Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - វត្ត​ព្រៃត្រឡាច ព្រះសង្ឃ​ខ្សត់​ចង្ហាន់ រីឯ​វិហារ កុដិ សាលាឆាន់ ក៏​ទ្រុឌទ្រោម​ជិត​ដួល

Content image - Phnom Penh Post
ព្រះវិហារ​ វត្ត​ព្រៃ​ត្រឡាច សង់ពីឈើ​ប្រក់​ស័ង្កសី ដែលមាន​សភាពចាស់​ពុកផុយ​។ ហ្វេសប៊ុក

វត្ត​ព្រៃត្រឡាច ព្រះសង្ឃ​ខ្សត់​ចង្ហាន់ រីឯ​វិហារ កុដិ សាលាឆាន់ ក៏​ទ្រុឌទ្រោម​ជិត​ដួល

បាត់ដំបងៈ ខណៈ​រដូវកាល​ភ្ជុំបិណ្ឌ​បាន​រំលង​ផុត​ជិត ១០ បិណ្ឌ ហើយ​ត្រឹម​ថ្ងៃនេះ ដោយ​មើល​ពី​សភាព​តាម​ទី​វត្ត​អារាម​ភាគ​ច្រើន​សម្បូរ​ចង្ហាន់ និង​គ្រឿង​ឧបភោគ​បរិភោគ​ហូរហៀរ ដែល​បាន​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំង​នៅ​ទីជិត​ទី​ឆ្ងាយ​មាន​សទ្ធា​ជ្រះថ្លា​ប្រគេន តែ​គួរឲ្យ​អនិច្ចា​វត្ត​ព្រៃ​ត្រឡាច នៅ​បាត់ដំបង​ឯណោះ​កំពុងតែ​ជួប​ភាព​អត្តខាត់​ខ្លាំង។

វត្ត​អារាម​ដែល​ខ្សត់​ពុទ្ធបរិស័ទ​នោះ គឺ​ស្ថិត​នៅ​ភូមិ​ព្រៃ​ត្រឡាច ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង មិន​ត្រឹមតែ​គួរ​ឲ្យ​សង្វេគ​តែ​ក្នុង​រដូវកាល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទេ សូម្បី​សំណង់​នៃ​ព្រះវិហារ សាលាឆាន់ និង​កុដិ ក៏មាន​លក្ខណៈ​ត្រដាប​ត្រដួស​ដែរ ដោយសារ​ជា​សំណង់​សង់ពី​ឈើ​មាន​សភាព​ចាស់​ពុកផុយ​ទៅ​ហើយ។

ចៅអធិការ​វត្ត​ព្រៃត្រឡាច​ព្រះនាម ងី នៅ ដែល​មាន​ព្រះជន្ម ៦០ វស្សា ទៅ​ហើយ​នោះ មាន​ថេរដីកា​ឲ្យ​ដឹង​ពី​ទីតាំង​ភូមិសាស្ត្រ និង​ស្ថានភាព​កម្សត់​ថា៖ «វត្ត​ព្រៃ​ត្រឡាច​នេះ មាន​ចម្ងាយ​ផ្លូវ​ប្រវែង ២៥ គីឡូ​ម៉ែត្រ ចេញ​ពី​ផ្លូវជាតិ​លេខ ៥ ហើយ​ផ្លូវ​ចូល​ទៅ​ដល់​វត្ត​ក្រាល​ក្រួស​ក្រហម​ប្រមាណ​ជិត ៣ គីឡូម៉ែត្រ។ បច្ចុប្បន្ន​នេះ​វត្ត​របស់​អាត្មា មាន​សង្ឃ​ចំនួន​សរុប ៤ អង្គ មាន​ភិក្ខុ ៣ អង្គ និង​សាមណេរ ១ អង្គ និង​លោកតា លោកយាយ​ពីរ​បីនាក់​ប៉ុណ្ណោះ។ ដោយសារ​ទីនេះ ហាក់​ដូចជា​នៅ​ឆ្ងាយ​ពី​តំបន់​លំនៅ​ឋាន​ញាតិ​ញោម​បន្តិច និង​ពីមុន​ជាទី​តាំង​តំបន់​ព្រៃ ខណៈ​ឥឡូវនេះ​គេ​អភិវឌ្ឍ​អស់ហើយ តែ​មិនទាន់​សូវ​មាន​មនុស្ស​មក​រស់នៅ​ច្រើន ហើយ​សព្វថ្ងៃ​មាន​ប្រជាជន​តែ​ពីរ​ភូមិ​ទេ​ជា​ចំណុះ​ជើងវត្ត»។

