ក្រុងហែលស៊ីនគី: សណ្ឋាគារ​ចល័ត​ដ៏​តូច​បាន​បើក​ដំណើរការ​នៅ​ហ្វាំងឡង់ នៃ​តំបន់​ប៉ូល​ខាងជើង បំពាក់​ភ្ជាប់​រទេះ​សណ្ដោង ដែល​អាច​ត្រាច់​ចរ​លើ​វាល​ព្រឹល​ទឹកកក ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ល្អៗ​ដើម្បី​គន់​ពន្លឺ​ធម្មជាតិ​ភាគ​ខាងជើង។

បង្កើតឡើង​ដោយ​ប្រតិបត្ដិករ​ទេសចរណ៍ ៤ Off the Map Travel បន្ទប់​ស្នាក់​សម្រាប់​មនុស្ស ២ នាក់​មាន​ទំហំ​ទទឹង​តែ ២,៤០ ម៉ែត្រ បណ្ដោយ ៤,៥ ម៉ែត្រ និង​កម្ពស់ ២ ម៉ែត្រ។

នៅក្នុង​សណ្ឋាគារ​ចល័ត​បំពាក់​បរិក្ខារ​ចាំបាច់​គ្រប់​ប្រភេទ រួមទាំង គ្រែ​ដេក​ដ៏​ស្រួលខ្លួន តុ​តូច ម៉ាស៊ីន​កម្ដៅ និង​បង្គន់​ស្ងួត​នៅ​ខាងក្រៅ។ បន្ទប់​ស្នាក់​តូច​នេះ ក៏​រំលេច​នូវ​ដំបូល​ឆ្លុះ​មេឃ អាច​គន់​ពន្លឺ​ភាគ​ខាង​ជើង​ពេល​កំពុង​ដេក។

អំឡុងពេល​ស្នាក់នៅ ភ្ញៀវ​នឹង​ត្រូវមាន​ស្បែកជើង​ព្រឹល និង​ម៉ូតូ​ទឹកកក​ផ្ទាល់​ខ្លួន ដើម្បី​ជិះ​លុក​លុយ​ក្នុង​តំបន់។

សរុបមក មាន​សណ្ឋាគារ​ចល័ត​ចំពោះ ៣ កំពុង​ដំណើរការ​នៅ​ភាគ​ខាងកើត​ភូមិ​ដាច់ស្រយាល គីល​ភីសចាវី ភាគ​ខាងជើង​ប្រទេស​ហ្វាំងឡង់។

ទាំងនេះ​សម្រាប់​ដាក់​ឲ្យ​ភ្ញៀវ​កក់​រហូតដល់​ពាក់កណ្ដាល​ខែមេសា និង​បើក​ដំណើរការ​ជាថ្មី​រហូត​ដល់​ខែ​មករា ឆ្នាំ ២០១៩។

Jonny Cooper ស្ថាបនិក Off the Map Travel និង​អ្នកជំនាញ​មគ្គុទេសក៍​តំបន់​ប៉ូល បាន​និយាយ​ថា ផ្ទះ​ស្នាក់​ឆ្លុះ​មេឃា​នេះ ផ្ដល់​នូវ​បទពិសោធ​យ៉ាង​ពិសេស​ដល់​ភ្ញៀវ។

សណ្ឋាគារ​ចល័ត​​រទេះ​អូស​លើ​ទឹកកកនាំភ្ញៀវ​មើល​ពន្លឺ​ប៉ូល​ខាង​ជើង​។

លោក​បន្ថែមថា៖ «ជំរំ​លើ​វាល​ទឹកកក​នេះ​ត្រូវបាន​ដំឡើង​នៅក្នុង​រដូវរងា ដោយ​ផ្ដល់​ឲ្យ​ភ្ញៀវ​នូវ​ឱកាស​ពិសេស​គន់​ពន្លឺ​ភាគ​ខាងជើង និង​រីករាយ​ជាមួយ​ភាព​ស្ងប់​សុខ​លើ​វាល​ទឹកកក​តំបន់​ប៉ូល​ខាងជើង»។

បទពិសោធ​ស្នាក់​ឯ​កណ្ដាលវាល​ទឹកកក​ជាមួយ Off the Map Travel ចាប់ផ្ដើម​ពី​ម៉ោង ៦ ល្ងាច ពេល​ដែល​មគ្គុទេ្ទសក៍​ដឹកជញ្ជូន​ភ្ញៀវ​ដោយ​ម៉ូតូ​ទឹកកក​ទៅ​កាន់​សណ្ឋាគារ​តូច​មុន​ពេល​បង្ហាត់​បង្ហាញ​ពួកគេ​ពី​វិធី​ដុត​ភ្លើង និង​អាំង​សាច់​ក្រក។

ក្រោយពី​អាំង​សាច់​កណ្ដាលវាល​ទឹកកក ភ្ញៀវ​នឹងត្រូវ​ដំឡើង​តង់​ខ្លួន​ឯង។ ដូច្នេះ​ពួកគេ​អាច​រីករាយ​នឹង​ភាព​ស្ងប់​សុខ​នៃ​តំបន់​ប៉ូល​ខាងជើង​នេះ និង​រង់ចាំ​គន់​សម្រស់​ពន្លឺ​ភ្លើង​ពណ៌​ធម្មជាតិ។

តំបន់​ភូមិ គីលភីសចាវី រំលេច​នូវ​ផ្ទៃមេឃ​ស្រឡះ​ល្អ​នាពេល​រាត្រី និង​សម្បូរ​ពន្លឺ​ភាគ​ខាងជើង​រះ​ច្រើន​ជាង​ទីណាៗ​ទាំង​អស់​នៃ​ប្រទេស​ហ្វាំងឡង់។ ក្រុម​អ្នក​ជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា បើ​មេឃ​ស្រឡះ​ល្អ ភ្ញៀវ​មាន​ឱកាស​បាន​ឃើញ​ពន្លឺ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ៧០ ភាគរយ៕HR

ភ្ញៀវ​ស្នាក់នៅ​បន្ទប់កញ្ចក់អាច​គយគន់​ទេសភាព​បាន ៣៦០ ​ដឺក្រេ​។