ភ្នំពេញ: ព្រមនឹង​​ការចាប់​អារម្មណ៍​បទ​ចម្រៀង​ថ្មី​ «ទឹក​ហូរ​ក្រោម​ស្ពាន» ដែល​សមិទ្ធផល​​ស្វាគមន៍​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ខិត​ជិត​ចូល​ដល់​នោះ ម្ចាស់​បទ​ចម្រៀង​ កញ្ញា យូរី ក៏​ត្រូវ​បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ទៅ​នឹង​ចំណង​ជីវិត​​ឯកជន​ ខណៈ​​មជ្ឈដ្ឋាន​នានា​ក៏​ដឹង​ថា តារា​ចម្រៀង​ប្រុស​ល្បីថា ​ជា​គូស្នេហ៍​នាង​គឺ​ លោក ប៊ីមូ (BMO) បាន​បញ្ចេញ​រូប​សាក់​ឈ្មោះ កញ្ញា យូរី នៅ​នឹង​កញ្ចឹង ក។

ការ​បង្ហាញ​រូបភាព​សាក់​ឈ្មោះ​តារា​ចម្រៀង​ យូរី​ នៅ​កញ្ចឹងករ​របស់​តារា​ចម្រៀង ប៊ីម៉ូនេះ ក៏​ត្រូវបាន​អ្នក​គាំទ្រ​ពួក​ទាំង​ពីរ​លើក​ឡើង​ថា ​ជា​ការ​បង្ហាញ​ចំណង​ស្នេហ៍​តារា ១ គូ​នៅ​ក្រោម​ដំបូល​តែ​មួយ​នេះ ឲ្យ​មហាជន​កាន់​តែ​ដឹង​ជា​សាធារណៈ បន្ទាប់​ពី​អ្នក​ទាំង២​បាន​បែក​ធ្លាយ​ស្នេហា​ជាមួយ​គ្នា​ដែល​ទម្លាយ​ចេញ​ដោយ​អតីត​សង្សារ​ចាស់ យូរី លោក រ៉េត នោះ។

តារា​ចម្រៀង យូរី មួយ​រយៈ​ចុង​ក្រោយ​នេះ​ក៏​បាន​ប្រភព​ពី​អ្នក​គាំទ្រ​ជា​ច្រើន​ ពោល​ថា «ក្រោយ យូរី ត្រូវបាន​អតីត​សង្សារ​​ចាស់​ទម្លាយ​ពី​ទំនាក់​ទំនង​ស្នេហា​ថ្មី​ជាមួយ ប៊ីមូ មក​ទីផ្សារ​ការងារ​សិល្បៈ ហាក់​ចុះ​ខ្សោយ»។

ក្នុង​នោះ​ក៏​មាន​ការ​មតិ​លើកឡើង​បន្ត ខណៈ​ដែល​ដៃគូ​ចម្រៀង​ និង​ល្បី​ថា​ជា​សង្សា​ថ្មី​របស់​នាង​គឺ​ លោក ប៊ីមូ នោះ បែរ​ជា​ស្ងាត់ៗ​ទម្លាយ​រូប​សាក់​ឈ្មោះ យូរី នៅ​​នឹង​កញ្ចឹង ក។ ការ​​ទម្លាយ​ជាថ្មី​នេះ អាច​នឹង​ស្ទួយ​ប្រជាប្រិយ​ភាព​នាង​បាន​ឡើង​ខ្លាំង​ ព្រោះ​ថា វា​ស្រប​ពេល​ដែល​ ពួក​គេ​ទាំង​​ពីរ​ច្រៀង​រួម​គ្នា​ក្នុង​បទ​ «ទឹកហូក្រោមស្ពាន» ហើយ​​ក៏​ជា​បទ​ពេញ​និយម​ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ»។

តែយ៉ាងណា ជុំ​វិញ​​ការ​ទម្លាយ​រូប​សាក់ឈ្មោះ យូរី នៅ​នឹង​កញ្ចឹងក​ លោក ប៊ីមូ ដែលគេ​គ្រប់​គ្នាថា គឺជាចេតនា​បង្ហាញ​ពី​ភាពស្មគ្រស្មោះ ពីលោក ប៊ីមូ និង​ខ្លះថា ជាចេតនា​​​ ពួកគេធ្វើ​ឲ្យ​ផ្ទុះ​ក្នុង​ឱកាស​ច្រើន​ និង​សម្តែង​ក្នង​បទ​ចម្រៀងថ្មីនេះ មិនត្រូវបាន កញ្ញា យូរី មិនមានភាពក្លាហាន​បកស្រាយ​នោះ​ទេ ដោយ​នាងបាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ថា៖ «ជុំវិញ​រឿង​គាត់​​ទម្លាយ​រូបសាក់​ ឈ្មោះ​នៅ​លើកញ្ចឹងក​នោះ ខ្ញុំ​សូមមិន​បកស្រាយ​ទាំង​អស់ ហើយ​ពួកយើង​ក៏មិន​មា​នអ្វី​ប្លែក​​ដែរ​»។

យូរី ក៏​បាន​និយាយ​ទៀត​ថា៖ «បង​ជុំវិញ​រឿង​ជីវិត​ឯកជន​របស់​ខ្ញុំ​មួយ​នេះ សូម​មិន​មាន​ការ​បក​ស្រាយ​អ្វីទេ ។ តែ​បើ​និយាយ​ពី​ការងារ​សិល្បៈ​ខ្ញុំ​អាច​និយាយ​បាន»។

បន្ទរ​នឹង​សម្តី​ច្រាន​ចោល​ការ​បក​ស្រាយ​ពី​ជីវិត​ស្នេហា​ជាមួយ ប៊ីមូ ដែល​ល្បី​ស្រឡាញ់ យូរី ខ្លាំង​ហើយ​ដល់​ថ្នាក់​សាក់​ឈ្មោះ យូរី នៅ​កញ្ចឹងក​នោះ យូរី ក៏​បាន​ប្រាប់ថា៖​ «រាល់​ថ្ងៃ ខ្ញុំ​មិន​មាន​ពេល​គិត​​រឿង​ស្នេហា​ទេ ហើយ​ក៏​មិន​ទាន់​ចង់​គិត មិន​ទាន់​ចង់​និយាយ អ្វីដែល​​និយាយ​គឺ​ពេល​នេះ​ ខ្ញុំ​ត្រៀម​បទ​ចម្រៀង​ ចេញ​មុន​ចូល​ឆ្នាំ ហើយ​និង​ត្រៀម​រៀប​ចំ​ដំណើរ​ទៅ​ច្រៀង​នៅ​កូរ៉េ»។

យូរី បាន​បញ្ជាក់ថា៖ «រឿង​ស្នេហា​ទុក​មួយ​ឡែក គិត​រឿង​បំបែក​ទីផ្សារ​សិល្បៈ ទើប​វា​ប្រសើរ​ជាង។ បាន​ជា​ខ្ញុំ​មិន​មាន​ពេល​គិត គឺ​ឆាប់ៗ ខ្ញុំ​ឡើង​ទៅ​ច្រៀង​នៅ កូរ៉េ វិល​វិញ​ប្រឹង​សម្ងំ​ផលិត​បទ​ចម្រៀង​ថ្មី ព្រោះរដូវ​ចូល​ឆ្នាំ​ក៏​កាន់​តែ​ខិតជិត​ដែរ»៕