ក្រុងឡុងដ៍: ស្ទូឌីយោរចនាម៉ូដមួយ បានផ្ដល់ឱកាសឲ្យគូស្នេហ៍បែកគ្នាយ៉ាងឈឺចាប់ អាចបញ្ចេញកំហឹង និងរំសាយទុក្ខ ដោយការដើរជាន់មុខរបស់អតីតសង្សារបែបឧបកិច្ច។
បង្កើតឡើងដោយក្រុមការងារស្ទូឌីយោ Bompass & Parr ទ្រនាប់ស្បែកជើងពិសេសត្រូវបានផលិតឡើង ដោយផ្ដល់ឱកាសឲ្យអតិថិជនកុម្ម៉ង់ បោះពុម្ពរូបអតីតសង្សារនៅបាតរបស់វា។
អតិថិជនគ្រាន់តែផ្ញើរូបភាពអតីតសង្សារទៅកាន់ស្ទូឌីយោនេះ ដើម្បីទទួលបានទ្រនាប់បាតស្បែកជើងមួយគូដែលអ្នកអាចជាន់លើមនុស្សអតីតបានរាល់ថ្ងៃ និងគ្រប់ជំហាន។
ជាក់ស្ដែង គំនិតយករូបអតីតសង្សារ ឬមនុស្សដែលខ្លួនស្អប់មកជាន់នេះ ស្ដាប់ទៅដូចជាក្មេងខ្ចីណាស់ ប៉ុន្តែតាមការពិតវាមានប្រវត្តិតាំងពីបរមបុរាណមកម្ល៉េះ។ ទទួលឥទ្ធិពលពីវប្បធម៌អេហ្ស៊ីប ការយករូបសត្រូវ ឬ មនុស្សដែលខ្លួនស្អប់មកដាក់នៅទ្រនាប់ជើង គឺជាជំនឿជាន់កម្ទេច បង្ក្រាប និងយកជ័យជំនះលើជននោះ។
ត្រឡប់មកសម័យបច្ចុប្បន្នវិញ ទ្រនាប់ស្បែកជើងជាន់មុខអតីតសង្សាររបស់ក្រុមហ៊ុន Bompass & Parr ត្រូវបាននាយកគ្រប់គ្រងលោក ហារី ផារ៍ (Harry Parr) ពន្យល់ថា៖ «តាមរយៈការដើរជាន់មុខមនុស្សដែលធ្វើឲ្យអ្នកស្អប់ អ្នកនឹងទទួលបានការស្រាកស្រាន្តផ្លូវចិត្ត និងអារម្មណ៍ ដើម្បីឲ្យខ្លួនជ្រះស្រឡះហើយត្រៀមទទួលយកទំនាក់ទំនងថ្មីមួយទៀត»។
ចង់ដឹងថា ទ្រនាប់ស្បែកជើងសងសឹកសង្សារនេះយ៉ាងណាដែរនោះ សូមទស្សនាវីដេអូខាងក្រោម៕
ប្រភព Odditycentral
https://www.youtube.com/watch?time_continue=2&v=Vi4WNbGtAHc