ក្រុងម៉ានីល: កងកម្លាំង​ហ្វីលីពីន បាន​ស្វាគមន៍​មន្ដ្រី​កែ​ភេទ​ដំបូង​បំផុត ដែល​បាន​ចូល​ស្បថ​ក្នុង​សមាជិក​សភា​ជាន់​ខ្ពស់ ជា​ទាហាន​បម្រុង​ម្នាក់។ នេះ​បើ​យោង​តាម​ក្រសួង​ការពារ​ជាតិ បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ពុធ។

ជើរ៉ាល់ឌីន រ៉ូ​ម៉ាំង អាយុ ៥០ ឆ្នាំ ដែល​បាន​ក្លាយជា​បុគ្គល កែ​ភេទ​ដំបូង​បំផុត​ក្នុង​ប្រទេស​ប្រកាន់​នូវ​លទ្ធិ​សាសនា​កាតូលិក​ជាធំ ដោយ​បាន​ជាប់​ឆ្នោត​សភា​ជាន់​ខ្ពស់​ក្នុង​ឆ្នាំ ២០១៦ បាន​ចូល​ស្បថ​កាន់​តំណែង​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ អាសេនីញ៉ូ អានដូឡុង បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «គាត់​ជា​មន្ដ្រី​កែ​ភេទ​ដំបូង​ក្នុង​កងកម្លាំង​ជាតិ​ហ្វីលីពីន»។

សេចក្ដី​ថ្លែងការណ៍​បាន​បន្ដថា លោកស្រី រ៉ូម៉ាំង ត្រូវ​បាន​តែង​តាំង​ជា​វរសេនីយ៍ទោ ក្នុង​កងកម្លាំង​បម្រុង រួម​ជាមួយ​សហការី ២ នាក់​មក​ពី​សមាជិក​សភា​ជាន់​ទាប។

ប្រសូត​ក្នុង​គ្រួសារ​អ្នក​នយោបាយ​លេចធ្លោ​នៅក្បែរ​ទីក្រុង​ម៉ានីល លោកស្រី រ៉ូម៉ាំង បាន​កែ​ភេទ​ពី​ប្រុស​មក​ស្រី​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០។

សេចក្ដី​ថ្លែងការណ៍​បាន​ដកស្រង់​សម្ដី​លោកស្រី​ក្នុង​អំឡុង​ពេល​ប្រារឰ​ពិធី​ថា៖ «សង្គ្រាម និង​គ្រោះ​មហន្ដរាយ​មិន​ស្គាល់​ភេទ​ណា​ជា​ភេទ​ណា​នោះ​ទេ វា​ប៉ះពាល់​មនុស្ស​គ្រប់រូប ហើយ​យើង​ត្រូវ​តែ​ការពារ និង​បម្រើ​សហគមន៍ ព្រម​ទាំង​ជាតិ​របស់​យើង»៕