ក្រុងញូវដែលី: គ្រីស្នា សេន ជានារីម្នាក់មកពីរដ្ឋអ៊ុតតាប្រាដេស ប្រទេសឥណ្ឌា ដែលបានបង្ហោះរូបភាពជាបុរសកាលពីជាង ៤ ឆ្នាំមុននោះ ទើបត្រូវបានចាប់ខ្លួនពីបទរៀបការជាមួយនារី ២ នាក់ និងធ្វើឲ្យពួកគេក្លាយជាមេម៉ាយខាន់ស្លា ដោយស្រវាចង់បានបណ្ណាការ។
ដើមឡើយ គ្រីស្នា ហៅ ស្វីតទី សេន គ្រាន់តែចូលចិត្តស្លៀកពាក់ដូចប្រុសធម្មតាៗទេ តែកាលពីឆ្នាំ ២០១៣ នាងស្រាប់តែបែកគំនិត បន្លំខ្លួនធ្វើជាបុរសពេញលក្ខណៈលើបណ្ដាញសង្គម និងទាក់ទងនារីៗតាមអនឡាញ ក្នុងបំណងញ៉ែធ្វើជាសង្សារ។
ជនរងគ្រោះដំបូងរបស់ គ្រីស្នា សេន គឺនាង កាមីនី មកពីក្រុង ហាដវ៉ានី ដែលនាងបានជួបតាមអនឡាញកាលពីឆ្នាំ ២០១៤។
មន្ដ្រីប៉ូលិស Janmejay Khanduri បានប្រាប់វិបសាយ India.com ថា៖ «សេន ធ្វើឲ្យនារីនោះជឿថា នាងជាបុរសពិតៗ ហើយពួកគេបានរៀបការក្នុងឆ្នាំ ២០១៤ ដោយចាប់ផ្ដើមរស់នៅក្នុងផ្ទះជួលក្នុងទីប្រជុំជនហាដវ៉ានី ស្រុកនៃនីតាល់។ ប៉ុន្ដែ សេន ចាប់ផ្ដើមគំរាមយកបណ្ណាការ»។
ក្នុងឆ្នាំ ២០១៦ គ្រីស្នា សេន ក៏បានរៀបការប្រពន្ធទីពីរ ជានារីឈ្មោះ នីសា មកពីក្រុងកាឡាឌុនហ្គី រដ្ឋអ៊ុតតារ៉ាខាន់។ តែលើកនេះ មិនដូចលើកមុនឡើយ។
ប្រពន្ធទីពីរបានឲ្យដឹងថា ស្វាមីខ្លួនជានារីបន្លំខ្លួនជាប្រុស តែ គ្រីស្នា សេន បានបិទមាត់នាងប្រពន្ធទីពីរ ដោយផ្ដល់លុយកាក់ជាថ្នូរជួយរក្សាការសម្ងាត់។ នាងក៏ព្រមទទួល តែយ៉ាងណា អាថ៌កំបាំងនៅតែលាក់មិនជិត ពេលភរិយាទីមួយធ្លាក់ខ្លួនឈឺដោយការវាយដំ និងគំរាមយកបណ្ណាការ និងបានប្ដឹងប៉ូលិស។
ទីបំផុត គ្រីស្នា សេន ត្រូវបានចាប់ខ្លួន និងបានសារភាពថា ខ្លួនជាស្ត្រីក្លែងភេទជាប្រុស។ នាងក៏បានប្រាប់ប៉ូលិសលម្អិតថា នាងមិនអនុញ្ញាតឲ្យភរិយាប៉ះពាល់ខ្លួនប្រាណនាងពេលថ្ងៃទេ។
ការផ្សំដំណេកនៅថ្ងៃរៀបការត្រូវបានធ្វើឡើងក្នុងសភាពងងឹតស្លុប ដោយប្រើឧបករណ៍សិច ដែលនាងបានទិញតាមអនឡាញ។
នាង គ្រីស្នា សេន ត្រូវបានចោទពីបទក្លែងខ្លួន បោកប្រាស់ និងក្លែងឯកសារ និងត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ហាដវ៉ានី។
យ៉ាងណាមិញ នាងមិនប្រឈមនឹងបទចោទហិង្សាក្នុងគ្រួសារឡើយ ដោយយោងតាមច្បាប់នាងមិនមែនជាប្ដីពេញលេញនោះទេ៕ HR/ប្រភព Odditycentral