Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - វី ឌីណែត កូន​កំពូល​តារា​សំនៀង​ស្អក ហួ ឡាវី បាន​ឱកាស​ដើរ​តួកុន

Content image - Phnom Penh Post
តារាចម្រៀង​ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង​ Cambodian Idol លោក នី រតនា និង​តារា​ចម្រៀង​ វី ឌីណែត។ វុទ្ធី

វី ឌីណែត កូន​កំពូល​តារា​សំនៀង​ស្អក ហួ ឡាវី បាន​ឱកាស​ដើរ​តួកុន

ភ្នំពេញ: ឱកាស​ក្លាយ​ជាអ្នក​សម្តែង​ភាពយន្ត ពី​ក្រុម​តារា​ចម្រៀង​ប្រុស​ស្រី ដែល​ជ្រក​ក្រោម​ទ្រនំ​ហង្សមាស នៅ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​ងាយ​ដូចការ​បក​ចេក ជាមួយ​នឹង​គោលការណ៍​ពី​ថៅកែ​ផលិតកម្ម​នេះ ដែល​ស្ថានីយទូរទស្សន៍​ល្បី ជា​ជំនួយការ​រុញ​ការងារ​អ្នកសិល្បៈ​ឲ្យ​ល្បី​ដល់​កម្រិត​កំពូល។

ខណៈ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន​ហង្សមាស​បន្ថែម​ពីការ​ផ្សព្វផ្សាយ​ភាពយន្ត​កំពុង​ដំណើរការ​ថត សម្តែង​ដោយ​កំពូល​តារា​ល្បី ផលិតកម្ម​ក៏លើក​ស្ទួយ​ផងដែរ នូវ​ពន្លក​តារា​ថ្មី ដូចជា​លោក នី រតនា សូស វីហ្សា និង កញ្ញា វី ឌីណែត នៃ​ឱកាស​ធ្វើ​តួឯក​រឿង​ភាគ​ថ្មី។

ទើប​តែ​ធ្វើការ​សម្ពោធ​ភាពយន្ត​ភាគ​ខ្មែរ​រឿង «សិសិររដូវ​ក្នុង​បេះដូង» ដែល​មាន​ការចូលរួម​សម្តែង​ពី​តារា​ចម្រៀង​ល្បីៗ ប្រចាំ​ផលិតកម្ម​រស្មីហង្សមាស ដូចជា កញ្ញា សុគន្ធ នីសា លោក ហ្សូណូ និង ឆន សុវណ្ណារាជ នៅ​ផ្សារ​ទំនើប​អ៊ីអន ម៉ល កាល​ពី​សប្ដាហ៍​មុន​មិន​តែប៉ុណ្ណោះ រស្មីហង្សមាស​ក៏​រំលេច​គម្រោង​នឹង​ផលិត​ភាពយន្ត​ជាច្រើន​បន្ត​បន្ទាប់​ទៀត ដែល​ក្នុង​នោះ គេ​ឃើញ​តាមរយ:​ហ្វេសប៊ុក​ផេច RHM Family បាន​បង្ហាញ​វង់​ភ័ក្ត្រ​តារា​ចម្រៀង​រលក​ក្រោយ​ចំនួន ៤ រូប មាន កញ្ញា វី ឌីណែត កញ្ញា សួស វីហ្សា លោក នី រតនា និង លោក ធែល ថៃ ដែល​កំពុង​នឹង​ត្រៀម​ខ្លួន​គ្រង​តំណែង​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ថ្មី។ រំលេច​ពិធី​ក្រុង​ពាលី​កាលពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ រឿង «រាជបុត្រ​កង្កែប» ឬ «ជួប​ស្នេហ៍​អ្នកមាន» ដែល​រួម​សម្ដែង​ដោយ​តារា​ទាំង ៤ ដួង​នឹង​ចាប់ផ្តើម​ថត​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ​ហើយ។

