Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សិស្សវិទ្យាល័យ​ច្បារអំពៅ ​ឈ្នះការ​ប្រកួត​ភាព​យន្ដ​កុមារ​អន្តរជាតិ​អាស៊ី​

Content image - Phnom Penh Post
សិស្ស​វិទ្យាល័យ​ច្បារអំពៅ​ឈ្នះជយលាភី​លេខមួយ​ពី​ការ​ប្រកួត​ភាពយន្ដ​​កុមារ​អន្ដរជាតិ​អាស៊ីលើកទី ៧។ ផា លីណា

សិស្សវិទ្យាល័យ​ច្បារអំពៅ ​ឈ្នះការ​ប្រកួត​ភាព​យន្ដ​កុមារ​អន្តរជាតិ​អាស៊ី​

ភ្នំពេញ : ក្រុមសិស្សថ្នាក់ទី ១០ រៀននៅវិទ្យាល័យ​ច្បារអំពៅ​ ដែល​មានវ័យ ១៥ ឆ្នាំគឺ​ជា​ម្ចាស់ជយលាភី​លេខ ១ នៅ​ក្នុង​កម្មវិធី​ការប្រកួត​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​លើកទី ៧ ក្នុង​​ប្រទេស​កម្ពុជា ដែល​ប្រារព្ធ​កាលពី​ថ្ងៃទី ៩ ​ខែកញ្ញា ឆ្នាំ ២០១៥ កន្លង​មកនៅ​ឯមជ្ឈម ណ្ឌលសហប្រតិបត្តិការ​កម្ពុជាជប៉ុន ​CJCC ក្រោម​​ប្រធាន​បទ «ពេល​អ្នក​សប្បាយ​ចិត្ត» ខណៈ​លេខ ២ និង​លេខ ៣ ​បានទៅក្រុម​សិស្ស​នៃសាលា​ចំណេះដឹង​ទូទៅ​ឯកជន​ចំនួន​ពីរ។​

ក្រុម​ជយ​លាភី​នី​មួយៗ​ទទួល​បាន​ពានមួយ​ក្នុង​មួយក្រុម ​​វិញ្ញាបន​បត្រ​​មួយ​ម្នាក់ និង​បាន​ចូលរួម​កម្មវិធី​​មហោស្រព​ភាព​យន្ត​កុមារអន្តរជាតិ​អាស៊ីនៅ​ប្រទេស​ជប៉ុន​ក្នុង​ខែ​វិច្ចិកា​ខាង​មុខទាំង ៩ នាក់ផងដែរ។​ក្រុម​ជយ​លាភី​លេខ ១ ដែល​មាន​សមាជិក​សុទ្ធតែ​ប្រុស​ទាំង​បី​រួម​មាន​យុវជន ថៃ វីឡាក់ ​ហុង ស៊ុនឆាយ និង​​លី តុងយាន វ័យ ១៥ ឆ្នាំដូចគ្នា បាន​ជ្រើស​យក​ប្រធាន​បទ​​សម្រាប់​ក្រុម​ខ្លួននៅ​​​ក្នុង​ការ​ផលិតរឿង​​វីដេអូ​ខ្នាតខ្លី​រយៈពេល ៣ នាទី​ មាន​ចំណង​ជើង​ថា​ «​Two Orphans »។

ចំណែក​ក្រុម​លេខ ២ របស់​ក្រុមស្សិស​រៀន​ថ្នាក់ ១១ នៃ​សាលា​ចំណេះដឹង​ទូទៅ​ឯកជន Cambodia Advantage School (CAS) ​ មាន​វ័យ ១៧ ឆ្នាំ​រួម​មាន​យុវជន​ ពេជ្រ វិ​សុដ្ឋសុខ ភោគ សុភក្ត្រា និង​យុវតី ព្រាប ពេជ្ររស្មី ជាមួយ​នឹង​ប្រធានបទ​ពួកគេ «When you are happy»។

Content image - Phnom Penh Post
​​ជយលាភី​ពី​ការ​ប្រកួត​មហោស្រព​ភាពយន្ដ​កុមារ​អន្ដរជាតិ​អាស៊ី​​។ ផា លីណា

រីឯ​ក្រុម​លេខ ៣ របស់​ក្រុម​សិស្ស​រៀនថ្នាក់ទី ១១ នៃ​សាលា ឯកជន Singapore International School (SIS) វ័យ ១៦ ឆ្នាំរួម​មាន​យុវជន ជា ថារិទ្ធិវីរៈយុត្តិ ផល ចន្ទពន្លឺ​ និង​រស់ ប៊ុ​នណាវុទ្ធ​ ក្នុង​ប្រធាន​បទ​ ​«Open Your Mind»។

ថៃ វីឡាក់​ ប្រាប់​ពី​សាច់​រឿង​​ Two​ Orphans និង​អារម្មណ៍​ខ្លួន​ថា៖ «រឿង​យើង​ចង់បង្ហាញ​ពី​ការតស៊ូ​របស់​បងប្អូន​កំព្រា​ពីរ​នាក់​ ខិត​ខំ​រកស៊ី​ចិញ្ចឹម​​ជីវិត និង​រក​ប្រាក់​ឲ្យ​ប្អូនៗ​បាន​រៀន​សូត្រ​ចាប់​តាំង​ពី​ថ្នាក់​តូចដល់​បញ្ចប់ថ្នាក់​មហា​វិទ្យា​ល័យ​។ ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ហើយ​ក៏​មិន​នឹក​ស្មាន​ថា​ ក្រុម​យើង​​ទទួលបាន​​ជ័យជម្នះលេខ​មួយ​ដែរ»។

ចំណែក​ ពេជ្រ វិសុដ្ឋសុខ ក៏​ប្រាប់​សាច់រឿង When you are happy និ​ង​អារម្មណ៍​ខ្លួន​ថា​៖ «ពិតជា​រីករាយខ្លាំង​ណាស់​ដែល​ក្រុម​ជាប់លេខ ២។ រឿង​យើង​ផ្តោត​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្សពីរ​ប្រភេទ​​គឺ​សិស្ស​ស្រី ដែល​សម្តែង​ដោយ​ ព្រាប ពេជ្រ​រស្មី ចូលចិត្ត​ចុច​ទូរ​ស័ព្ទ​លេង​ពេល​រៀន​ត្រូវ​ប្រឡងធ្លាក់ និងសិស្ស​ប្រុស​ ភោគ សុភក្ត្រា​ ជា​សិស្ស​ឧស្សាហ៍​រៀន​សូត្រ​ត្រូវ​ប្រឡងជាប់»។

រីឯ​ ជា ថារិទ្ធិវីរៈយុត្តិ​ ក៏​ប្រាប់​សាច់​​រឿង Open Your Mind ផង​ដែរ​ថា៖ «រឿង​យើង​ចង់​បង្ហាញ​ពី​អារម្មណ៍​ដ៏សប្បាយ​​រីក​រាយ​របស់​សិស្ស​មួយ​ក្រុម​ នាពេល​ពួកគេ​ចេះ​​បើក​ចិត្តទូលាយ ​ក្នុង​ការទទួល​យក​មតិ​យោបល់​ពី​អ្នកដទៃ​ ដើម្បី​​អភិវឌ្ឍ​ខ្លួន​ឲ្យ​ល្អប្រសើរ​។ យើង​ក៏​សប្បាយ​ដែរ​សម្រាប់​ជយលាភី​ចំណាត់​ថ្នាក់​លេខ ៣ នេះ​»៕​​

0

Comments

Please, login or register to post a comment