Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សាសា​ បោះ​បង់​ជីវិត​នៅ​បារាំង មក​បើក​ហាង​នៅ​ទឹកដី​សៀមរាប​

Content image - Phnom Penh Post
ភោជនីយដ្ឋាន​របស់​កញ្ញា សាសា នៅ​ខេត្ត​សៀមរាប​​​។ ហ្វេស៊បុក​

សាសា​ បោះ​បង់​ជីវិត​នៅ​បារាំង មក​បើក​ហាង​នៅ​ទឹកដី​សៀមរាប​

ភ្នំពេញៈ បន្ទាប់​ពី​បាន​ជួប​នូវ​ព្យុះ​ភ្លៀង​នៃ​​រលក​ជីវិត​ដែល​ញាំញី​ដោយ​បញ្ហា និង​រឿង​រ៉ាវ​អាស្រូវ​ស្មាន​មិន​ដល់​​ផ្ទួនៗ​ និង​ឮល្ហៀងៗ​ថា កញ្ញា ឯក សុជាតា ហៅ សាសា​ កំពុង​រត់​ការ​​ដើម្បី​ទៅ​រស់​នៅ​ប្រទេស​បារាំង​​ដ៏​ស៊ីវីល័យ​​ដើម្បី​គេច​ផុត​ពី​រឿង​សៅហ្មង​ចិត្ត​កាល​ពី​ឆ្នាំ​ចាស់ ២០១៥ នោះ​ ស្រាប់​តែ​​នៅ​ដើមឆ្នាំ ២០១៦ នេះ ​គេ​ឃើញ​ កញ្ញា សាសា​ បាន​បើក​នូវ​ទំព័រជីវិត​ថ្មី​ជា​ជម្រើស​ផ្ទាល់​ខ្លួន​​ក្នុង​​នាម​​ជា​ពល​រដ្ឋ​ខ្មែរ​ដ៏​សាមញ្ញ​​ម្នាក់ ​តាម​រយៈ​ការ​បើក​ភោជនីយដ្ឋាន​ថ្មី​មួយ​នៅ​លើ​ទឹក​​ដី​​សៀមរាប​អង្គរ​ទៅ​វិញ។

នេះ​​បើ​តាម​ការ​បង្ហោះរូប​ភាព​​មុ​ខ​ម្ហូប​អាហារ​​នានា ដែល​មាន​បម្រើ​នៅក្នុង​ហាង​​មាន​ឈ្មោះ​ Relax នៅ​ក្នុង​ហ្វេសប៊ុក​របស់​នាង​ចាប់​តាំង​ពី​ថ្ងៃទី ៣១ ​ខែ​ធ្នូ ឆ្នាំ ២០១៥ មក​។ ​

ការ​សម្រេច​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​​ខ្មែរ និង​បាន​ជ្រើស​យក​ទឹកដី​ខេត្ត​សៀមរាបជា​ទី​កសាង​មុខ​ជំនួញ​ថ្មី​របស់​អតីត​​ពិធី​ការិនី​កម្ម​វិធី​រាត្រី​កម្សាន្ដ​ ទូរ​ទស្សន៍​ស៊ី​ធី​អិន កញ្ញា​ សាសា បាន​បង្កនូវ​ភាព​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង។

តើមាន​មូលហេតុ​អ្វី​ដែល​បណ្តាល​ឲ្យ​កញ្ញា សាសា ហ៊ាន​សម្រេច​ចិត្ត​លុបចោល​ការ​ទៅ​រស់​នៅ​ប្រទេស​បារាំង ហើយ​​បែរ​ជា​មក​បើក​មុខ​ជំនួញ​រកស៊ី​​ត្រូវខ្វាយ​ខ្វល់​ចិត្ត​គិត​ទាំង​ព្រឹក​ទាំងល្ងាច​ដើម្បី​គាប់​ចិត្ត និង​ទាក់ទាញ​​ភ្ញៀវ​ទៅ​វិញ?

កញ្ញា សាសា ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ឲ្យ​ដឹង​តាម​ទូរ​ស័ព្ទ​អំពី​មូល​ហេតុ​នេះ​ថា៖ «តាម​ពិត​ក្រុម​គ្រួសារ​​មាន​បំណង​​ចង់​ឲ្យ​ខ្ញុំ​​ទៅ​រស់​នៅ​ប្រទេស​បារាំង​ដើម្បី​ឲ្យ​ជីវិត​ខ្ញុំ​​មាន​ភាព​ស្រស់ស្រាយ​ក្នុង​អារម្មណ៍​ និង​នៅ​ឆ្ងាយ​​ផុត​ពីភាព​សោក​​សៅ​ទាំង​ឡាយក្នុង​ឆ្នាំ​ចាស់​​នា​ពេល​កន្លង​មក​​។ តែ​​ជម្រើស​នាង​​ខ្ញុំចង់​​រស់​នៅ​ស្រុក​ខ្មែរ​ជាង ហើយ​នេះគឺ​ជា​សេចក្តី​ប្រាថ្នា និង​ក្តី​​ស្រឡាញ់​ពេញ​ចិត្ដ​របស់​នាង​ខ្ញុំ​ ហើយ​ការ​បើកភោជនី​យ​ដ្ឋាន​​នៅ​ឯ​ខេត្ត​​សៀម​រាប​​នោះ​ មិន​មែនទើប​តែ​មាន​នា​ពេលនេះ​ឡើយ គឺ​នាង​ខ្ញុំ​ចង់​បើក​តាំង​ពី​ឆ្នាំ ២០១៣ មកម្ល៉េះ​​!»។

