ភ្នំពេញៈ ក្រោយ​ពី​មាន​កូន​ស្រី​សំណព្វ​ចិត្ត​គួរ​ឲ្យ​ស្រឡាញ់​ឈ្មោះ​ថា ភិន សុខេ​ធើរីណា ដែល​ហៅ​ក្រៅ​ថា Katherine បច្ចុប្បន្ន​មាន​វ័យ​ជាង ១ ខួប ទៅ​ហើយ និង​រូប​ខ្លួន​ក៏បាន​វិល​ត្រឡប់​ទៅ​ប្រឡូក​ថតកុន​ជា​ហូរហែ​វិញ​ផង​នោះ មហាជន​ក៏​ចាប់​អារម្មណ៍​ខ្លាំង​នឹង​សារ​របស់​តារា​សម្តែង​ស្រី មេម៉ាយ​ទាំង​វ័យក្មេង​ខ្ចី សម្រស់​នៅ​តែ​ស្អាត​ផូរផង់ អ្នក​នាង ភិន សុដាលីស បង្ហើរ​តាម​អ៊ីនស្តាក្រាម​បង្ហាញ​ពី​ជម្រើស​នៃ​ក្តី​ស្នេហ៍​ថ្មី​របស់​ខ្លួន​នាពេល​ថ្មីៗ​នេះ។

ខណៈ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ឯ​ក្រុង​បាងកក ប្រទេស​ថៃ​នោះ តារា​សម្តែង​ជា​កូន​ស្រី​ច្បង ចាង​ហ្វាង​ផលិតកម្ម​មហាហង្ស អ្នក​នាង ភិន សុដាលីស បង្ហោះ​សារ​ជា​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ប្រែ​សម្រួល​ថា៖ «ហេតុផល​មួយ ដែល​ចង់​នៅ​ម្នាក់​ឯង​គឺ​អាច​មាន​ជម្រើស​លួច​ស្រឡាញ់​គេ​បាន​ច្រើន» ដែល​បង្កការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ខ្លាំង និង​បាន​ចោទសួរ​ដេញ​ដោល​គ្នា​ថា៖ «តើ ភិន សុដាលីស កំពុង​តាម​ស្រឡាញ់​អ្នកណា​ខ្លះ​ទៅ​ទើប​នាង​លើក​ឡើង​បែប​នេះ?»។

តារា​សម្តែង​ស្រី​មេម៉ាយ​កូន​មួយ​នៅ​ក្តៅ​ស្រួយ ភិន សុដាលីស ដែល​មហាជន​បាន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​នឹង​សម្ព័ន្ធភាព​ឯកជន​របស់​នាង​ក្រោយ​បែក​បាក់​គូស្នេហ៍ និង​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ប្លែកៗ​មុខ ខណៈ​នាង​ធ្លាប់​បាន​បកស្រាយ​ថា គ្រាន់​តែ​ជា​តួ​ប្រុស​សម្តែង​កុន​ជាមួយ​គ្នា​នោះ ក៏​បកស្រាយ​សារ​ខាង​លើ​ថា៖ «នោះ​គឺ​គ្រាន់​ជា​សារ ដែល​ខ្ញុំ​សរសេរ​លេង​ជាមួយ​មិត្តភក្តិ​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​ទេ»។

ភិន សុដាលីស ដែល​ត្រឡប់មក​សម្តែង​ទាំង​កុន​ដុំ និង​កុន​ភាគ​វិញ ក្រោយ​ពី​នាង​បាន​សម្រាល​កូនស្រី​មាន​វ័យ ៧ ខែ គឺមាន​រឿង «មន្ត​ស្នេហ៍​លេខា» និង​រឿង «ផ្លូវ​ទៅ​មរណៈ» ដោយ​ថត​ទាំង​ផលិតកម្ម​ប៉ា​នាង​ដែរ​បន្ត​ឲ្យ​ដឹង​ពី​ភាព​ទំនេរ​ពុំទាន់​រក​ឃើញ​ម្ចាស់​ចិត្ត​ថ្មី​ថា៖ «ចំពោះ​រឿង​មាន​គូកន​នោះ ខ្ញុំ​ពុំទាន់​គិតគូរ​ទេ គឺ​ចង់​ទុក​ពេល​មក​ផ្តោត​ការងារ​សិល្បៈ ក៏​ដូចជា​ការងារ​អាជីវកម្ម​ផ្ទាល់​ខ្លួន​សិន និង​ពេល​សម្រាប់​មើល​ថែទាំ​កូន​ស្រី។ រឿង​គូកន​ថ្មី​ស្អី​នឹង ប្រសិន​បើ​នាង​ខ្ញុំ​មាន​នោះ ច្បាស់​ជា​ផូស្ត រូប​ឲ្យ​ខាង​បងៗ​ឃើញ​មិន​ខាន​ទេ»។

តាម​ធម្មតា​ឆ្នាំ​ថ្មី​មក​ដល់ តារា​សម្តែង​ប្រុស​ស្រី​ភាគ​ច្រើន​រមែង​មាន​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ផលិតកម្ម​ណា​មួយ​មិន​ខាន ដើម្បី​ថតកុន​ថ្មី តែ​សម្រាប់ ភិន សុដាលីស វិញ​បែរ​ជា​បង្ហើប​ថា ៖ «ការ​ថត​កុន​វិញ​នាពេល​នេះ នាង​ខ្ញុំ​មិន​ទាន់​ទទួល​ផលិតកម្ម​ណាមួយ​នៅ​ឡើយ​ទេ ដោយសារ​ចង់​បាន​ពេល​សម្រាក​ខ្លះ​សិន តែ​អាច​ក្រោយ​ចូលឆ្នាំ​ចិន​ខាងមុខ​ទៅ នាង​ខ្ញុំ​នឹង​ទទួល​ថត​វិញ»៕