ភ្នំពេញ: មុន​នេះ​ក៏​ធ្លាប់​មាន​ដំណឹង​ថា តារា​ចម្រៀង​សំឡេង​ស្រទន់ ជ្រក​ក្រោម​ដំបូល​ទ្រនំ​ផលិតកម្ម​ថោន កញ្ញា មាស សុខសោភា ត្រៀម​វេច​បង្វេច​រើ​កញ្ជើ​ចូល​ទៅ​ជ្រក​ទ្រនំ​ហង្សមាស​ម្តង​រួច​ហើយ។

ជាថ្មី​ស្រប​ពេលដែល​តារា​ចម្រៀង​ជាច្រើន​ក៏​ជញ្ជូន​ជើង​គ្នា​រត់​ចូល​ទ្រនំ​ហង្សមាស​នោះ ក៏​ល្បី​ទៀត​ថា ពេល​នេះ កញ្ញា មាស សុខសោភា ក៏​ជា​តារា​ចម្រៀង​ស្រី​មួយ​រូប​ដែល​ទ្រនំ​ហង្សមាស​សម្លឹង​ឃើញ​ប្រជា​ប្រិយ​ភាព​ខ្លាំង​ជាង​តារាច​ម្រៀង​ផ្សេង។

នៅ​រាត្រី​ថ្ងៃទី ១៤ ខែ​កុម្ភៈ​នេះ តារា​ចម្រៀង​ស្រី​ល្បី​ពហុ​សំឡេង ច្រៀង​បាន​ទាំង​សម័យ​និង​បុរាណ អ្នក​នាង​មាស សុខសោភា នឹង​ចេញ​ដំណើរ​ហោះ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​សម្ដែង​ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ដ្រី​អចលនទ្រព្យ​ដែល​មាន​ការ​សម្ដែង ២ លើក​នៅ​ថ្ងៃ​ទី ១៦ និង ១៧ កុម្ភៈ​ដោយ​រួម​ឆាក​សម្តែង​ជាមួយ តារា​ចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​ហង្សមាស លោក ខេមរៈ សិរីមន្ដ លោក ខេម លោក ប៉ែន ចំរ៉ុង លោក ឡេង ណាវ៉ាត្រា កញ្ញា យូរី និង​ក្រុម​តារា​ជា​ច្រើន​ទៀត។

ការ​ចេញទៅ​សម្ដែង​នៅក្រៅ​ប្រទេស​លើក​នេះ​គឺ​ចំពេល​ដែល​មាន​ការ​សង្ស័យ​ថា កញ្ញា មាស​សុខសោភា នឹង​ចូល​ផលិតកម្ម​រស្មីហង្សមាស​នាពេល​ខាង​មុខ​នេះ​ហើយ។ ក្នុងការ​សង្ស័យ​នេះ ក៏​មានការ​បង្ហើប​ពី​អ្នកសិល្បៈ​ថា៖ «ផលិតកម្ម​ធំ​នោះ​ចង់​បាន​សោភា ជា​ច្រើន​ឆ្នាំ​មកហើយ​ដែរ»។

តែ​យ៉ាងណា ដំណឹង​នេះ​ក៏ត្រូវ​តារា​ស្រី​ល្បី​មាន​សំឡេង​ស្រទន់ មាន​ស្រុក​កំណើត​ខេត្ត​កំពង់ស្ពឺ កញ្ញា មាស សុខ​សោភា​នៅ​ពេល​ដែល​អ្នក​កាសែត​ជជីក​សួរ​រឿង​រ៉ាវ​នេះ​នាង​បែរ​ជា​បាន​អះអាង​ក្នុង​ភាព​មុត​មាំ​ថា៖ «សម្រាប់ ខ្ញុំ​ចំពោះ​ព័ត៌មាន​ល្បី​យ៉ាង​ណា​ខ្ញុំ​មិន​ដឹង​ទេ តែ​ខ្ញុំ​ពេល​នេះ​នៅ​តែ​ជា អ្នក​ចម្រៀង​ថោន ដដែល​ទេ គ្មាន​គម្រោង​ទៅ​ចូល​ហង្សមាស​ឡើយ»។

បកស្រាយ​ពី​ភាព​ម៉ឺងម៉ាត់​នេះ​ទៀត តារា​ចម្រៀង​ស្រី​រូបនេះ​ក៏​ពោល​ឡើង​ទៀត​ថា៖ «ខ្ញុំ​ចង់​មាន​សេរីភាព​នៅ​ខាង​ក្រៅ​ជា​ជាង​ចូល​ទៅ​ក្នុង​កុងត្រា ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន ហើយ​ខ្ញុំ​នៅ​ផលិតកម្ម​ថោន​ក៏​មាន​ក្តីសុខ​ហើយ​ដែរ»។

ជាមួយគ្នា​នោះដែរ មាស សុខ​សោភា ក៏​បកស្រាយ​ផងដែរ នឹង​វត្តមាន​សម្តែង​ជាមួយ មិត្ត​ចាស់ លោក ខេមរៈ សិរីមន្ត ដែល​ពេល​នេះ ក្លាយជា​តារា​ចម្រៀង​ចំណូល​ថ្មី​នៅ​ផលិតកម្ម​ហង្សមាស ដោយ​នាង​ថា៖ «ការ​ជួប​នឹង​ច្រៀង​សម្តែង​ជាមួយ សិរីមន្ត ក៏​មិន​ពាក់ព័ន្ធ​នឹង​ដំណឹង​ល្បី​ចូល​ហង្សមាស​ដែរ។ សំខាន់​គឺ​ខ្ញុំ​នៅ​ចង់​មាន​សេរីភាព​សិល្បៈ​ដូច​សព្វថ្ងៃ»។

តារា​ស្រី​រូបនេះ ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ៖ «ការ​ជួប​គ្នា​រវាង​ខ្ញុំ និង​បង​សិរីមន្ត​នៅ​លើ​ឆាក​តន្ត្រី​នៅ​កូរ៉េ​នេះ​ក៏​រំពឹង​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​បងប្អូន​នៅ​ទីនោះ ព្រោះ​ថា បងប្អូន​ខ្មែរ​នៅ​កូរ៉េ​ក៏មាន​ចំនួន​ច្រើន ហើយ​ពួកគាត់​តែង​គាំទ្រ​អ្នក​សិល្បៈ​ខ្មែរ​យើង​ផងដែរ»៕