ភ្នំពេញៈ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រដ្ឋ​មន្ត្រី​ ម៉ាំល្ហុង​ លោក ម៉ៅ បូរ៉ា​ ដែល​ទើប​តែ​បាន​ប្រើ​រថយន្ត​កែច្នៃ​ថ្មី​មាន​ឡូហ្គោ​ខាង​មុខ​ម៉ាក​រ៉ុលរ៉យ​ ពណ៌​លឿង​ស្រស់ ខាង​ក្រោយ​មាន​កញ្ចក់​ថ្លា​សម្រាប់​ដាក់​ម៉ាំល្ហុង​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន​នោះ​ ឥឡូវ​លោក​ក៏​គ្រោង​ពង្រីក​មុខ​របរ​បន្ថែម​ទៀត ដើម្បី​ចង់​ឲ្យ​ឆាប់​បាន​សម្រេច​ក្តីប្រាថ្នា​ទិញ​ផ្ទះ​វីឡា​កូន​កាត់​តម្លៃ​ប្រមាណ​ជាង ៧ ម៉ឺន​ដុល្លារ។

ជា​មុខរបរ​បន្ត​ពី​ម្តាយ​មក​​ជាង ២០ ឆ្នាំ​ ​លោក ម៉ៅ បូរ៉ា បាន​លក់​ម៉ាំ​នៅ​​ក្រុង​ភ្នំពេញ​បាន​ជិត ១ ទសវត្សរ៍​ហើយ​។

បុរស​ជា​អ្នក​លក់​ម៉ាំល្ហុង​ ដែល​ធ្លាប់​បាន​ប្រើ​កង់ និង​ឈាន​ដល់​ម៉ូតូ​ជិះ​ឆ្វែល​ដឹក​ម៉ាំ ​ទៅ​លក់​នៅ​តាម​ទី​ប្រជុំជន​នានា​អម​ដោយ​ឧបករណ៍​បំពង​សំឡេង និង​តុប​តែង​កាយ​ពាក់​អាវ​ធំ​​កាលីប​ដូច​តារា​ល្បី បាន​អភិវឌ្ឍ​ខ្លួន​មួយ​កម្រិត​ទៀត​ជា​រថយន្ត​ប្រើ​គំនិត​កែច្នៃ​ថ្មី​កាន់​តែ​ទាក់ទាញ​ខ្លាំង​ជាង​មុន នៅ​ក្នុង​មុខ​របរ​ចាស់ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០០៨ មក។

ថ្មីៗនេះ​ លោក បូរ៉ា បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​បង្ហាញ​ពី​ក្តី​ប្រាថ្នា​ចង់​បាន​ផ្ទះ​នៃ​ក្ដី​ស្រមៃ​ថា​៖ «ខំ​ឡើង​ បូរ៉ា គោល​បំណង​ជិត​បាន​សម្រេច​ហើយ ២៤ ខែ​ទៀត បាន​ទៅ​នៅ​ហើយ។ អរគុណ​ បង​ប្អូន​ទាំង​អស់​គ្នា ដែល​បាន​ជួយ​ទិញ​ម៉ាំ​ខ្ញុំ​រាល់​ថ្ងៃ ទើប​ខ្ញុំ​បាន​ហូប​មក​ដល់​ថ្ងៃ​នេះ»។

លោក ម៉ៅ បូរ៉ា​ បង្ហើប​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ «ជា​ការ​ពិត​ណាស់​បង ខ្ញុំ​​ចង់​បាន​ផ្ទះ​ដូចជា​រូប​ដែល​ខ្ញុំ​បាន​បង្ហោះ​នោះ​មែន។​ វា​ជា​ផ្ទះ​វីឡា​កូន​កាត់​ខ្នាត​​តូច មាន​តម្លៃ​ប្រមាណ​ជាង ៧ ម៉ឺនដុល្លារនៃ​បុរី​ លឹម ឈាង​ហាក់​ នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត​ ដែល​ខ្ញុំ​បាន​ទៅ​កក់​ប្រាក់​យក​ឈ្មោះ​មួយ​កន្លែង​តាម​របៀប​បង់​បណ្តាក់​ជា​បណ្តើរៗ​ហើយ»។

ទន្ទឹម​នឹង​ការ​ពុះពារ​ចង់​បាន​ផ្ទះ​ផ្ទាល់​ខ្លួន​ ដែល​ផ្អែក​លើ​ប្រាក់​ចំណូល​បាន​ពី​របរ​លក់​ម៉ាំល្ហុង ដែល​កាល​​ពី​ដំបូង​ត្រឹម​តែ​បណ្តើរ​កង់​កញ្ចាស់​តែង​ផ្កាជ័រ ចង​ក្រមា​ដឹក​ម៉ាំ​ល្ហុង និង​ស្ពៃ​ជ្រក់ ពពាយ​នាយ​លក់​នៅ​តាម​ទី​ប្រជុំជន ​ក្រោយ​មក​ក៏​ឡើង​កាលីប​ជិះ​ម៉ូតូ និង​រ៉ឺម៉ក​កង់​ ៣ ហើយ​ជា​ចុងក្រោយ​នេះ បាន​ប្រើ​រថយន្ត​កែច្នៃ​ចំណាយ​ទុន​អស់​ជាង ៥០០០ ដុល្លារ នោះ លោក ម៉ៅ បូរ៉ា បញ្ជាក់​ទៀត​ថា៖ «ដើម្បី​ឆាប់​សម្រេច​ក្តី​ប្រាថ្នា​បាន​រស់​នៅ​ផ្ទះ​ដែល​ស្រឡាញ់​ខាង​លើ​នេះ ខ្ញុំ​ក៏​ត្រៀម​ពង្រីក​មុខ​របរ​បន្ថែម​ទៀត​ជា​ច្រើន​ដែរ​ ដើម្បី​ផ្សំ​គ្នា​ជួយ​រក​ប្រាក់​កើន​ជាង​មុន​ ទើប​អាច​បង់​ប្រាក់​បណ្តាក់ ជាមួយ​នឹង​ធនាគារ​ទៅ​លើ​តម្លៃ​ផ្ទះ​បុរី​​ខាង​លើ។ ក្រៅ​ពី​​ម៉ាំ​ល្ហុង ខ្ញុំ​មាន​លក់​ស្ពៃ​ជ្រក់ ឆៃប៉ូវ ផ្អក ប្រហុក និង​មាន​ទឹក​ដូង​ត្រជាក់​ស្រស់​ធម្មជាតិ​ទៀត​ផង»។

មុខរបរ​លក់​ម៉ាំ​ល្ហុងដ៏​ច្នៃ​ប្រឌិត​របស់​លោក ម៉ៅ បូរ៉ា រហស្សនាម​ថា «រដ្ឋមន្ត្រី​ម៉ាំល្ហុង» បាន​ជួយ​ចម្រុង​ចម្រើន​ជីវភាព​គ្រួសារ​សាច់ញាតិ​លោក​ឡើង​តាម​លំដាប់។

លោក បូរ៉ា ​បន្ត​​ថា៖ «ខ្ញុំ​យល់​ថា បើ​ខ្ញុំ​គ្មាន​គំនិត​ច្នៃ​ធ្វើ​អ្វី​ឲ្យ​ប្លែក​ ដើម្បី​ទាក់ទាញ​គេ​ទេ របរ​លក់​ម៉ាំល្ហុង​របស់​ខ្ញុំ ក៏​នឹង​មិន​កើន​ឡើង​ជាង​មុន​ដែរ»៕