ភ្នំពេញៈ មើល​ទៅ​តារា​សម្តែង​ស្រី និង​ម៉ូដែល កញ្ញា ទឹម រដ្ឋា ពិត​ជា​ត្រូវ​ចិត្ត​ត្រូវ​ថ្លើម​ជាមួយ​នឹង​សមាជិក​នៃ​ក្រុម​គ្រួសារ​អនាគត​ឪពុក​ម្តាយ​ក្មេក​នាង​ហើយ ខណៈ​ពេល​ប្រារព្ធ​ពិធី​ខួប​កំណើត​នាពេល​ថ្មីៗ​នេះ ក៏មាន​សមាជិក​គ្រួសារ​គូស្នេហ៍​ជាតិ​អាមេរិក រូប​សង្ហា ចូវ៉ានី អេនតូនីញ៉ូ ចូលរួម ដែរ​នៅ​ឯ​ទឹកដី​សម្បូរ​ប្រាង្គ​ប្រាសាទ​បុរាណ ខេត្ត​សៀមរាប​ឯណោះ។

នេះ​បើតាម​សារ​ថ្លែង​អារម្មណ៍​ត្រេកអរ និង​ថ្លែង​អំណរគុណ​របស់​តារា​សម្តែង​ស្រី​សិចស៊ី ឬ​ស៊ីវិល័យ​កញ្ញា ទឹម រដ្ឋា តាម​បណ្តាញ​សង្គម​ថា៖ «ខួប​កំណើត​ខ្ញុំ​ឆ្នាំ​នេះ ពិតជា​ពិសេស​ណាស់ ព្រោះ​បាន​ធ្វើ​នៅ​ឯ​ទីកន្លែង​ដែល​ខ្លួន​ស្រឡាញ់​បំផុត គឺ​នៅ​ក្រុង​សៀមរាប​នៃ​ទឹកដី​ព្រះរាជា​ណាចក្រ​អច្ឆិយ ជាមួយ​នឹង​មនុស្ស​ជាទី​ស្រឡាញ់​មួយ​ចំនួន​នៅ​ក្នុង​គ្រួសារ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​សង្សារ​ខ្ញុំ ដែល​បាន​មក​ពី​អាមេរិក​នោះ»។

យ៉ាងណា​គេ​មិនដឹង​សេចក្តី​បន្ថែម​ពី​ជំនួប​គ្នា​នៃ​ក្រុម​សាច់ញាតិ​របស់​គ្រួសារ​លោក ចូវ៉ានី អេនតូនីញ៉ូ ជាមួយ​នឹង​ក្រុម​គ្រួសារ​តារា​ស្រី រាងស្ល៊ីម ដែល​មាន​រាសី​ឡើង​កូដ​ខ្លាំង​នៅ​ចុង​ឆ្នាំ ២០១៧ នៅ​ក្នុង​ការ​ចាប់​បាន​ឱកាស​ថតកុន​ជា​ហូរហែ កញ្ញា ទឹម រដ្ឋា នោះ​ឡើយ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​នាង ដែល​ធ្លាប់​ទាក់​ទង​កាល​ពី​មុន​នោះ មិន​អាច​ទាក់ទង​បាន។

ជា​ហូរហែ​កន្លងមក​ក្រៅពី​គេ​ឧស្សាហ៍​ឃើញ​បណ្តើរ​សង្សារ​អាមេរិក​រូប​សង្ហា ចូវ៉ានី អេនតូនីញ៉ូ ចូលរួម​ក្នុង​កម្មវិធី​ផ្លូវការ ឬ​កម្មវិធី​សង្គម​នានា​ដោយ​បើក​ចំហ តារា​សម្តែង និង​ម៉ូដែល កញ្ញា ទឹម រដ្ឋា ក៏​តែងតែ​បង្ហោះ​រូប និង​សារ​ផ្អែម​ល្ហែម​បង្ហាញ​ពី​ភាព​សិ្នទ្ធស្នាល​ជា​គូស្នេហ៍​ពេល​ដើរ​កម្សាន្ត​នៅ​ទីនា​នា​យ៉ាង​រីករាយ រហូត​ធ្វើ​ឲ្យ​មហាជន​គាំទ្រ​ជំរុញ​ឲ្យ​នាង​ឆាប់​រួស​រាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​ឆាប់ៗ​ទៀត​ផង។

