ភ្នំពេញៈ ​ក្រោយ​ពី​កូន​ប្រុស​ទី​ ២ កើតមក​បាន​​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​បានរយៈ​ពេល​ចំនួន​​ពីរ​សប្តាហ៍​មក​​​នោះ អតីត​តារា​ចម្រៀង​ប្រុស​ជ្រក​នៅ​ក្រោម​ទ្រនំ​ផលិតកម្ម​ហង្សមាស ដែល​ល្បី​ឈ្មោះ​មួយ​ប្រាវ លោក ​សាពូន មីដាដា ក៏​បាន​បង្ហោះ​សារ​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទៅ​ដល់​មហាជន​​ពេញ​តាម​បណ្តាញ​សង្គម​​តែ​ម្តង។​

ជា​មួយនឹង​​រូប​ថត​របស់​កូន​ស្រី​ច្បង​​ និង​កូន​ប្រុសទី២​​ លោក សាពួន មីដាដា ក៏​បង្ហោះសារ​ថា៖ «កូន​ស្រី​​ច្បង សា​ពួន ដារ៉ា​ពិ​មាន​ គឺ​ជា​គ្រាប់​ពូជ​សិល្បៈ។ កូន​ប្រុស​ពៅ​ សាពួន ដារ៉ា​បុរស គឺ​ជា​គ្រាប់​ពូជ​ទា​ហា​ន​ ឪពុក​​ឲ្យ​ពរ​កូន​ទាំង​ពីរ​ប្រកប​ដោយ​ភាព​រឹង​មាំ​ សុចរិត​ និង​ជីវិត​ជោគជ័យ»។​

មជ្ឈដ្ឋានមហាជន​​​នៅ​ចាំ​បាន​​ថា គូ​ស្វា​មី​ភ​រិយា​ងារ​ជា​តារា​សិល្បៈ​ពីរ​ដួង​លោក សាពូន មីដាដា និង​តារា​ស្រី​អ្នកនាង សឿ សុធា​រ៉ា ដែល​មាន​ចំណង​ជីវិត​អាពាហ៍​ពិពាហ៍​ជិត​គ្រប់​មួយ​ទស​វត្សរ៍ និង​បង្កើត​បាន​ដំណក់ឈាម​កូន​ស្រី​ច្បង​មាន​វ័យ ៧ ឆ្នាំ នោះ ពួកគេ​ធ្លាប់​បាន​បង្ហោះ​រូបថត​អេ​កូ​សាស្ត្រ​កំណើត​កូន​ប្រុស​ដែល​រំពឹង​ថា នឹង​ត្រូវ​សម្រាល​នៅ​ចំ​ថ្ងៃទី ៧ ខែ​មករា ឆ្នាំ ២០១៨ តែក្ដី​រំពឹង​នេះ​​មិន​បាន​សម​តាម​បំណង​នោះ​ឡើយ។

រូបថត ហ្វេសប៊ុក

​​កូន​ប្រុស​ទី​២របស់​លោក​ សាពូន មីដាដា និង​អ្នកនាង សឿ សុធារ៉ា ត្រូវ​បាន​សម្រាល​​កាល​ពី​ថ្ងៃ​ទី​ ១ ខែ ​មករា ឆ្នាំ​២០១៨​ ហើយ​​ឪពុក​ទារក​ដែលជា​តា​រា​ចម្រៀង​ម្ចាស់​បទ «និ​យ​​ម​ន័យ​ស្នេហ៍» ដ៏​ល្បី​​រ​ន្ទឺ​កាល​ពី​ជិត ១០ ឆ្នាំមុន ​​លោក សាពូន មីដា​ដា​ បាន​បង្ហោះ​សារ​អបអរ​កំណើត​កូន​ទីពីរ​នេះ​ផង​ដែរ​ថា៖ «ថ្ងៃ​សីល ១៥ កើត ខែ​បុ​ស្ស​ ពេញ​បូរ​​មី ឆ្នាំ​រកា ន​ព្វ​​​​​​​ស័ក​ ព​.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០១៨ នៅ​វេលា​ម៉ោង ៣ និង ៥៨ នាទី ព្រឹក (ទៀ​​ប​ភ្លឺ)។ កូន​ប្រុស​ពុក សាពូន ដារ៉ា​បុរស បាន​កើត​មក​ហើយ​លើ​ទឹក​ដី​សុវណ្ណ​ភូមិ ដ៏​ស្រស់​ស្អាត​នេះ។ ឪពុក​ឲ្យ​ពរ​កូន​ក្លាយជា​មនុស្ស​សែន​រឹង​មាំ ដែល​ប្រកាន់​ខ្ជាប់​នូវ​សុចរិត​ភាព​ជា​និច្ច និង​មានជ័យ​ជោគ​ក្នុង​ឆាក​ជីវិត»។

​កាល​ពី​ភរិយា​ខ្លួន​កំពុង​ពពោះ​កូន​ប្រុស​ទី ២ ដែល​ទើប​តែ​មាន​វ័យ ៥ ខែ លោក សាពូន មីដាដា ក៏​ធ្លាប់​​បង្ហើប​ឲ្យ​ដឹង​ថា មាន​មន្ទីរពេទ្យ​ឯកជន​ដ៏​ធំ​មួយ បាន​កក់​ទុក​ទាំង​ម្តាយ និង​គភ៌​ក្នុង​ផ្ទៃ​រួច​ហើយ​ដើម្បី​​ត្រៀម​យក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ដូចជា​កូនស្រី​ច្បង​ផងដែរ៕​

រូបថត ហ្វេសប៊ុក