ភ្នំពេញៈ ក្រោយពីថតកុនរឿង «រៃមាស» ចប់ និងវិលត្រឡប់ការក្តាប់បានឱកាសទៅសម្តែងនៅក្រៅប្រទេសជារឿយៗ ពិសេសឧស្សាហ៍ទៅប្រទេសអូស្ត្រាលីនោះ ស្រាប់តែតារាសម្តែងស្រីស្អាតមានរាងស្រលូន កញ្ញា នៅ សូនីតា មានការកត់សម្គាល់នូវលក្ខណៈរូបរាងខុសប្លែករបស់នាងពីមិត្តភក្តិរួមសិល្បៈក៏ដូចជាមហាជន និងមានលេចឮថា តារាស្រីរូបនេះជិតក្លាយជាជំទាវទៀតផង។
បើតាមប្រភពលេចឮបែបខ្សឹបខៀវពីសង្គមអ្នកសិល្បៈ បានលើកឡើងថា តារាសម្តែងស្រីដែលមានរូបរាងតូចស្រលូន និងមានរូបសម្រស់ស្អាតបែបធម្មជាតិ នៅ សូនីតា កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងមន្ត្រីជាន់ខ្ពស់ម្នាក់ ហើយក៏កំពុងត្រៀមខ្លួនជាជំទាវបណ្តើរៗហើយដែរ។
ដំណឹងរឿងជិតក្លាយជាជំទាវ ពីសំណាក់តារាស្រី នៅ សូនីតា ក៏កាន់តែមានពន្លឺជាងមុន ខណៈពេលតារាស្រីរូបនេះត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយពីភាពខុសប្លែកនៃរូបរាងរបស់នាង ដោយបានលើកឡើងថា «នៅ សូនីតា បែកសាច់ឡើងគីឡូប្លែកជាងមុន» ហើយចុះផ្សាយភ្លាម ក៏មានមិត្តភក្តិដែលដឹងរឿងនាងច្បាស់នោះ បានចូលទៅ Comment បែបចំអន់លេងថា៖ «Sonita Nov សាច់ឈាមជំទាវ ស្គមពេកក៏មិនសូវសមដែរ»។
យ៉ាងណាមិនមានការតបតសារបកស្រាយពីរឿងគេនាំគ្នាហៅខ្លួនថា «ជំទាវ» ពីសំណាក់តារាសម្តែងស្រីស្រស់សម្រស់ផូរផង់រូបនេះវិញដែរ ហើយភ្នំពេញប៉ុស្តិ៍ក៏មិនអាចសុំការបកស្រាយពីកញ្ញា នៅ សូនីតា បានឡើយ ខណៈប្រព័ន្ធទូរស័ព្ទធ្លាប់ទាក់ទងពីមុនមកនោះក៏មិនអាចទាក់ទងបានផងដែរ។
ដោយឡែកមហាជនវិញបានធ្វើការកត់សម្គាល់ពីរូបសម្ផស្សរបស់កញ្ញា នៅ សូនីតា នាពេលថ្មីៗនេះដោយ គេសង្កេតឃើញតារាសម្តែងរូបនេះហាក់បែកសាច់ឡើងគីឡូប្លែកជាងមុន និងការសរសើរថា ទោះបីជានាងធាត់តែកាន់តែស្អាតជាងមុនទៀត ក្រោយពីបញ្ចប់ថតរឿង «រៃមាស» និងត្រឡប់មកពីសម្តែងនៅប្រទេសអូស្ត្រាលីជាបន្តបន្ទាប់មកហាក់មិនទាន់មានសកម្មភាពថ្មីៗក្នុងសិល្បៈនៅឡើយទេ។
យូរៗម្តង ក៏សង្កេតឃើញតារាស្រីស្អាតរូបនេះ បានលេចមុខនៅក្នុងការប្រគំតន្ត្រី និងច្រៀងនៅតាមពិធីមង្គលការនានា។ តែពេលថ្មីៗនេះ ឃើញកញ្ញា នៅ សូនីតា ហាក់មានរូបរាងធាត់បែកសាច់ប្រែប្រួលជាងមុន ដែលសូម្បីខ្លួននាងផ្ទាល់ក៏ត្អូញត្អែរពីរឿងឡើងគីឡូនេះដែរ តែទោះបីជាធាត់បន្តិចក្តីតែមានការសរសើរថា នៅ សូនីតា កាន់តែស្អាត និងរាងទ្រលុកទ្រលន់គួរក្នាញ់ខ្លាំងឡើង។
គួរកត់សម្គាល់ដែរថា កញ្ញា នៅ សូនីតា ហាក់មិនសូវខ្វាយខ្វល់ក្នុងការថតរឿងនោះទេ ដូចកន្លងមកធ្លាប់មានការបង្ហើបពីសំណាក់ម្ចាស់ផលិតកម្មមួយចំនួនថា ក្រៅពីតួឯក នាងមិនទទួលសម្តែងឡើយ ហើយក៏ធ្លាប់មានការលើកឡើងបន្ថែមថា ទោះមិនមានការងារសិល្បៈក៏ស្រីស្អាត នៅ សូនីតា នៅតែរស់ក្នុងជីវភាពហ៊ឺហាដែលប្រើប្រាស់សុទ្ធតែរថយន្តទំនើបៗ និងជាម្ចាស់ផ្ទះវីឡាដ៏ធំដែលការសាងសង់មិនទាន់រួចរាល់ ខណៈខាងមិត្តភក្តិ រួមអាជីពជាច្រើនសុទ្ធតែនិយាយថា នៅ សូនីតា មិនខ្វល់រឿងជីវភាពទេព្រោះនាងមានគូស្នេហ៍ជាមន្ត្រីអ្នកមាន និងដៃទូលាយទៀតផង។
ដោយឡែក ចាប់តាំងពីផ្ទុះរឿងស្នេហ៍ប្រុសប្រកាន់ស្រីប្រកែក យ៉ាងក្តៅគគុក ជាមួយតារាចម្រៀងរូបសង្ហាលោក សម អាន់ដា មកស្រីស្រស់ នៅ សូនីតា តែងអះអាងថា មិនមានពេលគិតរឿងស្នេហាទេ ពោលគឺបេះដូងនៅទំនេរស្អាត ហើយក៏មិនទាន់ចង់គិតរឿងនេះដែរ៕