ភ្នំពេញៈ ក្រៅ​ពី​កាក់​កប​នឹង​អាជីព ជា​តារា​សម្តែង​ស្ប៉ត​ពាណិជ្ជកម្ម​ធំ​ឲ្យ​សាបៀរ Ganzberg កាល​ពី​ឆ្នាំ​ចាស់​មក​ឃើញ​ថា ឆ្នាំ​ថ្មី​នេះ តារា​ចម្រៀង​ស្រី​នៅ​ល្បី​លើ​ទ្រនំ​ផលិតកម្ម​សាន់ដេ កញ្ញា សុខ ពិសី ក្លាយជា​អ្នក​តំណាង​ផលិតផល​រក្សា​សម្ផស្ស​ថ្មី​គឺ​ក្រែម​លាប​មុខ​ម៉ាក Fair & Lovely នៃ​ក្រុមហ៊ុន Unilever ដែល​បាន​ប្រកាស​តាំង​ពី​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០១៨ នៅ សណ្ឋាគារ​ណាហ្គាវើលដ៍។

គេ​សង្កេត​ឃើញ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តារា​ចម្រៀង​ស្រី​ជ្រក​ទ្រនំ​សាន់ដេ ដែល​មាន​សំឡេង​ស្រួយ​ដូចជា​សារិកា កញ្ញា​សុខ ពិសី ហាក់​ដូចជា​កាក់​កប ខ្លាំង​នឹង​ទីផ្សារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ច្រើន​ជាង​ទីផ្សារ នៅ​ផ្នែក​សិល្បៈ​ដោយ​ពុំ​សូវ​មាន​ចេញ​បទ​ចម្រៀង​ថ្មីៗ ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​គាំទ្រ​ទេ ហើយ​ក៏​ឧស្សាហ៍​ពើប​ប្រទះ​នឹង​រលក​ព័ត៌មាន​អាស្រូវ​ទៀត​ផង​ដែរ គឺ​បែក​ធ្លាយ​រឿង​មាន​ស្នេហ៍​លួច​លាក់​ជាមួយ​នឹង​ថៅកែ​ផលិតកម្ម​ខ្លួនឯង​នោះ។

យ៉ាងណា​ការ​ទទួល​បាន​តំណែង​ថ្មី​ជា​តារា​តំណាង​ឲ្យ ផលិតផល​រក្សា​សម្ផស្ស​ថ្មី គឺ​ក្រែម​លាប​មុខ​ម៉ាក Fair & Lovely របស់​ក្រុមហ៊ុន Unilever នេះ មិន​ត្រូវ​បាន​កញ្ញា សុខ ពិសី បកស្រាយ​ឲ្យ​ដឹង​ពី​រយៈពេល​ប៉ុន្មាន និង​តម្លៃ​ខ្លួន​ប៉ុន្មាន​ឡើយ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ធ្លាប់​ធ្វើ​ទំនាក់​ទំនង​នាង​ពី​មុន មិន​អាច​ទាក់ទង​បាន។

បើតាម​ការ​លើក​ឡើង​របស់​កញ្ញា សុខ ពិសី នៅ​ក្នុង​ថ្ងៃ​ប្រកាស​ថា នាង​ក្លាយជា​អ្នក​តំណាង​ផលិតផល​ថ្មី តារា​សម្បុរ​សាច់​សខ្ចី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា នាង​ពិតជា​មិន​ស្មាន​ថា បាន​ក្លាយ​ជា​អ្នក​តំណាង​ផលិតផល​ល្អ និង​មាន​គុណភាព​នេះ​ឡើយ។

