Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រិន សាវ៉េត បដិសេធ​រឿង​សង្វាត​គូថ្មី

Content image - Phnom Penh Post
​ប៉ាត់ សុធារ៉ា រិន សាវ៉េត និង​កូន​ប្រុស។ ហ្វេសប៊ុក

រិន សាវ៉េត បដិសេធ​រឿង​សង្វាត​គូថ្មី

ភ្នំពេញ: តារា​ចម្រៀង​ហង្សមាស លោក រិន សាវ៉េត ដែល​ទើប​នឹង​ជួប​គ្រោះ​ជីវិត ប្រពន្ធ​លាចាក​លោក ទាំង​មហាជន​នៅ​ពោល​អាសូរ​ខ្សែ​ជីវិត​លោក​ថា កា្លយ​ពោះម៉ាយ​កូន​មួយ​ទាំង​ជីវភាព​ក៏តោក​យ៉ាក​នោះ បែរ​ជាថ្មីៗ​នេះ​លោក​ក៏ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ភាព​ភ្ញាក់ផ្អើល​នឹង​រូបថត​ស្និទ្ធស្នាល​ជាមួយ​នារី​រូប​ស្រស់។ នាង​ជាអតីត​តារា​ចម្រៀង​បក្ស​សង្គ្រោះជាតិ ម្ចាស់​បទ «យួន​ចូល​ស្រុក​ហើយ» កញ្ញា ប៉ាត់ សុធារ៉ា ដែល​ទើប​នឹង​ប្តូរ​ឆន្ទៈ​ចូល​ជ្រក​ក្នុង​បក្ស​ប្រជាជន​ដែល​រូបថត​នេះ​ក៏បាន​បំផុស​ចម្ងល់​ថា «ពីរនាក់​នេះ​ក្លាយជា​គូស្នេហ៍​នឹងគ្នា​តាំងពី​ពេលណា?»។

ក្នុង​បណ្តាញ​សង្គម​ព្រម​នឹងការ​ផ្សព្វផ្សាយ​រូប​តារា​ចម្រៀង​ពោះម៉ាយ​កូន​មួយ ដែល​ទើប​រងគ្រោះ​ជីវិត​ផ្ទួនៗ ប្រពន្ធ​មាន​ជំងឺ​មហារីក​ដើមទ្រូង ធ្ងន់​លើ​ជីវភាព​តោកយ៉ាក លោក រិន សាវ៉េត ថត​កៀកកើយ​អតីត​តារា​ចម្រៀង​បក្ស​សង្គ្រោះ​ជាតិ កញ្ញា ប៉ាត់ សុធារ៉ា និង​កូនប្រុស​កម្សត់​រួម​តំណក់​ឈាម​ភរិយា​ទើប​ស្លាប់​ចោល​នោះ ក៏មាន​ការផ្គូផ្គង​ឡើង​ថា «ដូចជា​រុញ​ស៊ីក្លូ​ចូល​ឡាន​ហើយ។ មនុស្ស​កំពុង​ឯកាផង ងាយ​រំលង​ឯណា​នឹង​សម្ផស្ស​ស្រស់»។

ប៉ុន្តែ​យ៉ាងណា​នៅ​ក្នុង​បណ្តាញ​សង្គម នៅ​មិនបាន​បង្ហាញ​ថា ភាព​ស្និទ្ធស្នាល​រវាង​តារា​ចម្រៀង​ពោះម៉ាយ​កូន​មួយ​ក្តៅៗ លោក រិន សាវ៉េត និង កញ្ញា ប៉ាត់ សុធា​រ៉ា ស្ថិត​នៅ​លើ​ដំណាក់កាល​យ៉ាងណា ត្រឹម​មិត្តភក្ដិ​រួម​អាជីព​ថត​ក្នុង​កម្មវិធី​ជួបជុំ​អ្វី​នោះ​ក៏គ្មាន​ដែរ ខណៈ​ដែល​ពួកគេ​បែរជា​លើក​ឡើង​ថា «យ៉ាងណា តារា​ចម្រៀង​ល្បី​អើយ ពេលនេះ​ប្រពន្ធ​ទើប​នឹង​ស្លាប់ សាច់ញាតិ​ក៏មិន​ទាន់​ទាំង​រសាយ​ទុក្ខ​ផង បើធ្វើ​យ៉ាងនេះ​ភ្លាមៗ​អ៊ីចឹង​ដូចជា​លឿន​ពេក​ហើយ។ នាង​អើយ ក៏គួរ​ប្រយ័ត្ន​ខ្មោច​តាម​បន្លាច​ស្នេហ៍ គួរ​អាសូរ​ផង»។

