ភ្នំពេញៈ ចាប់តាំងពីអវត្តមានក្នុងពិធីមង្គលជ័យបងប្រុសបង្កើតជាកវីនិពន្ធបទចម្រៀងដ៏ល្បី លោក សុខ ជំនោរ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មក តារាចម្រៀងស្រីជ្រកក្រោមទ្រនំភ្លេងរីខត ដែលបានជំពប់រឿងអាស្រូវស្នេហាដោយសារអតីតមិត្តប្រុសទម្លាយរូបអាក្រាត កញ្ញា វ៉ាន់ នីឡា ក៏បានបង្ហាញវត្តមាននៃការដើរកម្សាន្ត លម្ហែអារម្មណ៍នៅលើទឹកដីអឺរ៉ុបកាន់ខែតែម្តង សូម្បីតែថ្ងៃឆ្លងឆ្នាំក៏នាងធ្វើនៅទីនោះដែរ។
នេះបើតាមការបង្ហោះរូបភាពគូស្នេហ៍មួយគូអង្គុយរង់ចាំពេលវេលារាប់ថយក្រោយ នៃថ្ងៃឆ្លងឆ្នាំ ២០១៧ ឈានចូលដល់ឆ្នាំ ២០១៨ និងសារហាក់ដូចជាចង់រំឭកគ្រាកម្សត់មួយថា៖ «ពេលមនុស្ស ២ នាក់ មានការព្រួយបារម្ភពីគ្នាទៅវិញទៅមកពិតប្រាកដនោះ គឺពួកគេតែងតែរកវិធីដើម្បីដោះស្រាយឲ្យបានល្អ ដោយមិនបានគិតដល់ការលំបាកកម្រិតណានោះឡើយ»។
នាងបង្កើតចម្ងល់យ៉ាងខ្លាំង ខណៈពេលដែលនាងបានសម្រេចចិត្តហោះហើរទៅកាន់ទឹកដីអឺរ៉ុប យ៉ាង បន្ទាន់នៅចំថ្ងៃនៃការរៀបចំមង្គលការបងប្រុសបង្កើតរបស់ខ្លួន ដោយនាងគ្រាន់តែបង្ហើរសារនៅក្នុងបណ្តាញសង្គម ថា៖ «មិនបានចូលរួមពិធីមង្គការបងប្រុសទេ ព្រោះរវល់នឹងការងារចាំបាច់បំផុត គឺត្រូវទៅនាំគ្រឿងសម្អាងចូលមកលក់នៅហាង» នោះ គេក៏បានឃើញកញ្ញា វ៉ាន់ នីឡា បង្ហោះរូបដើរកម្សាន្តយ៉ាងស្និទ្ធស្នាលបែបដូចជាគូស្នេហ៍ គឺជាមួយនឹងបុរសជនបរទេសម្នាក់ ដែលរូបភាពមានចាប់បីនាងលើកដាំដូង នៅឯប្រទេសអ៊ីតាលី។
តែកញ្ញា វ៉ាន់ នីឡា ក៏បានព្រលយសារតបបកស្រាយវិញដែរ ខណៈពេលមានក្រុមមិត្តភក្តិលេងបណ្តាញសង្គមទៅសួរនាំថា តើជាគូស្នេហ៍ថ្មីរបស់នាងមែន បានជាផ្អែមល្ហែមម្ល៉េះនោះដែរថា៖ «ខ្ញុំអត់មានអ្វីនិយាយនោះទេ!ផ្អែមល្ហែមអី គឺគាត់គ្រាន់តែជាមិត្តភក្តិរបស់អូនទេតើ!»។
ខណៈពេលបង្ហាញវត្តមានដើរកម្សាន្ត លម្ហែកាយនៅឯប្រទេសនានានៃទឹកដីតំបន់អឺរ៉ុបដែលមានដូចជាប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ និងម៉ូណាកូ ជាដើមនោះ ក៏ឃើញតារាចម្រៀងស្រីមិនសូវជាល្បីឈ្មោះជ្រកទ្រនំភ្លេងរីខត ដែលជាបុត្រសម្ព័ន្ធនៃផលិតកម្មហង្សមាស ឈ្មោះពិតថា សុខ ចិន្តា ហៅកញ្ញា វ៉ាន់ នីឡាឧស្សាហ៍បង្ហោះសារប្លែកៗជាហូរហែផងដែរ។
កាន់តែ ជាក់ស្តែងនាងសរសេរសារបែបជាការតាំងចិត្តដោយខ្លួនឯង សម្រាប់ទទួលយកភាពរីករាយសប្បាយចិត្តឆ្នាំថ្មីនេះ ចំពោះរូបខ្លួនឯងតែម្តងថា៖ «សួស្តីឆ្នាំថ្មី!នាងខ្ញុំចង់ ឲ្យឆ្នាំ ២០១៨ សាបព្រោះនូវសេចក្តីសុខសុភមង្គលដល់អ្នកទាំងអស់គ្នា ហើយនៅឆ្នាំនេះដែរនាងខ្ញុំក៏អាចនាំនូវស្នាមញញឹម និងភាពរីករាយទាំងឡាយទាំងពួងមកចែកជូនអ្នកទាំងអស់គ្នាបានទៀតផង»៕