ភ្នំពេញ: កញ្ញា ស៊ីន យូប៊ីន ដៃគូ លោក ខាត់ វៃហាំង ក៏​នៅ​តែ​ស្ថិត​ក្នុង​ចម្ងល់​មហាជន​ថា អ្នក​ទាំង ២ មិន​ត្រឹម​តែ​មាន​ទំនាក់​ទំនង​ស្នេហា​គ្នា ក្នុង​សាច់​រឿង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ទំនាក់​ទំនង​ចំណង​ស្នេហា​នៅ​ក្រៅ​ឆាក​ថែម​ទៀត​ផង។ តែ​អ្នក​ទាំង ២ ទាំង ស៊ីន យូប៊ីន និង ខាត់ វៃហាំង នៅ​តែ​មិន​ទទួល​ស្គាល់​រឿង​មន្ទិល​សង្ស័យ​នេះ។

រំឭក​ពី​ព័ត៌មាន​និទាន​ពី​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក រវាង​តារា​សម្តែង​រូប​ស្រស់​សម្ផស្ស​ខ្ញង់ អតីត​ជា​ម្ចាស់​ពាន Freshie Girl ចំណាត់​ថ្នាក់​លេខ ១ ប្រចាំ​នៅ​ឆ្នាំ ២០១៤ កញ្ញា ស៊ិន យូប៊ីន និង​កំលោះ​សង្ហា ខាត់ វៃហាំង លេច​ភាព​រន្ទឺ​ឡើង​ច្រើន​ឆ្នាំ​ហើយ ខណៈ​អ្នក​ទាំង ២ តែង​បង្ហាញ​ពី​ដំណើរ​បណ្តើរ​គ្នា​ត្រសង​ចូលរួម​កម្មវិធី​សិល្បៈ ត្រសង​ក្នុង​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ប្រៀប​ដូច​គូស្នេហ៍​ផ្អែមល្ហែម​គ្នា​ខ្លាំង។

មិន​ខុសពី​រូបភាព​បង្អួត​ភ្នែក​មហាជន​មុនៗ​នោះ​ដែរ នៅ​ឱកាស​ចូលរួម​សម្ពោធ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ​នៅ​ម្តុំ​ផ្សារ​មាន់​អាំង​ដែល​ទើប​រំលង​ថ្មី តារា​សម្តែង​ដែល​មហាជន​ភាគ​ច្រើន គិតថា ជា​គូស្នេហ៍ នឹង​គ្នា​មួយគូ​នេះ​ក៏​បង្ហាញ​ពី​ដំណើរ​បណ្តើរ​គ្នា​ចូលរួម​កម្មវិធី​នេះ​ក្នុង​រូបភាព​តោង​ដៃ​គ្នា យ៉ាង​ស្អិត​ក្នុង​ដំណើរ​ចូលរួម​នេះ។ ក្នុង​ជំនួប​នោះ ពួកគេ​ទាំង ២ នៅ​តែ​រក្សា​ចម្លើយ​ថា ពួកគេ​ទាំង ២ នាក់​នៅ​ត្រឹម​ជា​មិត្តភក្តិ​នឹង​គ្នា​ធម្មតា​ដដែល។

តារា​សម្តែង​ស្រី​ល្បី​រលក​ក្រោយ និង​ជា​តួឯក​ស្រី​នៃ​ខ្សែ​ភាពយន្ត​រឿង «តម្លៃ​ស្នេហ៍» ដែល​បាន​ឈ្នះ​ពាន​ជា​តារា​ស្រី​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី ៥ នា​ឆ្នាំ ២០១៧ កញ្ញា ស៊ីន យូប៊ីន បាន​ប្រាប់​ថា រឿងរ៉ាវ​ស្នេហា​កន្លង​មក​ទាក់​ទង​ជាមួយ​លោក ខាត់ វៃហាំង គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​តែ​​ប៉ុណ្ណោះ គ្មាន​អ្វី​ក្រៅ​ពី​ទំនាក់​ទំនង​មិត្តភាព និង​ការ​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បងប្អូន​នោះ​ទេ។

ម្ចាស់​ពាន​តារា​សម្តែង​ឆ្នើម​ជំនាន់​ថ្មី​រូបនេះ ក៏បាន​ទទួល​ស្គាល់​ដែរ​ថា៖ «កន្លង​មក​អ្នក​គាំទ្រ​ចង់​ឲ្យ​ពួក​ខ្ញុំ​ទាំង ២ (កញ្ញា ស៊ីន យូប៊ីន និង​លោក ខាត់ វៃ​ហាំង) ក្លាយជា​គូស្នេហ៍​ពិត តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​នោះ​ទេ​បង ព្រោះ​ខ្ញុំ​ស្រឡាញ់ និង​ចាត់​ទុក​បង វៃហាំង ជា​បង​ប្រុស​ម្នាក់​ដែល​គួរ​ឲ្យ​គោរព គ្មាន​គិត​អ្វី​លើស​ពី​នេះ​ទេ​បង ប៉ុន្តែ​ខ្ញុំ​ពិតជា​អរគុណ​ដល់​ពួកគាត់ (អ្នកគាំទ្រ) ដែល​ស្រឡាញ់​ខ្ញុំ​ទាំង ២ កន្លង​មក »។

តារា​សម្តែង​វ័យ ២២ ឆ្នាំ​រូបនេះ​បាន​បញ្ជាក់​ថា តាំង​ពី​ចាប់​ដៃគូ​សម្តែង​ជាមួយ​នឹង​លោក ខាត់ វៃ​ហាំង មក​ដល់​ពេល​នេះ គឺ​ថត​បាន​ចំនួន ៥ រឿង មាន​ដូចជា​រឿង «និស្ស័យ​ស្នេហ៍​ខ្ញុំ», «ចិត្ត​ស្អប់​បង្កប់​ស្នេហ៍», «រឿង​អូន ជាការ​ចងចាំ​បង», «ម្តាយ​ក្មេក​រើស​កូន​ប្រសា» និង​រឿង «ខ្នោះ​បេះដូង» ដែល​រឿង​ទាំង ៥ នេះ​សុទ្ធ​តែ​ជា​រឿង​ភាគ។

វិល​មកជួប តារា​ប្រុស ខាត់ វៃហាំង វិញ លោក​អះអាង​ដូចគ្នា​នឹង ស៊ីន យូប៊ីន ដែរ ដោយ​លោក​បាន​អះអាង​ថា៖ «មិន​បាន​គិត​អ្វី​លើស​ពី​មិត្តភាព​នោះ​ទេ គ្រាន់​តែ​ខ្ញុំ មាន​ភាព​ស្និទ្ធស្នាល​ជាមួយ យូប៊ីន ជាង​តារា​ស្រី​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ៕