Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - យុត្ថារ៉ា ឆានី រាសី​ឡើង​ភ្លាម​ទើប​ប្រកាស​មាន​កូន ៨ នាក់

Content image - Phnom Penh Post
លោក ឆានី រៀបរាប់​​ពីកូន ៨ នាក់​។ ហ្វេសប៊ុក​

យុត្ថារ៉ា ឆានី រាសី​ឡើង​ភ្លាម​ទើប​ប្រកាស​មាន​កូន ៨ នាក់

ភ្នំពេញ: ក្រោយ​ភាព​ស្ងប់ស្ងាត់​នឹង​ជីវិត​សិល្បៈ ទាំង​ចំណង​ស្នេហា​ក្រោម​ជីវិត​អាពាហ៍​ពិពាហ៍​ដ៏ចាស់​វស្សា​បង្កើត​បាន​កូន​ស្រី​មួយ​គ្រាប់ ក៏​រលត់​សូន្យ​ពី​អ្នកនាង ចន ច័ន្ទលក្ខិណា​នោះ លោក យុត្ថារ៉ា ឆានី ក៏ល្បី​ថា​មិន​បាន​ដឹកដៃ​ក្រាប​ផ្ទឹម​នឹង​នារី​ណា​ដើម្បី​កំដរ​ជីវិត​ទៅ​ថ្ងៃ​អនាគត​ដែរ។ ប៉ុន្តែ​ភ្ញាក់ផ្អើល​ពីភាព​ស្ងប់ស្ងាត់​នោះ តារា​ភាពយន្ត​ជើង​ចាស់​រូបនេះ ថ្មីៗ​នេះ​ស្រាប់​តែ​បង្ហាញ​ថា បច្ចុប្បន្ន​លោក​មាន​កូន​សរុប​ទាំងអស់​ដល់​ទៅ ២ ដំប​ទៅ​វិញ។

គួររំឭក​ថា ក្រោយ​ចំណង​ជីវិត​អាពាហ៍​ពិពាហ៍​ត្រូវ​រលត់​យ៉ាង​ត្រជាក់​ល្ហឹម ប្រពន្ធ​សំណព្វ​ចិត្ត​អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ទៅ​មានគូ​ថ្មី​បណ្តើរ​ធ្វើហី​ដោយ​បើក​ចំហ​នោះ លោក យុត្ថារ៉ា ឆានី ដែល​អះអាង​ថា «ពួកយើង​បែកគ្នា​មែន តែនៅ​រាប់​អាន​គ្នា​ធម្មតា ទៅ​មក​លេង​កូន​ក្នុង​ភាព​រីករាយ​ឪពុក​ម្តាយ​កូន» នោះ លោក​ក៏ត្រូវ​បាន​បណ្តាញ​សង្គម​ហែក​ទម្លាយ​អាស្រូវ​ថា លោកជា​អ្នកបង្ក​ឲ្យ​ភរិយា​មាន​កូន​មួយ អ្នកនាង ចន ច័ន្ទលក្ខិណា ដាច់​ចិត្ត​មុន ខណៈ​អតីត​ភរិយា​ក៏បង្ហើប​ដែរ​ថា អ្នកនាង​មិនចង់​គាស់​កកាយ​ទេ​រឿង​ប្តី ទុក​ឲ្យ​មហាជន​គិត​ទៅ​ថា «គាត់​ល្អឬ​អាក្រក់ ប៉ុន្តែ​មិនមែន​មនុស្ស​ស្រី​ងាយៗ​នឹង​សម្រេចចិត្ត​ចែក​ផ្លូវ​ទេ តែ​មកពី​អស់​ពេល​អត់​ទ្រាំ បាន​ជាមាន​ពេល​នេះ»។

ខណៈពេល​ដែល​លោក យុត្ថារ៉ា ឆានី បែរ​ជា​ស្ងាត់ៗ​ចេញ​មក​អះអាង​ថា ខ្លួន​មាន​កូន​សរុប​ចំនួន​ដល់​ទៅ ៨នាក់ ទាំងការ​បង្ហាញ​រូប​មួយៗ ដាក់​ទាំង​ត្រកូល ឆានី ទាំង ៨ នាក់ បូក​ទាំង​ក្មេងស្រី ដែល​គេ​ស្គាល់​ច្បាស់​ថា កូនរួម​តំណក់​ឈាម អ្នកនាង ចន ច័ន្ទលក្ខិណា នោះ​ម្នាក់​ទៀត។ ការបង្ហាញ​នេះ​ក៏ត្រូវ​បានគេ​គិត​ថា «ដោយសារ​លោក យុត្ថារ៉ា ឆានី ជា​មនុស្ស​អ៊ីចឹង ទើប​មាន​កូន​ច្រើន ដែល​មុន​នេះ គេ​ត្រឹមតែ​ដឹង​ថា លោក​មាន​កូនស្រី​ម្នាក់​ជាមួយ ចន ច័ន្ទ តែ​ប៉ុណ្ណោះ ចុះ​កូនៗ​ទាំង ៧ នាក់​នោះ លោក​លាក់​នៅ​ឯណា។ អ៊ីចឹង​ហើយ​បាន​ជា​ប្រពន្ធ​លែង»។