កញ្ញា សាសា បន្ដ​ទៀត​​ថា៖ «នាង​ខ្ញុំ​ស្រឡាញ់​ទេស​ភាព និង​ទិដ្ឋភាព​នៃ​ទឹក​ដី​ខេត្ត​សៀមរាប​ ខណៈ​កាល​ពី​ដំបូង​​ឡើយ​មាន​បំណងចង់​បើក​មុខ​របរ​ប្រភេទ​​ជា​ហាងប៊ូទិក ប៉ុណ្ណោះ តែ​ក្រោយ​មក​ក៏​ដូរ​ចិត្ត​មក​ភោជនីយ​ដ្ឋាន​វិញ​ព្រោះ​គិត​ថា វា​ជា​មុខរបរ​មួយ​​ដែល​យើង​អាច​រក​ស៊ី​បាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​​ ទោះតិច​ក្តី​ច្រើន​ក្តី​ ក៏​មាន​ជាប់​លាប់​ដែរ»។

កញ្ញា​លើកឡើង​ទៀត​ថា៖ «ចំពោះ​ឈ្មោះ​ភោជនីយ​ដ្ឋាន​ដាក់​ថា​ Relax នេះ​គ្រាន់​តែ​ប្រើ​បណ្តោះ​អាសន្ន​​ប៉ុណ្ណោះ​ ឈ្មោះ​​ពិត​នាង​ខ្ញុំ​នឹង​ប្រើ​ជា​ភោជ​នីយដ្ឋាន​ «ម្ហូប​ខ្មែរ​ផ្ទះបុរាណ» ​វិញ បន្ទាប់ពី​នាង​ខ្ញុំ​ទទួល​​បាន​សិទ្ធិ​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​​សៀមរាប​មក​»។

ការ​ក្លាយខ្លួនជា​ម្ចាស់​ហាង​នៅ​​ទឹក​ដី​​សៀមរាប​ធ្វើ​ឲ្យ​កញ្ញា ឯក សុជាតា​ មានភាព​ស្រស់​ស្រាយ​នឹង​ជីវ​ភាព​រស់​នៅ​ដ៏​សាមញ្ញ​ ហើយ​នាង​​បង្ហើប​ថា៖ «សប្បាយ​ចិត្ត​​ណាស់​ព្រោះ​ថានាង​ខ្ញុំ​មិន​មែន​​បើក​មុខ​របរ ​ខុស​ច្បាប់​​ឯណា! នេះ​ជាការ​បើក​អាជីវ​កម្ម​រក​ស៊ី​ដូច​​ជា​ប្រជាជន​ខ្មែរ​ទូទៅ​​តាមលទ្ធភាព​ខ្លួន​ប៉ុណ្ណោះ។ ទោះ​​ទើប​បើក​បាន​ប៉ុន្មា​ន​ថ្ងៃក្តី ​តែ​មាន​បង​ប្អូន​ភ្ញៀវនៅ​សៀមរាប​គួរ​ឲ្យ​រាប់​អាន​ និង​អ្នក​ដែល​ស្គាល់​​នាង​ខ្ញុំ​បាន​មក​​ទទួល​​ទាន​ជា​បណ្តើរៗ​មិន​សូវ​ដាច់​ឡើយ​»។

កញ្ញា​បានលើក​ឡើង​ថា៖ «​នាង​ខ្ញុំ​មាន​ចុង​ភៅ​សុទ្ធ​តែ​ជំនាញ​ខាង​ម្ហូប​ខ្មែរ ចិន និងម្ហូប​បរទេស​ផ្សេងៗទៀត ​​មុខ​ម្ហូប​មាន​ជាង​ដប់ម្ភៃ​មុខ​ហើយ​ដែរ។ បុគ្គលិក​ធ្វើ​ការ​​មាន ១០ នាក់ និង​ចុង​ភៅពីរបី​នាក់​ ហើយ​ថ្ងៃ​មុខ​​ចង់​​បាន​បុគ្គលិក​បន្ថែម​ប្រ​ហែល ៥ នាក់​ទៀត​ ដើម្បី​ធ្វើ​សេវា​បម្រើ​ភ្ញៀវ​យើង​បាន​ល្អ​ ទាន់តម្រូវការ​ភ្ញៀវ ហើយ​ម្ហូប​នឹង​​ធ្វើ​ការ​​បន្ថែម​ជា​បន្ដ​បន្ទាប់ដែរ​»៕

0

Comments

Please, login or register to post a comment