Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សុវណ្ណ​បញ្ញា មានលាភ​ក្រោយលា​ហង្សមាស

Content image - Phnom Penh Post
កញ្ញា ឈិត សុវណ្ណបញ្ញា នាពេល​ទទួល​បាន​លិខិត​សរសើ​រ។ ហ្វេសប៊ុក​

សុវណ្ណ​បញ្ញា មានលាភ​ក្រោយលា​ហង្សមាស

ភ្នំពេញៈ ក្រោយ​ដើរ​ចេញពី​ទ្រនំ​ចាស់​ផលិតកម្ម​រស្មីហង្សមាស មិនទាន់​បាន​ប៉ុន្មាន​ផងនោះ ក៏​ស្រាប់តែ​តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់ កញ្ញា ឈិត សុវណ្ណបញ្ញា បង្ហាញ​វត្តមាន​នៅលើ​ទ្រនំថ្មី​នៃ​ពិធី​ជួបជុំ​ក្រុមតារា​ប្រុសស្រី និង​អ្នកដឹកនាំ​កម្មវិធី​សម្តែង​នៃ​ផលិតកម្ម​ថោន ដើម្បី​ត្រៀម​ផលិត​បទចម្រៀង​ថ្មីៗ​ចេញ​នាឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ និងបាន​ទទួល​សិទ្ធិបន្ត​ធ្វើជាទូត​សុច្ឆន្ទៈ​នៃ​យុទ្ធនាការ ១០០ កោដិ​សំឡេង​កម្ពុជា ឆ្នាំទី ៥ ទៀតផង។

អម​ទៅដោយ​រូបថត​ប្រគល់​លិខិត​សរសើរ នាឱកាស​ថ្ងៃបើក​យុទ្ធនាការ ១០០ កោដិ​សំឡេង​កម្ពុជា ( One Billion Rising Cambodia) លើកទី ៥ របស់​ក្រួសង​កិច្ចការនារី ដែលបាន​ផ្តើមឡើង​ដើម្បី​អំពាវនាវ​ឲ្យមាន​សកម្មភាព​ធ្វើឡើង​ជាការ​ឆ្លើយតប​នឹង​ស្ថិតិ​ដ៏គួរ​ឲ្យព្រួយបារម្ភ​បង្ហាញថា ស្ត្រី ១ ក្នុងចំណោម ៣ នាក់​នៅលើ​ពិភពលោក បាន​កំពុងតែ​ត្រូវរង​ការវាយដំ និង​ចាប់រំលោភ​សម្រាប់​ជីវិត​រស់នៅ​របស់គេ នាចុង​សប្តាហ៍​កន្លងមក​ខណៈ​កញ្ញា ឈិត សុវណ្ណ​បញ្ញា ក៏បង្ហោះ​សាររីករាយ​ផងដែរ​ថា៖ «នាងខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំងណាស់ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​កម្មវិធី​នេះ ហើយក៏​សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅដល់​លោក​អ៊ំ លោកពូ អ្នកមីង ព្រមទាំង​បងប្អូន​ទាំងអស់ ដែល​បានគាំទ្រ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅថ្ងៃនេះ។ ស្រឡាញ់​អ្នក​ទាំងអស់គ្នា!»។

កញ្ញា ឈិត សុវណ្ណ​បញ្ញា ក៏ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យដឹង​ពីដំណើរ​ដើមទង​នៃ​តំណាង​ជាទូត​សុច្ឆន្ទៈ​នៃ​យុទ្ធនាការ ១០០ កោដិ​សំឡេង​កម្ពុជា​ថា៖ «តាមពិតទៅ​ខ្ញុំបាន​ធ្វើ​ជាទូត​សុច្ឆន្ទៈ​នៃកម្មវិធី​នេះ​តាំងពី​ឆ្នាំ ២០១៣ មកបង! ឆ្នាំនេះ​ជា​លើកទី ៥ ហើយ​ដែល​នាងខ្ញុំ នៅតែ​បន្តបាន​ការគាំទ្រ»។

យុទ្ធនាការ ១០០ កោដិ​សំឡេង​កម្ពុជា ឆ្នាំ ២០១៧ នេះ ផ្តោត​សំខាន់​ក្រោម​ប្រធានបទ​ថា «បញ្ចប់​គ្រប់​អំពើហិង្សា​លើស្ត្រី និង​កុមារី ដើម្បី​សេចក្តី​ស្រឡាញ់ និង​យុត្តិធម៌» ទន្ទឹមនឹង​ពេលដែល​អំពើហិង្សា និង​អយុត្តិធម៌ កំពុងតែ​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅ​ប្រទេស​កម្ពុជា​នោះ។

ក្នុងនាម​ជាទូត​សុច្ឆន្ទៈ​ប្រាំឆ្នាំ​ជាប់គ្នា​នោះ តារាចម្រៀង​ស្រី ទើបដើរ​ចេញពី​ទ្រនំ​ចាស់​ហង្សមាស និងធ្លាប់​ជោគជ័យ​ក្នុងការ​សម្តែង​ជាតួឯក​ស្រី​នៃកុន​ដំបូង​រឿង «ទេសចរណ៍​ឋាននរក» ហើយ​បានបង្ហាញ​វត្តមាន​យ៉ាងច្បាស់​ក្រឡែត ទៅជ្រក​ក្រោម​ទ្រនំថ្មី​ផលិតកម្ម​ថោន ជាមួយនឹង​មិត្តរួម​អាជីព ដែល​ក៏បាន​ដើរ​ចេញពី​ផលិតកម្ម​ចាស់ដែរ​មាន​អ្នកនាង យក់ ឋិតរដ្ឋា និង​អតីតជា​អ្នកដឹកនាំ​ការសម្តែង​នៅឯ​ហង្សមាស លោក អ៊ិន ទីតូ កញ្ញា ឈិត សុវណ្ណ បញ្ញា ផ្ញើសារ​ទៅដល់​បងប្អូនស្ត្រី​ទាំងអស់​ថា៖ «សុំ​បងប្អូន​ស្ត្រី​ដែលជា​ភរិយា និងសុភាពនារី​ទាំងអស់​ត្រូវតែ​ក្លាហាន និង​ហ៊ាន​និយាយ​ប្រាប់​ទៅដល់​ភ្នាក់ងារ ឬ​ក្រុមការងារ​ពាក់ព័ន្ធ​នឹងបញ្ហា​អំពើហិង្សា ក្នុងករណី​បងប្អូន​បាន​ជួបនូវ​បញ្ហា​នានា​ដូចជា​ការប្រើ​ហិង្សា​ពីស្វាមី ឬជន​ដទៃ​នោះ»៕

0

Comments

Please, login or register to post a comment