ភ្នំពេញៈ សូម្បីតែ​សាមីខ្លួន​ក៏​ភ្ញាក់ផ្អើល​ខ្លាំង​ដែរ​ពី​ដំណឹង​ចុះ​ផ្សាយ​តាម​បណ្តាញ​សង្គម​ថា តារា​ស្រី​មាន​ឈាម​ជ័រ​កូន​កាត់​ខ្មែរ-អាល្លឺម៉ង់​មាន​ឈ្មោះ​ពិត​ថា ខា​ហ្គឺម៉ៃយ៉ា សូរ៉ៃ​យ៉ាម៉ា​ថា ហៅ​កញ្ញា ម៉ៃយ៉ា ក្លាយ​ជា​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​តំណែង​រាជិនី​សម្រស់​បវរកញ្ញា​ចក្កវាឡ ឬ Miss Cambodia Beauty Pageant ឆ្នាំ ២០១៨ ជាមួយ​នឹង​បវរកញ្ញា​ពីរ​ប្រទេស​ទេស​គឺ​ថៃ និង​ហ្វីលីពីន។

ថ្លែង​ទាំង​នៅមាន​ភាព​ងឿង​ឆ្ងល់​នៅ​ឡើយ​នោះ កញ្ញា ម៉ៃយ៉ា ក៏​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «នាង​ខ្ញុំ​ផ្ទាល់​អត់​បាន​ដឹង​រឿង​នោះ​ទេ ហើយ​ខ្ញុំ​ក៏បាន​ឃើញ​គេ​ចុះ​ផ្សាយ​រឿង​នេះ​ដែរ។ ជា​ការ​ពិត​ខាង​គេហទំព័រ និង​ក្រុម​អ្នក​រៀបចំ​កម្មវិធី ក៏​មិន​ទាន់​បាន​ទាក់ទង​នាង​ខ្ញុំ​ដើម្បី​ចរចា ឬ​ពិភាក្សា​រឿង​បេក្ខភាព​ជា​អ្នក​តំណាង​របស់​ប្រទេស​ក្នុង​ពិភព​សិល្បៈ​បវរកញ្ញា​នោះ​នៅ​ឡើយ​ទេ»។

កញ្ញា ម៉ៃ​យ៉ា បន្ត​ថា៖ «នាពេល​ភ្លាមៗ​នេះ នាង​ខ្ញុំ​ពិតជា​មិន​អាច​ពណ៌នា ឬ​រៀបរាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួនឯង​ថា​យ៉ាង​ណា​បាន​នោះ​ទេ​ព្រោះ​មិន​ដឹង​ថា វា​ជា​ព័ត៌មាន​ពិត ឬ​មិន​ពិត​ផង​ហ្នឹង!»។

ពេល​សួរថា ប្រសិនបើ​ព័ត៌មាន​ពិត​ខណៈ​ពេល​ខាង​ក្រុម​ការងារ​ប្រកួត​ខាងលើ​នឹង​ទំនាក់​ទំនង​មក​កាន់​តារា​សម្តែង​ស្រី​រលក​ក្រោយ​នៅ​ក្នុង​វិថី​នៃ​សិល្បៈ​សម្តែង ដែល​កំពុង​តែ​មាន​រាសី​ឡើង​រូប​នោះ ថា​តើ​នាង​ពេញ​ចិត្ត​ធ្វើ​ដែរ​ឬ​ទេ?

តារា​សម្តែង​ស្រី ជា​ម៉ូដែល និង​ពិធី​ការិនី​ទូរទស្សន៍ CNC ទើប​តែ​មាន​វ័យ ២២ ឆ្នាំ មាន​រូប​ឆោម​ល្អ សាច់​សខ្ចី មាន​ទម្រង់​មុខ​ស្អាត កូន​កាត់​ជាតិ​សាសន៍​អាស៊ី-អឺរ៉ុប កញ្ញា ម៉ៃ​យ៉ា និង​ល្បី​ថា​សម្បូរ​ក្រុម​កន្លង់​ចោម​រោម​តាម​សុំ​ស្នេហ៍​មិន​តិច​ពី​លំដាប់​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​រហូតដល់​ឋានៈ​ជា​ឧកញ៉ា​បាន​ព្រលយ​ប្រាប់​ដែរ​ថា៖ «ប្រសិន​បើ មាន​មែន​នោះ នាង​ខ្ញុំ​អាច​នឹង​ពិចារណា ហើយ​ប្រសិន​មាន​ការ​គាំទ្រ​ពី​មហាជន​ខ្មែរ​យើង​ច្រើន​ផងដែរ​នោះ នាង​ខ្ញុំ​ប្រាកដ​ជា​យល់​ព្រម​ចូលរួម​មិន​ខាន​នោះ​ទេ»។

