ភ្នំពេញៈ ទើប​ផុតពី​មហាជន​ស្ងើច​សរសើរ​ផង និង​ភ្ញាក់ផ្អើល​ផង​នឹង​គ្រឿង​អលង្ការ​របស់​តារា​ស្រី​ល្បី​នៅ​ទ្រនំ​ហង្សមាស​កញ្ញា ឱក សុគន្ធ​កញ្ញា ដែល​ហ៊ាន​ពាក់​ឡើង​ឆាក​ដោយ​មាន​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ កាល​ពី​រាត្រី​ដ៏​រីករាយ​ពេល​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​ចាស់​កន្លង​ផុត​ទៅ​នោះ ក៏​បង្ហើរ​ដំណឹង​ឮ​ល្ហៀងៗ​ថា នាង​នឹង​ក្រាប​ផ្ទឹម​ចូល​រោង​ជ័យ​ជាមួយ​អនាគត​ស្វាមី ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​ថៅកែ​ហង្សមាស​នា​ដំណាច់​ឆ្នាំ ២០១៨ នេះ​ហើយ។

បើតាម​ប្រភព​អ្នក​ស្និទ្ធស្នាល​នឹង​តារាចម្រៀង​ស្រី​កំពូល​នៅ​ទ្រនំ​ហង្សមាស កញ្ញា ឱក សុគន្ធ​កញ្ញា លួច​បង្ហើប​ថា នាង​បាន​ប្រកាស​ថា នឹង​ចូល​រោងការ​មិន​ឲ្យ​ខ្លួន​មាន​វ័យ​ផុត ៣០ ឆ្នាំ ឡើយ ដែល​ត្រូវ​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ​តែម្តង ខណៈ​កូន​កំលោះ​របស់​នាង​នោះ​គឺ​ត្រូវ​គេ​ជឿ​ច្បាស់់​ថា​ជា​លោក អ៊ឹង សុខលី ដែល​ត្រូវជា​ប្រុស​បង្កើត​លោក អ៊ឹង ឆៃងួន ជា​ថៅកែ​ផលិតកម្ម​ហង្សមាស។

ដំណឹង​ដែល​ពោរពេញ​ដោយ​ការ​ចង់ដឹង​ច្បាស់​នេះ ក៏​កំពុង​ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​តារា​ចម្រៀង​ល្បី​ល្បាញ​រូបនេះ និង​មហាជន​ទូទៅ​មាន​ការ​អន្ទះសា​ចង់​ដឹង​ដែរ​ថា តើ​នាង​នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ណា​ឲ្យ​ពិត​ប្រាកដ​ទៅ ព្រោះ​គ្រប់គ្នា​ចង់​ឃើញ​តារា​ស្រី​ហង្សមាស​រូបនេះ គ្រង​ឈុត​ជា​កូន​ក្រមុំ​មែ​នទែន​នោះ​ថា​តើ​នឹង​ស្រស់​ស្អាត​យ៉ាងណា​ដែរ?

បើតាម​ប្រភព​អ្នក​ស្និទ្ធ​គ្រួសារ​របស់ ឱក សុគន្ធ​កញ្ញា បាន​បង្ហើប​ឲ្យ​ដឹងថា ដើម​ឆ្នាំ​នេះ​នាង​មិន​អាច​រៀបចំ​ខ្លួន​ទាន់​ឡើយ​នៅ​ក្នុង​ការ​ក្រាប​ផ្ទឹម​ចូល​រោង​ជ័យ​នោះ ព្រោះ​ថា នាង​រវល់​ការងារ​សិល្បៈ​ស្ទើរ​ដកខ្លួន​មិន​រួច និង​ស្ទើរ​តែ​ពេញ​រាល់ថ្ងៃ​តែម្តង​ក្នុង​មួយ​ខែៗ ហេតុនេះ​មង្គលការ​របស់​នាង​ទំនង​ត្រូវ​រៀបចំ​នៅ​ចុង​ឆ្នាំ ២០១៨ វិញ។

យ៉ាងណា​មិនមាន​ការ​បកស្រាយ​ពី​សំណាក់​តារា​ចម្រៀង​ស្រី​ល្បី​រះ​បាន​យូរ ដែល​រក្សា​កិត្តិស័ព្ទ​លើ​វិថី​សិល្បៈ​ចម្រៀង និង​ទទួល​បាន​ឱកាស​ល្អៗ​ជា​ច្រើន​បន្ថែម​រក​ប្រាក់​ចំណូល និង​បាន​ក្លាយជា​គ្រូបង្វឹក​នៃ​កម្មវិធី The Voice Cambodia ៣ រដូវ​កាល កម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី ១ និង​កម្មវិធី The Cambodian Idol ៣ រដូវ​កាល ឱក សុគន្ធកញ្ញា បាន​ឡើយ​ដោយ​ប្រពន្ធ​ទូរស័ព្ទ​នាង​តេ​ចូល តែ​គ្មាន​អ្នក​លើក ប៉ុន្តែ​ក្រោយ​មក​បាន​ផ្ញើ​សារ​តប​ថា៖ «ខ្ញុំ​កំពុង​តែ​ជាប់​រវល់​ប្រជុំ» នា​ពេល​ភ្នំពេញ​ប៉ុស្តិ៍ បាន​ទាក់ទង​ទៅ​កាន់​នាង​ដើម្បី​ស្នើរ​សុំ​ការ​បកស្រាយ​ពី​បញ្ហា​នោះ។

កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ ជាមួយ​នឹង​ឈុត​មាន​អាវ​រោម​សត្វ​ពណ៌​ស បួងសក់​ឡើងលើ​ផុត ហើយ​មាន​ពាក់​ខ្សែក ក្រវិល​មួយគូ និង​ចិញ្ចៀន ដែល​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​យូរ​នៅ​លើ​ទ្រនំ​ហង្សមាស កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ពាក់​នោះ ត្រូវ​ផុស​ចេញ​តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម ខណៈដែល​ថៅកែ​ស្រី​ហាង​លក់​គ្រឿង​អលង្ការ​ដ៏​ល្បី​មួយ​បាន​បង្ហោះ​រូប​តារា​ស្រី អម​ដោយ​រូប​គ្រឿង​អលង្ការ ១ ឈុត ដែល​នាង​ពាក់​មាន​តម្លៃ​កប់​តែម្តង​គឺ​ចំនួន​សរុប ២១ ៧០០ ដុល្លារ​ឯណោះ៕