី​សំនៀង​ដ៏​ពីរោះ​ស្រទន់ ដែល​តែង​តែ​បំពេ​អារម្មណ៍​អ្នក​ស្តាប់​ជា​ច្រើន​ឆ្នាំ​នៅ​លើ​ទ្រនំ​ផលិតកម្ម​ថោន កើត​ឡើង​ផ្ទួនៗ នៅ​ក្នុង​ឆ្នាំ ២០១៧ នេះ ក៏​ធ្លាប់​លេច​ចេញ​ដំណឹង​បែប​ខ្សឹប​ខ្សៀវ​ថា អ្នកនាង មាស សុខសោភា កំពុង​តែ​មាន​ភរិយា​របស់​អ្នកធំ បាន​មក​បញ្ចុះ​បញ្ចូល​នាង​ឲ្យ​ដូរ​ទ្រនំ ខណៈ​ទ្រនំ​ថ្មី​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ មាស សុខសោភា នេះ​ក៏​ទំនង​ជា​ផលិតកម្ម​ធំ​មួយ​នៅ​ក្នុង​ស្រុក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ប្រសិន​បើ​នាង​ចាក​ចេញ​ពី​ទ្រនំ​សព្វថ្ងៃ ហើយ​គេ​ក៏​ចង់​ចរចា​ផ្ដល់​នូវ​លក្ខខណ្ឌ​ជា​ច្រើន​ដល់​នាង​ទៀតផង​ឲ្យ​តែ​នាង​យល់​ព្រម៕