Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សួស វីសា ឆាប់​បដិសេធ​ស្នេហ៍​ថមមី បារម្ភ​អត់​មាន​អ្នក​ស្រឡាញ់

Content image - Phnom Penh Post
សារ​ដែល​ សួស វីសា បង្ហោះ​បកស្រាយ​ពី​ទំនាក់​ទំនង​ជាមួយ ថមមី​​។ ហ្វេសប៊ុក

សួស វីសា ឆាប់​បដិសេធ​ស្នេហ៍​ថមមី បារម្ភ​អត់​មាន​អ្នក​ស្រឡាញ់

ភ្នំពេញ: ទន្ទឹម​នឹង​ព័ត៌មាន​ថា តារា​ចម្រៀង​រាង​តូច​ច្រឡឹង​មាន​ចំណង​ស្នេហា​យ៉ាង​ផ្អែម​ល្ហែម និង​តារា​សម្តែង​វ័យ​ក្មេង​ឈ្មោះ ថមមី នោះ​ក៏​ល្បី​ផងដែរ​ថា គូស្នេហ៍​ខុស​វ័យ​ស្រី​បង​តួ​ប្រុស ៣ ឆ្នាំ​នេះ​ក៏​ឈាន​ដល់​ការ​រួមរស់​ក្រោម​ដំបូល​ជាមួយ​គ្នា​ទៀត​ផង។ តែ​យ៉ាងណា​ក្នុង​ចេតនា លាង​អាស្រូវ​ស្នេហ៍​រំលង​តម្រា​ប្រពៃណី​នេះ កញ្ញា សួស វីសា បែរ​ជា​ទម្លាយ​សារ​បង្ហាញ​ក្ដីបារម្ភ​ជីវិត​ឯកា​អត់​គូ​ពិត​ព្រោះ​ពាក្យ​រន្ទឺ​ដូច្នេះ។

មុន​នោះ​មានការ​ទម្លាយ​ថា តារា​ចម្រៀង​ទ្រនំ​ហង្សមាស សួស វីសា និង លោក ថមមី កំពុង​តែ​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា ហើយ​អ្នក​ទាំងពីរ​ថែម​ទាំង​រស់​ក្នុង​ផ្ទះ​តែ​មួយ​ដូច​ប្ដី​ប្រពន្ធ។ ពេល​នោះ​ក៏​ការ​ទម្លាយ​ទៀត​ថា ទំនាក់​ទំនង​ស្នេហា​រវាង សួស វីសា និង ថមមី កើត​ឡើង​តាំង​ពី ២ ឆ្នាំ​មុន មិន​មែន​ទើប​តែ​កើត​ឡើង​ថ្មីៗ​នេះ​ទេ គ្រាន់​តែ​ថា អ្នក​ទាំងពីរ​មិន​ហ៊ាន​បង្ហាញ​ភាព​ផ្អែម​ល្ហែម​ជា​សាធារណៈ​ឲ្យ​មហាជន​បាន​ដឹង​តែ​ប៉ុណ្ណោះ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ប្រជា​ប្រិយ​ភាព​រៀងៗ​ខ្លួន​ក្នុង​វិស័យ​សិល្បៈ។

ក្រោយ​ពី​ប្រឡង I am a singer Cambodia រួច អ្នក​ទាំងពីរ​ក៏​ចាប់ផ្ដើម​បើក​ចំហ​អំពី​ទំនាក់​ទំនង​ស្នេហា​បន្តិច​ម្ដងៗ រហូត​ដល់​ថ្នាក់​បែក​ធ្លាយ​ព័ត៌មាន​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ទៀត​ផង។

ក្រោយ​ពី​សំងំ​ឲ្យ​ព័ត៌មាន​អាស្រូវ​នេះ បោក​បក់​ស្ពឹក​មុខ​នោះ ទើប​តែ​ពេល​នេះ កញ្ញា សួស វី​សា ក៏​ចេញ​សារ​បកស្រាយ​ក្នុង​ពាក្យ​ពេចន៍​រៀបរាប់​ថា៖ «ចង់​ប្រាប់​រឿង​មួយ​ដល់​អ្នកគាំទ្រ និង​ស្រឡាញ់​ចូលចិត្ត​ខ្ញុំ​ទាំងអស់​ឲ្យ​បាន​ដឹង ដែល​រឿង​នោះ​ខ្ញុំ​លាក់​ជា​សម្ងាត់​យូរ​ហើយ»។

ស្រី​ស្រស់ សួស វីសា ក៏​បន្ទរ​ដោយ​ប្រយោគ​ច្រាន​ចោល​ជំនួប​ស្នេហ៍​នឹង​តារា​សម្តែង​វ័យ​ក្មេង​នាម ថមមី នោះ​ថា៖ «ខ្ញុំ​សូម​ជម្រាប​ដល់​បណ្តា​អ្នកគាំទ្រ​ខ្ញុំ​ទាំង​អស់ នឹង​បងៗ​សារ​ព័ត៌មាន​ថា ខ្ញុំ សួស វីសា និង​ប្អូន​ប្រុស ថមមី គ្មាន​ទំនាក់​ទំនង​ស្នេហា​ពិត​ប្រាកដ​អី​ទេ»។

តារា​ចម្រៀង​បរាជ័យ​នឹង​ឱកាស​ប្រជែង​សំឡេង​ឯក I Am a singer Cambodia នាង សួស វីសា ក៏​អះអាង​ថា៖ «គ្រប់​យ៉ាង​ពួក​ខ្ញុំ​គ្រាន់​តែ​សម្តែង​ប៉ុណ្ណោះ ហើយ​ពួក​យើង​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បងប្អូន​បង្កើត ថមមី អាយុ​ប្អូន​ខ្ញុំ​ដល់​ទៅ ៣ ឆ្នាំ ហើយ​ខ្ញុំ​ស្រឡាញ់​គាត់​ដូច​ប្អូន​ខ្ញុំ​បង្កើត»។

ក្នុង​ភាព​ជឿជាក់ កញ្ញា​ក៏បាន​បកស្រាយ​ថា៖ «សង្ឃឹម​ថា អ្នក​ទាំងអស់​គ្នា នឹង​អស់​ចម្ងល់​ទៀត​ទៅ ដើម្បី​លាង​ជម្រះ​មន្ទិល និង​ទទួល​យក​សេរីភាព​នៃ​ជម្រើស​ជីវិត​រៀងៗ​ខ្លួន​បាន»។

នាង​ក៏​បញ្ជាក់​បន្ថែម​ថា៖ «អត់​ចង់​ថែម​ថយ​អី​ទៀត​ទេ សូម​បកស្រាយ​ខ្លីៗ គឺ​ដោយសារ​ពួក​ខ្ញុំ​ក៏​ចង់​បាន​ស្នេហា​មែន​ទែន ដូច​គេ​ដូច​ឯង​ដែរ ព្រោះ​អាយុ​ច្រើន​ហើយ បើ​រវល់​តែ​សម្តែង​ជាមួយ​គ្នា​អ៊ីចឹង​ទៀត កាល​ណា​មាន​គូ​មែន​ទែន នឹង​គេ? ២០១៨ ហើយ មិន​ចង់​នៅ​លីវ​ទៀត​ទេ សុំទោស​ដល់​អ្នកគាំទ្រ​គ្រប់គ្នា​ផង​ណា៎​ដែល​ធ្វើ​ឲ្យ​ឆ្ងល់​មួយ​រយៈ»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