ក្រុងឌុយប្លាំង: ការ​ទទួល​ទាន​ធ្លាប់​ពី​ការ​ចម្អែត​ក្រពះ​ដើម្បី​ជីវិត​រស់។ ប៉ុន្ដែ​អ៊ីនស្ដាក្រាម​បាន​បង្ហាញ​ថា សង្គម​ចែក​រំលែក​រូប​ភាព​នា​ពេល​បច្ចុប្បន្ន បាន​ផ្លាស់ប្ដូរ​ទម្លាប់​ញ៉ាំ ដោយ​ម្ហូបម្ហា​គ្រប់​យ៉ាង​ជា​ទស្សនីយភាព​សប្បាយ​ភ្នែក។

នៅ​ក្រុង​ឌុយប្លាំង សណ្ឋាគារ​មួយ​បាន​បង្កើត​គំនិត​ច្នៃប្រឌិត​ដោយ​បោះ​ជំហាន​ទៅ​មុខ​មុន​បណ្ដាញ​សង្គម​ទៅ​ទៀត។ រយៈពេល ២ ទសវត្សរ៍ The Merrion សណ្ឋាគារ​ប្រណីត​បំផុត​ប្រចាំ​ទីក្រុង​អៀរឡង់ បាន​បើក​បម្រើ​សេវាកម្ម​ដ៏​ចម្លែក​បំផុត ហើយ តែ សិល្បៈ (Art Tea) សេវាកម្ម​ធ្វើ​ខ្លួន​ឯង ២ វគ្គ ដែល​ចុងភៅ​រចនា​នំ​ទៅ​ជា​វត្ថុ​សិល្បៈ​ដ៏​ល្អ​វិចិត្រ។

ទស្សនៈ​នេះ​យក​លំនាំ​តាម​គំនូរ​អឺរ៉ុប​សតវត្សរ៍​ទី ១៩ និង​ទី ២០ ដែល​រំលេច​លើ​ជញ្ជាំង​សណ្ឋាគារ ជាការ​ចងក្រង​លក្ខណៈ​ឯកជន​ដ៏ធំ​បំផុត​សម្រាប់​ប្រទេស​នេះ។

ជា​រៀងរាល់​ថ្ងៃ មេ​ចុងភៅ​បាន​ផលិត​នំ​ចម្លង​ពី​គំនូរ​ក្នុង​ទម្រង់​តូចៗ ដោយ​ប្រែ​ក្លាយ​ពី​គំនូរ​លើ​ជញ្ជាំង​មក​ជា​នំចំណី​សម្រាប់​ទទួល​ទាន។

នំ Battenberg ពណ៌​ខៀវ និង​លឿង យក​លំនាំ​តាម​គំនូរ​របស់​សណ្ឋាគារ​មួយ ព្រមទាំង​សាំង​វិច​ប្រពៃណី​អៀរឡង់​ផងដែរ។ ប៉ុន្ដែ​វគ្គ​ទី​ពីរ ជា​វិជ្ជា​វេទមន្ដ។

គំនូរ​អគារ​កសិដ្ឋាន​របស់ ស្ដេហ្វេន ម៉ាក​ឃេនណា ដែល​រំលេច​រូប​រាង​ជា​នំ​ផ្អែម​ជាមួយ​ក្រែម​កាហ្វេ យក​លំនាំ​តាម​គំនូរ ខ្ទះ​ឆា បំពង់​ភ្លើង ស៊ុត និង​ក្រូចឆ្មារ​ក្នុង​ឆ្នាំ ១៩៣០ របស់​លោក វីលៀម ស្កុត ដែល​ត្រូវ​បាន​រចនា​ជា​នំ ប៊ីស្គីត វ៉ានីឡា​ជាមួយ​ទឹក​ក្រូច។

អាង​ហែលទឹក​នៃ​សណ្ឋាគារ​ ត្រូវ​បាន​លម្អ​ដោយ​ផ្ទាំង​គំនូរ​។

គំនិត​បង្កើត​សេវាកម្ម តែ សិល្បៈ មាន​តាំងពី​ឆ្នាំ ២០០០ ដោយ​មេ​ចុងភៅ​ផលិត​នំ​ប្រចាំ​សណ្ឋាគារ ផូ ខេលលី និង​ជាប់​រហស្សនាម​ថា ផ្ទាំង​គំនូរ​វិចិត្រ​ដែល​អាច​ញ៉ាំ​បាន ហើយ​វា​បាន​ទទួល​ការ​ពេញ​និយម​ជា​បន្ដ​បន្ទាប់។ ខណៈ​ទឹកតែ​មាន​ការ​ពេញ​និយម​ខ្លាំង សេវាកម្ម​លក់​នំ រួម​ទាំង បង្អែម​ផ្ទាំង​គំនូរ គួប​នឹង​ទឹក​តែ​ជា​ភាព​ទាក់​ទាញ​ចម្បង​របស់​សណ្ឋាគារ​ប្រណីត​នេះ។

ទាំង​ពណ៌​សម្បុរ និង​ការ​ឌីហ្សាញ​នៃ​អគារ​នីមួយៗ ត្រូវបាន​យក​លំនាំ​តាម​គំនូរ​ទស្សនីយ​ភាព​អៀរ​ឡង់​របស់ ផូល ហេនរី ខណៈ​អ្នក​គាំទ្រ​សិល្បៈ​ទាំង​នេះ​អាច​ស្ដាប់​បទ​បង្ហាញ​ពី​ប្រវត្ដិសាស្ដ្រ និង​ដំណើរ​ទំនង​នៃ​ការ​ចង​ក្រង​ទុក។

ក្រៅពី​ស្នាដៃ​សិល្បៈ ភាព​ផ្ចិតផ្ចង់​លម្អិត​ត្រូវបាន​ធ្វើ​ឡើង​ឲ្យ​កាន់​តែ​ទាក់​ទាញ។ សូម្បី​តែ​អគារ​ក៏ត្រូវ​បាន​រំលេច​នូវ​ភាព​ស្រស់​ស្អាត​ជាមួយ​គ្រឿង​លម្អ អម​ដោយ​ទិដ្ឋភាព​ធម្មជាតិ​ដ៏​ត្រជាក់​ភ្នែក៕HR

នំ​បង្អែម និង​ផ្ទាំង​គំនូរ​ដែល​អាច​ទទួលទាន​បាន ជាមួយ​ទឹកតែ​។