ក្រុងស៊ីដនី: ក្លិប​ហែល​ទឹក​អូស្ដ្រាលី​មួយ​កំពុង​អំពាវនាវ​ដល់​ឆ្មាំ​សមុទ្រ​ឲ្យ​ព្យាយាម​ស្វែងរក​ប៉េងប៉ោង​ទាយក្ស Daphne ក្រោយ​ពី​វត្ថុ​នាំ​សំណាង​នេះ​ត្រូវបាន​រលក​បោក​បក់​ទៅ​កាន់​មហា​សមុទ្រ​ឥណ្ឌា ដែល​មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​កន្លែង​សំចត​របស់​វា។

ទា​ជ័រ ដែលជា​កម្មសិទ្ធិ​របស់ Cockburn Masters Swimming Club ត្រូវបាន​ប្រទះ​ឃើញ​ចុង​ក្រោយ​នៅ​ឆ្នេរ Coogee Beach ទីក្រុង​ភើត កាល​ពី​ព្រលឹម​ថ្ងៃ​ទី ១១ ខែ​មីនា។

ប្រធាន​ក្លិប ភេតធ័រ ម៉ារ បាន​និយាយ​ថា ទា​ខ្យល់ Daphne មាន​តម្លៃ ៦៩៥ ដុល្លារ ហើយ​លោក​ព្យាយាម​ហែល​តាម​ទា Daphne ដែល​មាន​ទំហំ​ប៉ុន​ផ្ទះ​ចល័ត តែ​វា​ត្រូវ​រលក​បោក​ទាញ​ទៅ​យ៉ាង​លឿន។

លោក​និយាយ​ថា៖ «ក្រោយ​ហែល​បាន ៥០ ម៉ែត្រ វា​អណ្ដែត​ទៅ​យ៉ាង​លឿន ទៅ​បាត់​ហើយ ខ្ញុំ​មិន​អាច​ហែល​តាម​ទាន់​ទេ»។

ក្លិប​ហែល​ទឹក បាន​បង្ហោះ​សេចក្ដី​អំពាវ​នាវ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សម្រាប់​អ្នក​ចង់​ចេញ​ស្វែងរក​បក្សី​យក្ស ដោយ​ភ្ជាប់​ជាមួយ​នូវ​ការ​ចូលរួម​ព្រឹត្ដិការណ៍​ឆ្នាំ​ក្រោយ​ឥត​គិត​ថ្លៃ ព្រមទាំង​វគ្គ​សិក្សា​ហែល​ទឹក​ផង​ដែរ។

ABC ផ្សាយ​ថា មាន​ពាក្យ​ចចាមអារ៉ាម​ថា ទា​យក្ស​នេះ​ទើរ​នៅ​ឆ្នេរ​ភាគ​ខាងលិច​ទីក្រុង ហ្គេរ៉ាល់តុន ចម្ងាយ ៤៤០ គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​ភើត៕