ជាមួយ​ការសន្និដ្ឋាន​នោះ អ្នក​ដែល​បង្ហាញ​ការងឿង​ឆ្ងល់​និង​លោក ឆា​នី ម៉េច​បាន​ជា​ស្ងាត់ៗ មក​គាស់​កកាយ​ថា​ខ្លួន​មាន​កូន​ច្រើន​ដល់​ម្លឹ​ង​នោះ ពួកគេ​ក៏​លាន់មាត់​ទៀត​ថា «ដោយសារ​ឆានី គាត់​មាន​ចិត្ត​មិន​ស្មោះ​អ៊ីចឹង​ទេ​ដឹងបាន ជា​បែក​គ្នា ទើប​អស់​ផ្លូវ​ផ្សះផ្សា ក៏បង្ហាញ​ឲ្យគេ​ដឹង​តែម្តង​ទៅ»។

ក្មេងប្រុស​ស្រី​ដែល​មាន​រូបរាង​ធំ​តូច​រមៀល​ក្រូច​នឹង​គ្នា និង​ក្នុង​ទម្រង់​មុខមាត់​ស្រដៀង​នឹង​មុខ​មាត់​លោក យុត្ថារ៉ា ឆានី នោះ ក៏ត្រូវ​បាន​លោក​បង្ហាញការ​បកស្រាយ​ថា៖ «ពួកគេ​ទាំង ៨ នាក់​ពិត​ណាស់ ជាកូន​របស់ខ្ញុំ។ ពួកគេ​ទាំងអស់​ហៅ​ខ្ញុំ​ថា ប៉ាៗ ដែល​ខ្ញុំ​ក៏ពេញ​ចិត្ត​នឹង​សំឡេង​ក្មេង​ប្រុស​ស្រី​ទាំង​នេះ​ហៅ​ប៉ាៗ​ដែរ គឺ​មិនមែន​ចង់​បិទបាំង​អីទេ»។

ព្រម​នឹងការ​បង្ហាញ​នូវ​ទឹកចិត្ត​ធ្វើជា​ឪពុក​ក្មេង ៨ នាក់ ទាំង​មិន​បាន​បង្ហាញ​ប្រវត្តិ​ស្នេហា​ថ្មី ក្រោយ​ភរិយា​ពេញ​ក្របខ័ណ្ឌ​ប្រពៃណី លែង​លះ​នោះ លោក​ក៏បាន​បញ្ជាក់​ថា៖ «បងប្អូន​មិន​បាច់​ឆ្ងល់​ហើយ​ក៏កុំ​អាល​ស្តីបន្ទោស​ខ្ញុំ ដែល​ខ្ញុំបង្ហាញ​ថា ខ្ញុំ​មានកូន​ទាំងអស់ ៨ នាក់​នោះ​អី»។

លោក​ពន្យល់​ថា៖ «កាល​ពី​ប៉ុន្មាន​ខែ​មុន​បងប្រុស​ខ្ញុំ​ស្លាប់ ពេល​នេះ ខ្ញុំ​ក៏បាន​ប្រកាស​ហើយ​ថា ខ្ញុំ​ស្រឡាញ់​ក្មួយ​ខ្ញុំ​កំព្រា​ឪពុក​នោះ​ដូចជា​កូន​បង្កើត»។ លោក ឆានី បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា៖ «ដោយសារ​ក្តី​អាណិត​ស្រឡាញ់ និងការ​ទទួល​ខុសត្រូវ​ដែល​ខ្ញុំបាន​ប្រកាស​តាំងចិត្ត​នោះ ទើបខ្ញុំ​បង្ហាញ​សារ​លើក​ទឹកចិត្ត​ក្មេង​ថា ពួកគេ​ខ្ញុំ​ទទួល​ទុក​ក្នុង​ចិត្ត​ជាកូន​ខ្ញុំ​ទាំងអស់»៕

0

Comments

Please, login or register to post a comment