ដូចនឹង​ការប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ផលិតកម្ម​ហង្សមាស បាន​ធ្វើ​ពិធី​ក្រុង​ពាលី​រឿង​ថ្មី របស់​ខ្លួន ដោយ​ក្នុង​នោះ​មាន​តារា​ចម្រៀង ប្រចាំ​ផលិតកម្ម​ហង្សមាស​ជាច្រើន​ដួង ចូលរួម​សម្ដែង។ អ្វីដែល​ពិសេស​នោះ គឺ​កូនស្រី​របស់ លោក ហួ ឡាវី គឺ​កញ្ញា វី ឌីណែត បាន​ចាប់​ដៃគូ​ជាមួយ​នឹង តារា​ចម្រៀង​លោក នី រតនា សម្ដែង​ជា​តួឯក​ក្នុង​រឿង «រាជបុត្រ​កង្កែប» ឬ «ជួប​ស្នេហ៍​អ្នកមាន»។

សាទរ​នឹង​ឱកាស​ឡើង​គ្រង​តំណែង​ជា​តួឯក​ភាពយន្ត​ភាគ ក្រោយ​អាជីព​ចម្រៀង​ក៏​នៅ​ក្មេង​ខ្ចី ម្ចាស់​ពាន Cambodian Idol លោក នី រតនា ឲ្យដឹង​ថា៖ «ខ្ញុំ​ពិតជា​ត្រូវ​បាន​ផលិតកម្ម​រៀបចំ​ឲ្យ​សម្តែង​ភាពយន្ត ធ្វើជា​តួឯក​ជាមួយ កញ្ញា វី ឌីណែត កូនស្រី​លោកពូ ហួ ឡាវី មែន»។

យ៉ាងណា​ដូច​ទៅ​នឹង​តារា​ផ្សេង​ដែល​ប្រកាន់​ខ្ជាប់​គោលការណ៍​ហង្សមាស​ដែរ លោក នី រតនា មិន​បាន​ទម្លាយ​លម្អិត​អំពី​ខ្សែ​ភាពយន្ត​ឡើយ។ ភ្ជាប់​នឹង​រូបថត​ក្នុង​ក្រុង​ពាលី តារា​ចម្រៀង​ថែម​អាជីព​សម្ដែង​រូបនេះ​បាន​ត្រឹម​អំពាវនាវ​ថា៖ «ឥឡូវ​នេះ! យើង​ខ្ញុំ​ទាំងអស់​គ្នា​បាន​មក​ចូលរួម​ពិធី​ក្រុង​ពាលី ថត​ខ្សែ​ភាពយន្ត​ថ្មី​របស់​ក្រុមហ៊ុន​ហង្សមាស វីដេអូ ក្នុង​រឿង រាជបុត្រ​កង្កែប ឬ ជួប​ស្នេហ៍​អ្នកមាន! សូម​បងប្អូន​កុំភ្លេច​រង់ចាំ​តាមដាន​ទស្សនា​ទាំងអស់​គ្នា អរគុណ​សម្រាប់​ការគាំទ្រ»។

ជាមួយគ្នា​នោះ តារា​ចម្រៀង​ស្រី និង​ជា​កូនស្រី​កំពូល​តារា​ចម្រៀង​ជើងចាស់ សំឡេង​ស្អក​លោក​ហួ ឡាវី កញ្ញា​វី ឌីណែត ក៏មិន​បាន​និយាយ​អ្វី​ច្រើន​ទាក់ទិន​នឹង​ឱកាស​នាង​សម្តែង​តួឯក​រឿង​ភាគ​ថ្មី​របស់​ផលិតកម្ម​ហង្សមាស ដែល​ល្បី​ចាយ​ទុន​ច្រើន​ដើម្បី​ផលិត​នោះ​ទេ ដោយ​នាង​បាន​ប្រាប់​ពី​អារម្មណ៍​ថា៖ «ខ្ញុំ​សប្បាយ​ចិត្តខ្លាំង ដែល​បាន​ផលិតកម្ម​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ថត​ភាពយន្ត។ ខ្ញុំ​នឹង​ប្រឹង​សម្តែង​ឲ្យល្អ តែ​បើ​ថា​ពិបាក​ដូចជា​មិន​ប៉ុន្មាន​ទេ ព្រោះ​ថា កន្លង​មក​ខ្ញុំ​ជា​តារា​ចម្រៀង ក៏​សម្តែង​បទ​ចម្រៀង​ច្រើន​ដែរ អ៊ីចឹង​គិតថា​នឹង​ទៅ​រួច»៕

0

Comments

Please, login or register to post a comment