ប៉ុន្តែ កញ្ញា សុខ ពិសី គ្រាន់​តែ​មាន​សារ​ជំរុញ និង​ផ្សព្វផ្សាយ​ដល់​ប្រិយមិត្ត​អ្នកគាំទ្រ​នាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​បងប្អូន​នារី​យើង​ឈប់​ខ្វល់​ទៀត​ទៅ Fair & Lovely នេះ​មាន​គុណភាព​ល្អ ហើយ​តម្លៃ​វិញ មាន​ត្រឹម​តែ ១០០០ រៀល តែ​ប៉ុណ្ណោះ ក៏​អាច​ស្អាត​បាន​ដែរ។ ផលិតផល​ម៉ាក Fair & Lovely មិន​ត្រឹម​តែ​មាន​គុណភាព​ល្អ​ទេ រីឯ​តម្លៃ​វិញ​ក៏​សមរម្យ​បំផុត»។

ក្រៅពី​រូប​កាយ​សម្ផស្ស​តារា​ចម្រៀង​ស្រី​សាច់​សខ្ចី​ដូច​បណ្តូល​ចេក​កញ្ញា សុខ ពិសី ក៏​ស្រាប់​តែ​ល្បី​លេចឮ​ដំណឹង​ថា មាន​ក្រុម​កន្លង់​ទាំង​ចាស់​ក្មេង ទាំង​នៅ​ក្រៅ​រង្វង់​សិល្បៈ និង​ទាំង​ខាង​ក្នុង​សង្គម​សិល្បៈ​មិន​ត្រឹម​តែ​តាម​សុំ​ស្នេហ៍​ទេ ថែម​ទាំង​បាន​ទៅ​សួរនាំ​ដល់​ចាស់​ទុំ​របស់​នាង​ទៀត​ផងដែរ​នា​ពេល​កន្លង​មក។

តែ​ក្នុង​ចំណោម​ក្រុម​កន្លង់​ជាច្រើន​បាន​តាម​ចោម​រោម​ទៅ​សុំ​ស្នេហ៍ ធ្វើជា​ម្ចាស់​បេះដូង​ទាំង​ឡាយ​នោះ បែរ​ជា​នៅ​ពុំទាន់​គាប់​ចិន្តា​នៃ​បុប្ផា​មួយ​ទង ដែល​មាន​ស្រុក​កំណើត​នៅ​ក្រុង​តាខ្មៅ​ដែល​ជា​តារា​ចម្រៀង​ស្រី​កំពុង​តែ​ត្រៀម​បើក​ចំហ​ចិត្ត​សន្សំ​ពិន្ទុ​ដែរ​ទៅ​វិញ។

តាម​ស្តាប់​មើលទៅ តារា​ចម្រៀង​ស្រី ដែល​មមាញឹក​ខ្លាំង​នឹង​ការងារ​សិល្បៈ ដោយ​បាន​សម្រុក​ថត​បទ​ចម្រៀង​ត្រៀម​ចេញ​រដូវកាល​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ខណៈ​រាសី​ឡើង​ខ្លាំង​ទាំង​ចម្រៀង និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​យ៉ាងណា​ក្តី កញ្ញា សុខ ពិសី ហាក់​ដូចជា​នាង​មិន​បាន​ធីប​ចោល​បញ្ហា​ស្នេហា​នោះ​ឡើយ​គឺថា នាង​ក៏បាន​ទុក​ពេល​ខ្លះ ដើម្បី​សម្លឹង​មើល​អំពី​គុណសម្បត្តិ នៃ​បុរស​ជា​អនាគត​គូស្នេហ៍​ដ៏​សម​សួន​របស់​ខ្លួន​នាង​ផង​ដែរ។

ធ្លាប់បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ទាំង​បើកចំហ​ឲ្យ​ដឹង​ថា៖ «តាម​ពិត​ទៅ សម្រាប់​នាង​ខ្ញុំ រឿង​ថា​មាន​អ្នក​ស្រឡាញ់​ច្រើន មិន​មែន​ទើប​តែ​ឥឡូវ​នេះ ឡើយ​គឺមាន​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ តែ​មក​ទល់​ពេល​នេះ នាង​ខ្ញុំ​ដូច​ពុំទាន់​បាន​ពេញ​ចិត្ត​អ្នក​ណាមួយ​នៅ​ឡើយ​ទេ»៕