តាមរយៈ​រូបថត​មួយ​សន្លឹក ដែល​ដឹកដៃ​គ្នា​យ៉ាង​សប្បាយ នា​ពេល​ដើរ​កម្សាន្ត​ថ្មីៗ រវាង​តារា​សម្តែង​ស្រី​រាង​ស្ល៊ីម មាន​រាសី​ឡើង​កូដ​ខ្លាំង​ចុង​ឆ្នាំ ២០១៧ នៅ​ក្នុង​ការ​ចាប់​បាន​នូវ​ឱកាស​ថត​កុន កញ្ញា ទឹម រដ្ឋា និង​សង្សារ​ជា​ជនជាតិ​អាមេរិក ល្បី​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នោះ គ្រាន់​តែ​បាន​បង្ហោះ និង​សរសេរ​ថា៖ «សាក​ធ្វើ​ទៅ កាន់​ដៃ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ នៅ​ក្នុង​ពេល​មាន​អាកាសធាតុ​ត្រជាក់​បែប​នេះ ស្រមៃ​មើល​ទៅ​ថា អូន​នឹង​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ?»

ភ្លាម​មក ក៏បង្ក​ការ​ភ្ញាក់ផ្អើល និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​នាង ក៏បាន​ជំរុញ​នាង​ឲ្យ​ឆាប់​រៀបការ​ភ្លែត​តែម្តង​ទៀតផង​ដែរ។

ប៉ុន្តែ កញ្ញា ទឹម រដ្ឋា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា៖ «សម្រាប់​រឿង​រៀបការ នាង​ខ្ញុំ​មិន​ទាន់​បរិយាយ​យ៉ាង​ណា​ទេ​ តែ​សុំ​ទុក​ពេល​វេលា​ដើម្បី​ស្វែង​យល់​ចិត្ត​គ្នា​មួយរយៈ​ទៀត​សិន។ នាង​ខ្ញុំ​ក៏សុំ​មិន​ទាន់​កំណត់​ពេលវេលា​យ៉ាង​ណា​ថា នឹង​ត្រូវ​ដល់​ពេល​ត្រូវ​ចាត់​ចែង​រឿង​នោះ​ដែរ ព្រោះ​ថា ពេលវេលា​ទៅ​ថ្ងៃ​ខាងមុខ​នោះ យើង​ពិត​ជា​មើល​មិន​ឃើញ​ដែរ»។

យ៉ាងណាក្តី​បើតាម​ការ​តាម​ដាន​ពី​សម្ព័ន្ធភាព​ស្នេហា​រវាង​តារា​សម្តែង​ស្រី​មាន​រាង​ស្ល៊ីម ដែល​មហាជន​ឲ្យ​រហស្សនាម​ថា ជា​តារា​ស្រី​ស្វាក់​ស្នេហ៍​ច្រើន​តែ​ជា​កន្លង់​បរទេស​កញ្ញា ទឹម រដ្ឋា និង​ស្នេហ៍​ថ្មី ជាតិ​អាមេរិក ដែល​ជា​នាយក​ប្រតិបត្តិ​និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ គឺ​លោក ចូវ៉ានី អេនតូនីញ៉ូ ពិត​ជា​មាន​ភាព​ស៊ីចង្វាក់​គ្នា និង​បាន​បង្កើត​នូវ​ភាព​ផ្អែម​ល្ហែម​យ៉ាង​ខ្លាំង មាន​រយៈពេល​រាង​យូរ​ក្រែល​ជាង​គេ បើ​ប្រៀប​ទៅ​នឹង​ចំណង​ស្នេហ៍​នាង​ជាមួយ​អតីត​សង្សារ​ជា​ជនជាតិ​ប៉ាគីស្ថាន និង​ប្រេស៊ីល​នោះ៕