ទោះបី​ជា​ការផ្តើម​កសាង​វត្ត​តាំងពី​ឆ្នាំ ១៩៩៨ មក​ក្តី តែ​ប្រសិន​បើគេ​ក្រឡេក​ទៅ​មើល​នូវ​សមិទ្ធផល​នៃ​ទី​អារាម​វត្ត​ព្រៃត្រឡាច​នេះ​វិញ គឺមាន​សំណង់​ពី​ស៊ីម៉ងត៍ តែ​ខ្លោងទ្វារ​ប៉ុណ្ណោះ និង​ស្ថិត​នៅ​លើ​ផ្ទៃដី​ធំ​ប្រមាណ​ជិត ៣ ហិកតា តែ​ព្រះវិហារ កុដិ និង​សាលា​ឆាន់ វិញ​នៅជា​សំណង់​ឈើ​ពុកផុយ ដំបូល​ប្រក់​សង្កសី មាន​សភាព​ទ្រុឌទ្រោម​ស្ទើរ​ដួល​រលំ​ទៅ​ហើយ ព្រោះតែ​ខ្សត់​សប្បុរសជន​ជួយ​ជ្រោម​ជ្រែង​កសាង។ បើ​ងាក​មក​ខាង​ព្រះចៅ​អធិការ​វត្ត ក៏មាន​ព្រះជន កាន់តែ​ចាស់​វស្សា​ទៀត ហើយ​បើ​គ្រាន់​តែ​រំពឹង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ក្រខ្សត់​ជាកសិករ​នោះ គឺ​មិនដឹង​ជា​នៅ​ខែ​ឆ្នាំ​ណា​ទេ នឹង​មាន​សំណង់​ទី​អារាម​ជា​ព្រះវិហារ កុដិ សាលាឆាន់​ធ្វើ​ពីថ្មី​ស៊ីម៉ងត៍ ប្រក់​ក្បឿង​ស្រកាលិញ​នឹង​គេ​ឡើយ។

ព្រះ​តេជគុណ ងី នៅ ចៅអធិការ​ដ៏កម្សត់​នៃ​ទី​អារាម​ព្រៃ​ត្រឡាច​នេះ មាន​ថេរដីកា​បន្ត​ថា៖ «ខាង​ញាតិ​ញោម​ជា​គណៈ​ស្រុក​ក៏ធ្លាប់​បាន​មក​ធ្វើបុណ្យ​ហែ​ទានវស្សា គឺ​ចំនួន​ប្រមាណ​ជាម្តង​ពីរដង​ផងដែរ តែ​ដោយសារ​ខាង​វត្ត​អាត្មា​មាន​ការ​ខ្វះខាត​ច្រើន​ខ្លាំង​ពេក»។

ព្រះ​តេជគុណ​បន្តថា៖ «ដូច្នេះ​មាន​តែ​អំពាវនាវ ទៅ​ដល់​ញាតិ​ញោម​ជិត​ឆ្ងាយ​បន្ថែម​ទៀត ជួយ​ចាប់​មគ្គផល និង​ចូលរួម​សទ្ធា​ជ្រះថ្លា ខណៈ​អាត្មា​ប្រាថ្នា​ចង់​បាន​ត្រឹមតែ​ចូលរួម​ជួយ​បង្ហើយ​ដំបូល​ព្រះវិហារ និង​សាលា​ឆាន់​សិន​គឺ​ជាការ​ប្រពៃ​ណាស់​ហើយ»៕

Content image - Phnom Penh Post
ក្រៅពីខ្លោង​ទ្វា​រ​ស៊ីម៉ងត៍ សំណង់​ក្នុង​អារាម​ភាគ​ច្រើន​ធ្វើពីឈើ​ទ្រុឌទ្រោម​។ ហ្វេសប៊ុក

Content image - Phnom Penh Post
​អារាម​រំពឹង​ទេយ្យទាន​និង​បច្ច័យ​កសាង​​ពី​ពុទ្ធបរិស័ទជិតឆ្ងាយ​។ ហ្វេសប៊ុក

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