ក្រុងប៉េកាំង: ដើម្បី​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល តំបន់​ភាគ​ខាងជើង​ប្រទេស​ចិន បាន​ប្រែក្លាយ​ជា​រាជា​ណាចក្រ​ទឹកកក​ដ៏​សែន​ត្រជាក់​ជាថ្មី​ម្ដង​ទៀត។

ហារប៊ីន (Harbin) ទីក្រុង​ទឹកកក​របស់​ចិន បាន​រៀបចំ​ព្រឹត្ដិការណ៍​បុណ្យ​រដូវរងា​ប្រចាំ​ឆ្នាំ​ដោយ​បង្ហាញ​នូវ​ទីក្រុង​ទឹកកក​ដ៏អស្ចារ្យ។

រាជាណាចក្រ​ចម្រុះ​ពណ៌​បែប​វេទមន្ដ​នេះ​ស្ថិត​នៅ​ក្នុង​ឧទ្យាន​រចនា​អំពូល​ភ្លើង ៣ ពណ៌​ដែល​រចនា​ពី​ទឹកកក​សុទ្ធ។

រូបភាព​ពីលើ​អាកាស​បាន​ផ្ដិត​យក​ទិដ្ឋភាព​ទីក្រុង​ពណ៌​ឥន្ទ​ធនូ ទំហំ​ជិត​មួយ​គីឡូ​ម៉ែត្រការ៉េ ដែល​រំលេច​នូវ​រូបភាព​និមិត្តរូប​ពិត​ជុំវិញ​ពិភពលោក រួម​ទាំង ក្រុង St. Petersburg របស់​រុស្ស៊ី បន្ទាយ​កាណាហ្សាវ៉ា របស់​ជប៉ុន និង​វិថី​សូត្រ​ល្បី​ផងដែរ។ ចម្លាក់​ទឹកកក​អាច​ឲ្យ​ភ្ញៀវ​ទស្សនា​ដោយ​មាន​ពន្លឺ​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត។

ព្រឹត្ដិការណ៍​បុណ្យ​ប្រចាំ​ឆ្នាំ​លើក​ទី ៣៤ ដែល​ក្រុង​ហារប៊ីន​បាន​រៀបចំ​នេះ ភ្ញៀវទេសចរ​នឹង​បាន​ទទួល​នូវ​បទពិសោធ​កម្សាន្ដ​ក្នុង​សីតុណ្ហភាព ៣០ អង្សា​សេ។ ប្រធានបទ​នៃ​ពិធីបុណ្យ​ទឹកកក និង​ព្រឹល​អន្ដរជាតិ​គឺ «គជ់​លើ​មកុដ​ទឹកកក​ក្នុង​ក្រុង​ហារប៊ីន»។

គោល​ដៅ​ទាក់ទាញ​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​ដល់​ភ្ញៀវទេសចរ​តាំង​ពី​ចុងខែ​ធ្នូ ជា​ផ្នែក​មួយ​នៃ​ពិធី​បើក​សម្ពោធ​បឋម។ ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ត្រូវបាន​ចាប់ផ្ដើម​ធ្វើ​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០១៨។

ទិដ្ឋភាពទីក្រុង​ទឹកកក​ដ៏​សក្បុស ហារប៊ីន នា​​ពេល​ថ្ងៃ​។ AFP

ប្រវត្តិ​ពិធីបុណ្យ​ទឹកកក​ដ៏ល្បី​នេះ​បាន​ចាប់ផ្ដើម​ប្រារព្ធ​ឡើង​ក្នុង​ខេត្ដ​ហៃឡុងជៀង ប្រទេស​ចិន ក្នុង​ឆ្នាំ ១៩៨៥។

ច្បាស់​ណាស់ ចម្លាក់​ទឹកកក​ក៏​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​អបអរ​ដល់​គំនិត​ផ្ដួចផ្ដើម​នៃ​វិថី​សូត្រ «ខ្សែ​ក្រវាត់​មួយ វិថី​មួយ​របស់​ចិន» ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​ទីក្រុង​ទឹកកក រួម​ទាំង​ប្រាសាទ​ហែ​ដុង យ៉ុងហ្គុង ក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង អគារ​ក្រឡូម​រាង​ដូច​ខ្ទឹម​បារាំង នៅ​រុស្ស៊ី និង​បន្ទាយ​កាណាហ្សាវ៉ា នៅ​ជប៉ុន។

ចំពោះ​រាជាណាចក្រ​ទឹកកក ក្រុង​ហារប៊ីន​មាន​ទី​កម្សាន្ដ​រំអិល​ទឹកកក និង​ឡាន​រំអិល​លើ​ទឹក​កក ព្រមទាំង​បន្ទះ​រំអិល​យក្ស​ប្រវែង ៣៦៥ ម៉ែត្រ​ច្នៃ​ពី​ទឹកកក ខណៈ​ភ្ញៀវទេសចរ​ដើរ​តាម​ចន្លោះ​ចម្លាក់​ទឹកកក​ដ៏​ស្រស់​ស្អាត​នានា។ ពួកគេ​អាច​ដើរ​លើ​ស្ពាន​ទឹកកក ដែល​ត​ភ្ជាប់​ទៅ​នឹង​ប្រាសាទ​ទឹកកក ខណៈ​ភ្ញៀវ​ដទៃ​ទៀត​អាច​ឡើង​ជណ្ដើរ​វិហារ​គ្រិស្ដ និង​ប៉ម​ខ្ពស់​ផ្សេងៗ​ទៀត។

ពិធីបុណ្យ​ទឹកកក​នឹង​បន្ដ​ដល់​ដើម​ខែ​មីនា ពេល​ព្រឹល​ទឹកកក​ផ្ដើម​រលាយ៕HR

មួយឆ្នាំៗ ទេសចររាប់​ម៉ឺន​នាក់ទៅលេង​ទីក្រុង​ទឹកកក។ AFP