យ៉ាងណា​ចំពោះ​ការ​អះអាង​ថា​ហ៊ាន​ចូលរួម​ទៅ​តាម​សំណើ​ខាង​ក្រុម​ការងារ​រៀបចំ និង​ការ​ជំរុញ​ពី​មហាជន​នោះ កញ្ញា ម៉ៃយ៉ា ក៏​រៀង​បែបរ​អារ​ក្នុង​ចិត្ត​ដែរ ចំពោះ​បេក្ខភាព​សម្រាប់​ការ​ប្រកួត​ប្រជែង​រាជិនី​សម្រស់​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ ២០១៨ នោះ ដោយ​នាង​លើក​ឡើង​ថា៖ «ប្រសិនបើ​មាន​ការ​ទំនាក់​ទំនង​មក​ដើម្បី​ពិភាក្សា​នឹង​ខ្ញុំ គឺ​នាង​ខ្ញុំ​ក៏មាន​សំណូមពរ​ផ្ទាល់​ខ្លួន ទៅ​ដល់​ខាង​ក្រុម​ការងារ​រៀបចំ​នោះ​ដែរ។ ចំពោះ​ការងារ​ផ្នែក​សិល្បៈ​នាង​ខ្ញុំ​អាច​សម្រប​ខ្លួន​ធ្វើ​ទៅ​បាន​តាម​ស្ថានភាព និង​កាលៈ​ទេសៈ តែ​ពេល​ខ្លះ​ការ​ប្រកួត​ជា​លក្ខណៈ​បវរកញ្ញា​នេះ មាន​លក្ខខណ្ឌ​ច្រើន​ជាង​នេះ ដូច្នេះ​នាង​ខ្ញុំ​ក៏​មិន​ហ៊ាន​ថា ខ្លួនឯង​ពូកែ​គ្រប់​យ៉ាង​នោះ​ឡើយ»។

តែបើ​ពិនិត្យមើល​សារ​ដែល​បង្ហោះ​ដ៏វែង​អន្លាយ និង​មាន​ដាក់​រូប​បវរកញ្ញា​ពីរ​ប្រទេស​ដែល​មាន​សម្រស់​ស្រស់​ស្អាត និង​រូប​របស់​កញ្ញា ម៉ៃយ៉ា ដែរ​នោះ ហាក់​ដូចជា​មិន​បាន​បញ្ជាក់​ថា នាង​គឺជា​បេក្ខនារី​ជាប់​ក្នុងការ​ជ្រើសរើស​ជា​តំណាង​ឲ្យ​កម្ពុជា​ឡើយ។

សារ​នោះ​ថា៖ «ចំណែក​រូប​កណ្តាល​គឺ​រូប​តារា​បង្ហាញ​ម៉ូដ និង​សម្តែង​របស់​កម្ពុជា​គឺ ម៉ៃយ៉ា ដែល​ជា​កូន​ខ្មែរ​កាត់​អាល្លឺម៉ង់។ កម្ពុជា​ត្រូវការ​បេក្ខនារី ដែល​ក្រៅ​ពី​សមត្ថភាព​ដូច ប៊ី សុធារី គឺ​ត្រូវការ​បេក្ខនារី មាន​រូប​សម្រស់​ស្អាត​ដូចជា​នាង ម៉ៃ​យ៉ា ទើប​អាច​ប្រកួត​ប្រជែង​តំណែង​រាជិនី​សម្រស់​បវ​រកញ្ញា្ក​ចក្កវាឡ​នេះ​បាន»៕