ភ្នំពេញៈ វិចិត្រករ​ខ្មែរ និង​ជប៉ុន រួមគ្នា​ដាក់​តាំង​ពិព័រណ៍​គំនូរ​ម្នាក់​ចំនួន ៦ ផ្ទាំង​នៅ​ឯ​វិចិត្រសាល​ស្រះ​ឈូក​(Lotus Pond Gallery) នៃ​រមណីយដ្ឋាន និង​ស្ប៉ា ឌឺផ្លេន​ថេសិន (The Plantation Urban Resort & Spa) ដើម្បី​អបអរ​សាទរ​ខួប​ចំណង​មិត្តភាព​លើក​ទី ៦៥ ឆ្នាំ នៃ​កិច្ច​សហការ​នៃ​ប្រទេស​កម្ពុជា និង​ជប៉ុន។

ការតាំង​ពិព័រណ៍​ស្នាដៃ​គំនូរ​រួមគ្នា​រវាង​វិចិត្រករ​ខ្មែរ​អ្នកនាង ឆន ឌីណា និង​លោក តាកាកាហ្ស៊ូ យ៉ាម៉ាដា ដែល​មាន​ចំណង​ជើង​ថា «ផ្សារ» ចាប់​ពី​ម៉ោង ៦ កន្លះ ល្ងាច​ថ្ងៃទី ៨ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី ១៩ ខែ​មីនា ឆ្នាំ ២០១៨ ខាងមុខ។

បណ្តុំ​ស្នាដៃ​គំនូរ ដែល​ដាក់​ចំណងជើង​ថា «ផ្សារ» នោះ​គឺ​ចង់​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ជីវភាព​និង​ស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ទីផ្សារ​របស់​ខ្លួន។ ជាទូទៅ​សភាព​នៃ​ផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​សភាព​ពោរ​ពេញ​ទៅ​ដោយ​បរិស្ថាន​ចម្រុះ​គ្នា​គឺមាន​ក្លិន ទិដ្ឋភាព​លាយឡំ​គ្នា​និង​មាន​សំឡេង​អ៊ូអរ។

លោក តាកាកាហ្ស៊ូ យ៉ាម៉ាដា វិចិត្រករ​ជើងចាស់​ជប៉ុន ដែល​កើត​ក្នុង​ឆ្នាំ ១៩៥៧ នៅ​ទីក្រុង​ណាហ្គូយ៉ា នៃ​ប្រទេស​ជប៉ុន ហើយ​ជា​ស្ថាបនិក​នៃ​សាលា​សិល្បៈ Phnom Penh YAMADA SCHOOL OF ART និង​ជា​សាស្ត្រាចារ្យ ផ្នែក​វិចិត្រកម្ម​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​ដែរ។

លោក យ៉ាម៉ាដា ដែល​ធ្លាប់​ចូលរួម​តាំង​ពិព័រណ៍​គំនូរ​ជាមួយ​វិចិត្រករ​ខ្មែរ​ក្មេងៗ​ជំនាន់​ក្រោយ ដែល​ជា​សិស្ស​របស់​គាត់​ដែរ​នោះ បញ្ជាក់​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ថា៖ «សម្រាប់​ខ្ញុំ​គិត​ថា ផ្សារ​នៅ​ទីក្រុង​ភ្នំពេញ​មាន​សភាព​អ៊ូអរ​ខ្លាំង សម្បូរ​ម៉ូតូ និង​រ៉ឺម៉ក​កង់ ៣ ហើយ​ផ្សារ​នេះ ក៏មាន​លក្ខណៈ​គ្មាន​សណ្តាប់​ធ្នាប់ តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្លែក​អស្ចារ្យ​ម្យ៉ាង​ដែរ»។

ចំណែក​វិចិត្រករ​ស្ត្រី​ខ្មែរ​ឆ្នើម វ័យ ៣១ ឆ្នាំ អ្នក​នាង ឆន ឌីណា ជា​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ចំណោម​វិចិត្រករ​ឆ្នើម ៣ រូប ដែល​ទទួល​បាន​ពាន​រង្វាន់​ពី​កម្មវិធី The CMLTV Contemporary Art Awards 2016 នៅ​ប្រទេស​ថៃ កន្លង​មក ដោយ​មាន​សមាជិក​នៃ​ប្រទេស​អាស៊ាន ៥ ចូលរួម​គឺ កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និង​វៀតណាម និង​មាន​វិចិត្រករ​តំណាង​ឲ្យ​ចំនួន ១៥ រូប​បាន​ថ្លែង​ពី​អារម្មណ៍​ខ្លួន​ចំពោះ​គំនូរ​ផ្តោត​លើ​ផ្សារ​នោះ​ដែរ​ថា៖ «សម្រាប់​នាង​ខ្ញុំ ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​សត្វ​ត្រី នៅ​ពេល​ខ្លួនឯង​ទៅ​ផ្សារ ដូច្នេះ​ហើយ​បាន​ជា​គំនូរ​ខ្ញុំ មាន​រំលេច​ផ្នែក​ត្រី»៕