ក្រុងញូវយ៉ក: ក្រុង​ញូវយ៉ក អាច​ក្លាយជា​គោល ដៅ​ដ៏​ទាក់​ទាញ​សម្រាប់​ទេសចរណ៍ និង​វប្បធម៌ តែ​កាល​ពី​ថ្ងៃ​សុក្រ ទីក្រុង​នេះ បាន​បន្ថែម​នូវ​មោទនភាព​មួយ​ផ្សេង​ទៀត គឺ Spyscape ជា​សារមន្ទីរ​ថ្មី​ផ្ដល់នូវ​បទពិសោធ​ជីវិត​ដល់​ភ្ញៀវ​ជា​ភ្នាក់ងារ​សម្ងាត់។

ផ្នែក​ខ្លះ​នៃ​សារមន្ទីរ ផ្នែក​ខ្លះ​នៃ​សិល្បៈ​ដំឡើង ភ្ញៀវ​អាច​សាកល្បង​ធ្វើ​កិច្ចការ​ជា​អ្នក​ស៊ើបការណ៍ លូន​ក្រាប​តាម​ពន្លឺ​ភ្លើង​ឡាស៊ែរ និង​ដោះស្រាយ​កូដ​សម្ងាត់​នៅ​អគារ​ថ្មី​សន្លាង ដែល​ត្រូវ​បាន​ចំណាយ​ពេល​កសាង ៤ ឆ្នាំ​នៅ​ក្បែរ​ឧទ្យាន​កណ្ដាល។

ប្រធាន​ក្រុមហ៊ុន Spyscape អ្នកស្រី Shelby Prichard បាន​និយាយ​ថា អតីត​មន្ដ្រី​ស៊ើបអង្កេត​អង់គ្លេស ត្រូវ​បាន​ជួល​មក​ជួយ​រចនា​ដំ​ឡើង។

បន្ទប់​នីមួយៗ ត្រូវបាន​រចនា​ឡើង​ទៅ​តាម​គំរូ​ប្រវត្ដិសាស្ដ្រ​នៃ​សម័យកាល ដូច​ជា​ការ​លួច​ដោះ​កូដ​របស់​អង់គ្លេស​លើ​កូដ Nazi Enigma អំឡុង​សង្គ្រាម​លោក​លើក​ទី ២។

វា​ក៏មាន​ឯកសារ​ទាក់ទង​នឹង​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក ប្រគល់​ឯកសារ​សម្ងាត់​ទៅ​កាន់​សហភាព​សូវៀត ផង​ដែរ។

អ្នកស្រី Shelby Prichard បាន​បន្ដថា៖ «វា​ក៏​ជា​ដំណើរ​ស្វែងរក​ជំនាញ​ចារកម្ម​ក្នុង​ខ្លួន​អ្នក​ផ្ទាល់​ផង​ដែរ ទាំង​កូន​ក្មេង និង​មនុស្ស​ធំ»៕