Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - យុគ ចិន្តា អរគុណ​តារា​ថៃ​នាង ផេនខេក ជួយ​ផ្សាយ​ពី​ម្ហូប​ខ្មែរ

Content image - Phnom Penh Post
អ្នកនាង យុគ ចិន្តា រំឭក​វីដេអូ ផេនខេក មក​ស្រុកខ្មែរ​។ ហ្វេសប៊ុក​

យុគ ចិន្តា អរគុណ​តារា​ថៃ​នាង ផេនខេក ជួយ​ផ្សាយ​ពី​ម្ហូប​ខ្មែរ

ភ្នំពេញ: ពិធីការិនី​ល្បី​ឈ្មោះ អ្នកនាង យុគ ចិន្តា ថ្មីៗ​នេះ​បាន​បង្ហោះ​សារ​ស្វាគមន៍​វត្តមាន​តារា​ភាពយន្ត​ថៃ កញ្ញា ផេនខេក ដោយ​ភ្ជាប់​នូវ​វីដេអូ​រំឭក​វត្តមាន​តារា​ស្រី​ប្រទេស​ជិតខាង​រូបនេះ ដែល​ធ្លាប់​មក​ភោជនីយដ្ឋាន​របស់​អ្នកនាង យុគ ចិន្តា កាល​ពី​អំឡុង​ចុង​ឆ្នាំ ២០១៦ កន្លង​មក។

វីដេអូ​បង្ហោះ​ពី​គណនី​អ៊ីនស្តាក្រាម​ផ្ទាល់​របស់​កញ្ញា ផេនខេក ដែល​មាន​អ្នកទស្សនា​តាម​បណ្ដាញ​អ៊ីនស្តាក្រាម​រាប់ម៉ឺន​នាក់​នោះ បាន​បង្ហាញ រូបភាព​តារា​សម្តែង និង​បង្ហាញ​ម៉ូដ​ថៃ​រាង​ខ្ពស់​ស្រឡះ​រូបនេះ ពី​ដំណើរ​មក​កាន់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ជនជាតិ​ខ្មែរ​ភ្ញាក់ផ្អើល​នោះ​គឺ​វីដេអូ​ឃ្លីប​ថ្លែង​អំណរគុណ​ដល់​អ្នកនាង យុគ ចិន្តា ដែល​ជា​ពិធីការិនី​ឆ្នើម​របស់​កម្ពុជា និង​ត្រូវ​បាន​អ្នកនាង ផេន ខេក ហៅថា បងស្រី​ពេញៗ​មាត់​តែម្ដង។

ក្នុង​វីដេអូ​នោះ​តារា​សម្តែង​និង​បង្ហាញ​ម៉ូដ​ថៃ​កញ្ញា ផេនខេក នាង​បាន​បង្ហាញ​ថា៖ «អរគុណ​ចំពោះ​អ្នកនាង យុគ ចិន្តា ដែល​បាន​បង្កើត​បរិយាកាស​ដ៏ស្និទ្ធស្នាល និង​មាន​អ្នកគាំទ្រ​ប្រមាណ ៦០ នាក់​បាន​ចូលរួម​ដែរ»។

ក្នុង​សារ​នោះ​កញ្ញា ផេនខេក បាន​សរសេរ​ថា៖ «អរគុណ​បងស្រី​យុគ ចិន្តា (គាត់​ជា​បងស្រី​ម្នាក់​ដែល​ល្អ​បំផុត) យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ការបង្កើត​កម្មវិធី​ជួប​ជុំគ្នា​ដ៏​ស្និទ្ធស្នាល និង​ទទួល​ស្វាគមន៍​ខ្ញុំ​នៅ​រាជធានីភ្នំពេញ»។

តែ​យ៉ាងណា​តារា​ភាពយន្ត​ជនជាតិ​ថៃ​រូបនេះ​មិន​បាន​បង្ហាញ​ឲ្យ​អស់​ចម្ងល់​ថា រវាង​កញ្ញា និង​អ្នកនាង យុគ ចិន្តា ត្រូវជា​អ្វី​នឹងគ្នា​ហើយ​ភាព​ស្និទ្ធស្នាល​នេះ​មាន​តាំង​ពី​ពេល​ណា​នោះ​ដែរ ក្រៅ​ពីនេះ​នាង ផេន ខេក ក៏​អរគុណ​ផងដែរ​ចំពោះ​អ្នកគាំទ្រ​នៅ​កម្ពុជា​ដែល​ធ្វើ​ឲ្យ​នាង​មាន​ភាព​កក់ក្តៅ​គ្រប់ពេល​ដែល​នាង​មក​កម្ពុជា ហើយ​នាង​ក៏បាន​សរសេរ ឃ្លា​ចុងក្រោយ​ថា «ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំងអស់​គ្នា»។

អ្នកនាង យុគ ចិន្តា បាន​យក​វីដេអូ​តារា​សម្ដែង​ថៃ កញ្ញា ផេនខេក ដែល​បាន​បង្ហោះ​តាំង​ពី​ចុងឆ្នាំ មក​រំឭក​បង្ហាញ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​អ្នកនាង​ម្ដង​ទៀត ជាមួយ​សារ​ស្វាគមន៍​វត្តមាន​កញ្ញា ផេនខេក ជាថ្មី។

អ្នកនាង យុគ ចិន្តា បាន​សរសេរ​ថា៖ «ស្វាគមន៍​តារា​ល្បី​ប្រចាំ​ប្រទេស​ថៃ​កញ្ញា ផេនខេក សម្រាប់​ការជ្រើសរើស​ភោជនីយដ្ឋាន ស្លឹក​ឈូក របស់​នាង​ខ្ញុំ​ជាមួយ​នឹង​កម្មវិធី​ពិសេស»។

សាទរ​ដំណើរ​មក​ភ្លក្ស​រសជាតិ​អាហារ​ខ្មែរ​នៅ​ភោជនីយដ្ឋាន​ស្លឹក​ឈូក ថៅកែ​ភោជនីយដ្ឋាន​អ្នកនាង យុគ ចិន្តា ក៏បាន​ឲ្យដឹង​ថា៖ «ពួកយើង​មិនមាន​អ្វី​នឹងគ្នា​ទេ​ក្រៅ​ពី​ស្គាល់គ្នា​ជា​តារា​ដូចគ្នា​យើង​ក៏បាន​រាប់អាន​គ្នា​ហើយ​គាប់​ជួន​ដំណើរ​គាត់​ចុះមក​កម្សាន្ត​លេង​កម្ពុជា​គាត់​ក៏មក​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន ស្លឹក​ឈូក នេះ ដែល​ជា​អាហារ​ខ្មែរ​ល្បី​អ៊ីចឹង​ទៅ»។

បន្ទរ​នឹង​សម្ដី​ដែល​ថា​សប្បាយចិត្ត​បាន​តារា​ជា​ជាតិ​សាសន៍​ដទៃ និង​ល្បី​បាន​មក​កម្សាន្ត​កម្ពុជា​ហើយ​បាន​មក​ភ្លក្ស​រសជាតិ​អាហារ​នៅ​ក្នុង​ហាង និង​បាន​គេស្គាល់​ច្រើន​គាត់​ទៅ​ប្រទេស​គាត់​បើ​គាត់​គិតថា អាហារ​នៅ​ស្លឹក​ឈូក​ឆ្ងាញ់​គាត់​ក៏នឹង​ប្រាប់​មិត្តភក្ដិ​គាត់​បន្ត»៕

0

Comments

Please, login or register to post a comment