ស្រាយនូវ​ចម្ងល់​នេះ តារា​ចម្រៀង​ដែល​មហាជន​កក្រើក​ក្តី​អាណិត​ពីការ​តស៊ូ​លើ​អាជីព​ចម្រៀង​មាន​ឈ្មោះ​ជាតារា​ល្បី តែ​បែរជា​ខ្សត់ខ្សោយ​ទ្រព្យធន និង​ប្រពន្ធ​ជាទី​ស្រឡាញ់​ក៏ត្រូវ​លាកចាក​លោក​ចោល ឲ្យ​រស់នៅ​ពីរនាក់​កូន​ប្រុស​តូច លោក រិន សាវ៉េត ប្រាប់​ថា៖ «រវាង​នារី ក្នុង​រូបថត ដែល​ថត​ក្នុង​ភាព​ស្និទ្ធស្នាល​នោះ​មិនមែន​ជាគូស្នេហ៍​ថ្មី ដូចការ​យល់​ឃើញ​នោះ​ទេ»។

បន្ត​នឹង​សម្ដី​ច្រានចោល​លើការ​ទំនាក់​ទំនង​ដៃគូ​ជីវិត​ថ្មី ក្រោយ​ប្រពន្ធ​ស្លាប់​ក៏មិន​ទាន់​ធ្វើ​បុណ្យ ១០០ ថ្ងៃ​ផង​នោះ តារា​ចម្រៀង​ពោះ​ម៉ាយ​កូន​មួយ​រូបនេះ​បាន​ប្រាប់​ទៀត​ថា៖ «ខ្ញុំនឹង​កញ្ញា ប៉ាត់ សុធារ៉ា ជាមិត្ត​ភក្ដិ​រាប់អាន​គ្នា​យូរ​ហើយ មិនមែន​ទើបតែ​រាប់អាន​គ្នា​ក៏ចេញ​មាន​រូបថត​ស្និទ្ធស្នាល​នោះ​ទេ។ រូបថត​នេះ​ថត​ក្នុង​កម្មវិធី​ជួបជុំ​មិត្តភក្ដិ​សិល្បៈ​ច្រើន​ដែរ»។

តារា​ចម្រៀង រិន សាវ៉េ​ត បាន​អះអាង​ថា៖ «ខ្ញុំក៏​មិនអាច​ឯណា​ដែល​ប្រពន្ធ​ស្លាប់​មិនទាន់​បាន​ប៉ុន្មាន​ក៏ទៅ​គិត​ដល់​រឿង​ប្រពន្ធ​ថ្មី​នោះទេ​ធ្វើ​បែប​នេះ​គេ​សើច​យំ​ខ្ញុំងាប់ ហើយ​ខ្ញុំមិន​ទៅដល់​ថ្នាក់​នឹង​ទេ។ សព្វថ្ងៃ​ខ្ញុំនៅ​កាន់​ទុក្ខ​សព​ប្រពន្ធ​នៅ​ឡើយ​ទេ។ ខ្ញុំពាក់​អាវ​ស ពាក់បូ​កាន់ទុក្ខ ហើយ​ធ្វើ​បែប​នេះ​លុះ​បុណ្យ ១០០ ថ្ងៃ​ឲ្យគាត់ ខ្ញុំនៅ​អាល័យ​គាត់​ណាស់ ដែល​ពួកយើង​រស់ក្នុង​ភាព​កម្សត់​កម្រ​ជាមួយគ្នា​រហូតមក​មុន​នេះ»។

លោក រិន សាវ៉េត បញ្ជាក់​បន្ថែម​ថា៖ «ពេល​នេះ​ខ្ញុំមិន​បាន​គិត​អ្វី ជា​ដៃគូ​ជីវិត​ទេ អ្វីដែល​ខ្ញុំគិត​គឺកូន​ប្រុស​កម្សត់​ខ្ញុំ គេ​នៅ​តូច គេនៅ​តែ​សួររក​ម្តាយ​គេ​រាល់ថ្ងៃ អ៊ីចឹង​ខ្ញុំ​នៅ​លួងលោម​កូន និង​ត្រៀម​ពិធី​ធ្វើ​បុណ្យខួប ១០០ ថ្ងៃ​ឲ្យម្តាយ​កូន​បាន​ស្ងប់។ បុណ្យ​នឹងធ្វើ​នៅ​ចុង​ខែ ៧ ឬអាច​នៅ​ដើម​ខែ ៨ ព្រោះ​មិនទាន់​កំណត់»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