ក្រុង​វ៉ាស៊ីងតោន : តារា​ភាពយន្ដ​អាមេរិក Sylvester Stallone រហស្សនាម រ៉ាំបូ បន្ដ​វាយ​ប្រហារ​ក្រុម​អ្នក​គាំទ្រ ដែល​រិះគន់​​​ប្រឆាំង​ ខណៈ​លោក​មក​លេង​កីឡា ក្រោយ​ពី​ពាក្យ​ចចាម​អារាម​ក្លែង​ក្លាយ​ស្ដីពី​មរណភាព​លោក​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​អុីនធឺណិត​។

តារា​រ៉ុកគី ដែល​បង្ខំ​ចិត្ដ​ចេញ​មុខ​មក​បញ្ជាក់​ការពិត​ថា លោក​នៅ​មាន​ជីវិត​រស់​ ដោយ​ការ​បង្ហោះ​វីដេអូ​លេង​សើច​ពីរ​ឃ្លីប​លើ​អុីនស្ដាក្រាម​ដែល​បង្ហាញ​ពី​ភាព​រស់​រវើក​របស់​លោក​។

វីដេអូ​ទីមួយ តារា​វ័យ ៧១ ឆ្នាំ​រូប​នេះ បាន​រេ​កាមេរ៉ា​កាត់​ឧបករណ៍​ហាត់​ប្រាណ ខណៈ​និយាយ​ថា​៖ «​នែក​មើល​នេះ ខ្ញុំ​នៅ​កន្លែង​ហាត់​ប្រាណ​»។

បន្ទាប់​មក លោក​បង្វែរ​កាមេរ៉ា​ឲ្យ​ចំ​មុខ​លោក និង​បន្ដ​សរសេរ​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា ខ្ញុំ​មាន​សុខភាព​ល្អណាស់​ក្នុង​នាម​ជា​មនុស្ស​​ស្លាប់​។ បន្ដ​វាយ​ប្រហារ​ខ្ញុំ​ទៀត​មក​»។

ក្រោយ​ពី​ហាត់​ប្រាណ​ចប់ លោក​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ទៀត​ ដោយ​បាន​និយាយ​ថា​៖ «​ទិចនិក​សុខភាព​ប្រចាំ​ថ្ងៃរបស់​ខ្ញុំ​។ សូម​បន្ដ​រីក​រាយ​។ ដូច្នេះ សូម​តាម​ដាន​ សប្ដាហ៍​ក្រោយ ខ្ញុំ​នឹង​ចេញ​មុខ​ប្រាប់​ពី​របៀប​ទទួល​ទាន​ប្រកប​ដោយ​សុខភាព​ពេល​អ្នក​​ស្លាប់​ទៅ»។

លោ​កបាន​បញ្ចប់​វីដេអូ​ដោយ​ការ​វាយ​កាមេរ៉ា​មួយ​ដៃ​។ កាល​ពី​ថ្ងៃ​អង្គារ រ៉ាំបូ បាន​ចែក​រំលែក​វីដេអូ​ដ៏​រីករាយ​ជាមួយ​កូន​ស្រី​ទាំងពីរ​ឈ្មោះ សូភីយ៉ា អាយុ ២១ ឆ្នាំ និង​ស៊ីស្ទីន អាយុ ១៩ ឆ្នាំ។

លោក​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ឲ្យ​កុំ​ខ្វល់​នឹង​ដំណឹង​ឆ្កួត​លីលា​នេះ និង​បាន​អះអាង​ថា លោក​នៅ​មាន​ជីវិត​រស់ និង​មាន​សុខភាព​រឹង​មាំ​ធម្មជាតិ ក្រោយ​ពី​ព័ត៌មាន​ក្លែង​ក្លាយ​ត្រូវបាន​ផ្សព្វ​ផ្សាយ​ពេញ​អុីនធឺណីត​។ នេះ​មិន​មែន​ជាលើក​ដំបូង​ដែល​លោក​ត្រូវចេញ​មក​បក​ស្រាយ​ដំណឹង​មរណទុក្ខ​ឡើយ​។

អ្នក​លេង​ហ្វេសប៊ុក​បាន​រាយ​ការណ៍​ ដោយ​បាន​ឃើញ​សា​រ​ក្លែង​ក្លាយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​អះអាង​ថា រ៉ាំ​បូ ត្រូវបាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ផ្ទះ​ក្នុង​ក្រុង​​ឡូសអេនជឺលេស៕ HR