ភ្នំពេញៈ គ្រាន់​តែ​បាន​ឱកាស​ឆ្លង​ឆ្នាំ ២០១៧ មក​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៨ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់​តែ​ផុស​ចេញ​សារ​បែប​ចំអន់​លេង​បន្លំ​មែន ឬ​ញាក់​ឆ្វេង​វាយ​ស្តាំ​របស់​អ្នក​និពន្ធ​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​នៅលើ​​ទ្រនំ​ហង្សមាស និង​ជា​តារា​ចម្រៀង​ប្រុស​ម្តងម្កាល​គឺ​លោក សួន ពិសិដ្ឋ គួរ​ឲ្យ​ទាក់​អារម្មណ៍​ខ្លាំង​តែម្តង។

ចេញពី​គណនី​ហ្វេសប៊ុក​ខ្លួន​បង្ហោះ​នូវ​សារ​វែង​អន្លាយ​មួយ​បែរ​កាណុង​ចំៗ​តែម្តង​ទៅ​រក​ក្រុម​កូន​ខ្មែរ ដែល​ជា​ក្រុម​ធ្លាប់​បាន​បង្កើត​សង្គ្រាម​ពាក្យ​សម្តី​ជា​សារ​រិះគន់​ទៅ​ក្រុម​តារា​ចម្រៀង និង​អ្នកនិពន្ធ​មួយ​ចំនួន​នាពេល​បច្ចុប្បន្ន​ថា ចូលចិត្ត​និពន្ធ ឬ​ច្រៀង​បទ​បែប​បែក​ស្លុយ​កន្លង​មក លោក សួន ពិសិដ្ឋ សរសេរ​ថា៖ «ចាំ​មើល​ស្នាដៃ​បទ​ភ្លេង​ចម្រៀង​ថ្មី​របស់​កូន​ខ្មែរ​យើង សម្រាប់​ចូល​ឆ្នាំ​ខ្មែរ ២០១៨ ប្រពៃណី​ខ្មែរ​យើង។ នេះ​សង្ស័យ​តែ​ស្លុយ ៩០ ភាគរយ ហើយ​មើល​ទៅ!​ហើយ​បើ​នៅ​តែ​មាន​បងប្អូន​ខ្មែរ​យើង​គាំទ្រ​ឡើង​ពេញ​ទំហឹង រាប់​លាន​នាក់​ទូទាំង​ប្រទេស​អ៊ីចឹង!​សង្ស័យ​តែ​មាន​បទ​ស្លុយ​ថ្មី «រាំ​អិញ​ចក!» បទ «ចាក់​ទឹក​ត្នោត» បទ«រាំ​ដាច់​ជង្គង់» ឯ បទ​ខ្ញុំ​វិញ​សង្ស័យ​តែ​ពីប​ទ «រាំ​កេវ» ទៅ​ជា«រាំ​កោង» វិញ​ទេ?»។

អ្នកនិពន្ធ​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​នៅ​លើ​ទ្រនំ​ហង្សមាស និង​ជា​ម្ចាស់​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា «រាំ​កេវ» លោក សួន ពិសិដ្ឋ ក៏បាន​ដាក់​មួយ​ផ្លែ​ទៀត​ផ្នែក​ទំនុក​ភ្លេង​ទៅ​ដល់​ក្រុម​កូន​ខ្មែរ​ផងដែរ​ថា៖ «បទ​ភ្លេង​បរទេស ដែល​យើង​ចូលចិត្ត​ស្តាប់ និង​ហៅថា ស្លុយ​នោះ បើសិន​ជា​ស្តាប់​តែ​ភ្លេង​ក៏​ពីរោះ សប្បាយ​រីករាយ​ម្យ៉ាង​ដែរ! សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​វា​មិន​ខុស ក៏​មិន​ត្រូវ​ដែរ!​សំខាន់​យើង​ចេះ​បង្កើត​ការ​តែង​និពន្ធ​រក​នៅ​ក្នុង​ចំណុច​កណ្តាល។ មិន​ហួស​ពេក មិន​លើស​ពេក មិន​ជ្រុល​និយម​ពេក!​ហើយ​ត្រូវ​ចេះ​ល្បាយ​ភ្លេង​ខ្មែរ ឧបករណ៍​ខ្មែរ និង​អត្ថន័យ​អប់រំ!»។

ក្រោយពី​បាន​ពន្លះ​មួយ​ប្រាវ​មក​នោះ លោក សួន ពិសិដ្ឋ ក៏បាន​បង្វែរ​មក​រក​ភាព​ទន់ភ្លន់​បែប​បបោស​អង្អែល​អ្នក​ដែល​ខ្លួន​ទើប​តែ​វាយ​ប្រហារ​អម្បាញ់​មិញ​ភ្លាម​ថា៖ «បើ​វប្បធម៌​ប្រទេស​ជិត​ខាង បទ​ភ្លេង​ចម្រៀង​គេ​ស្លុយ រាំ​អាស​អាភាស កន្ត្រាក់​ដៃជើង​ដូចជា​បាត់បង់​វិញ្ញាណ ដូចជា​ចូល​រូប​អារុក្ខ​អារក្ស​អ្នកតា​គឺជា​រឿង​របស់​គេ! តែ​សូម​បងប្អូន​សិល្បករ ផលិតករ និង​កូន​ខ្មែរ​គួរ​ចូលរួម​ពិចារណា​ថា តើ​គួរ​ចម្លង និង​បន្ត​ការ​ចម្លង​គេ​របៀប​នេះ​ដែរ​ឬ​អត់? ដែល​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ដ៏​សែន​ល្អ​ផូរផង់ ត្រចះ​ត្រចង់ គួរ​ជាទី​កោត​សរសើរ និង​មោទនៈ សម្រាប់​ជាតិ​ខ្មែរ​យើង និង​ពិភពលោក​ទាំង​មូល!»។

នៅ​ទីបញ្ចប់​អ្នកនិពន្ធ​វ័យ​ក្មេង​ជំនាន់​ក្រោយ​របស់​ផលិតកម្ម​ហង្សមាស ដែល​គេ​ធ្លាប់​បាន​ស្តាប់​ស្នាដៃ​និពន្ធ​បទ​ចម្រៀង និង​ទំនុក​ភ្លេង​របស់​លោក ក៏​ច្រើន​ដែរ​តាមរយៈ​បទ​ចម្រៀង តារា ប្រុស​ស្រី​ល្បី ក៏​ដូចជា​ចុង​ក្រោយ​នេះ ក៏មាន​បទ​លោក​បាន​បង្ហើរ​សំនៀង​ផ្ទាល់​ខ្លួន​ដែរ​នោះ ក៏បាន​បញ្ចប់​សេចក្តី​ខ្លួន​ដោយ​ការ​ធ្វើ​សំណូមពរ​ថា៖ «ចូលរួម​ផ្តល់​មតិ​យោបល់​ទាំងអស់​គ្នា​បង​ប្អូន!​សូម​អភ័យ​ទោស!​ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រាជ្ញ​វិទូ ឬ​អ្នក​ទស្សនវិទូ​អី​ទេ ហើយ​ខ្ញុំ​មុខ​ជា​សរសេរ​អក្សរ​ខុស​ច្រើន​ហើយ​មើល​ទៅ ដោយសារ​សរសេរ​ភ្លាមៗ ហើយ​ផូស្ត​ភ្លាម សូម​បងប្អូន​មេត្តា​អធ្យាស្រ័យ និង​សូម​ជួយ​កែ​តម្រូវ​ខ្ញុំ​ផង!»៕