ភ្នំពេញ: ក្រោយ​ពី​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​វិល​មក​ថត​កុន​ខ្មែរ​ឡើង​វិញ នៅ​ស្រុក​កំណើត​ដំបូង ក្រោយ​បាត់​មុខ​មួយ​រយៈ តាមរយៈ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​រឿង «ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី» របស់​អ្នកស្រី ពាន់ ភួងបុប្ផា ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​សង្គម​នា​សម័យ​ទំនើប​ដែល​ប្រើប្រាស់​សម្ភារ​និយម​របស់​កូនៗ​ជំនាន់​ក្រោយ​ទាំង ៣ ស្រទាប់​នា​ឆ្នាំ​ចាស់​មក​នោះ​អ្នកស្រី អម្ពរ ទេវី ក៏​ក្តាប់​បាន​ឱកាស​ថត​កុន​ចំនួន ២ ថ្មី​ទៀត​នា​ដើម​ឆ្នាំ ២០១៨ នៅ​ស្រុក​កំណើត។

បើតាម​ប្រភព​នៃ​បណ្តាញ​សង្គម​សិល្បៈ​នោះ បាន​ឲ្យ​ដឹងថា អ្នកស្រី អម្ពរ ទេវី បាន​មក​ថត​សម្តែង ខ្សែ​ភាពយន្ត​ចំនួន ២ រឿង នា​ដើម​ឆ្នាំ ២០១៨ នេះ​គឺ​រឿង «កាកី» របស់​ផលិតកម្ម LD និង​ខ្សែ​ភាពយន្ត​រឿង«ឆន្ទា» របស់​ផលិតកម្ម RED Picture ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍ CTN ខណៈ​អ្នកស្រី​បាន​មក​ដល់​ស្រុក​ខ្មែរ​តាំង​ពី​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០១៨ មក ម្ល៉េះ។

ការបង្ហាញ​វត្តមាន​របស់​អតីត​ជា​តារា​ភាពយន្ដ​ខ្មែរ ដែល​ទទួល​បាន​ការ​សាទរ ជា​តួអង្គ​ដែល​មាន​ទេពកោសល្យ​សម្ដែង​គ្រប់​កាលៈទេសៈ​ទាំង​កាច​ឆ្នាស​ឆ្នើម កម្សត់​ស្រក់​ទឹកភ្នែក និង​ក្រមិច​ក្រមើម​សើច​ចុកពោះ កាល​ពី​ទសវត្សរ៍​ទី ៨០ និង ៩០ លើក​ទី ២ នេះ អ្នកស្រី អម្ពរ ទេវី ក៏មាន​លេចឮ​ដំណឹង​ថា នឹង​បន្ត​អាជីព​ថតកុន​យូរ និង​បាន​សម្រេច​ចិត្ត​រស់​នៅ​ស្រុក​ខ្មែរ​ទៀត​ផង​ដែរ ក្រោយ​ពី​អវត្ដ​មាន​លើ​ពិភព​សិល្បៈ​ភាពយន្ដ​ខ្មែរ​ជាង ២០ ឆ្នាំ ទៅ​ជ្រក​កោន​នៅ​ក្រោម​ទ្រនំ​ថ្មី​នៃ​ទឹកដី​ទីក្រុង​តាកូម៉ា រដ្ឋ​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​នោះ។

ខណៈ​ដំណឹង​ដែល​បាន​លេចឮ​យ៉ាងច្បាស់​នៅ​តាម​បណ្តាញ​សង្គម​ថា អ្នកស្រី អម្ពរ ទេវី នឹង​ត្រូវ​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ តាម​រយៈ​ការ​វិល​មក​ថតកុន​លើក​ទី ២ នេះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។

បើតាម​ការអះអាង​បញ្ជាក់ ពី​អ្នកស្រី លក្ខណ៍ ដែល​ជា​ប្អូនស្រី​បង្កើត​របស់​អ្នកស្រី អម្ពរ ទេវី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ចំពោះ​រឿង​គាត់​នឹង​វិល​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ​នោះ មិន​ពិត​ទេ គឺ​គាត់​គ្រាន់តែ​មក​ថតកុន​ដូច​កាល​លើក​មុន​អ៊ីចឹង​ដែរ​ប៉ុណ្ណោះ។ បន្ទាប់ពី​គាត់​ថតកុន​នេះ​ចប់ ទៅ​គឺ​គាត់​នឹង​វិល​ទៅ​អាមេរិក​វិញ​ហើយ។ នាង​ខ្ញុំ​ក៏​សុំទោស​ផង ដែល​បងស្រី​ខ្ញុំ​គាត់​មិន​ទាន់​មាន​ពេល​គ្រប់​គ្រាន់ សម្រាប់​ការ​ផ្តល់​បទ​សម្ភាស​ជាមួយ​គាត់​ផ្ទាល់​បាន​នៅ​ពេល​នេះ ដោយសារ​គាត់​កំពុងតែ​ជាប់​ថត​រហូត​ពេញ​មួយ​ថ្ងៃៗ តែ​ម្តង»។

ចំពោះ​ពេលណា​ថត​ចប់ និង​វិលត្រឡប់​ឡើង​យន្តហោះ ទៅ​កាន់​ទឹកដី​សហរដ្ឋអាមេរិក​វិញ​នោះ ក៏ត្រូវ​អ្នកស្រី លក្ខណ៍ បន្ត​ឲ្យ​ដឹង​ថា៖ «ហើយ​រឿង​គាត់​នឹង​វិល​ទៅវិញ​ពេល​ណា នាង​ខ្ញុំ​ផ្ទាល់​ជា​ប្អូនស្រី​គាត់ ក៏​នៅ​ពុំ​ទាន់​អាច​ជ្រាប​ច្បាស់​ដែរ។ តែ​ចំពោះ​ដំណឹង​ថា គាត់​ចង់​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ​នោះ ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា គាត់​មិន​មាន​គម្រោង​គិត​ដូច្នេះ​ឡើយ គឺ​គ្រាន់​តែ​វិល​មក​ថត​កុន​តែ​ប៉ុណ្ណោះ»។

គួរ​បញ្ជាក់ថា តារា​សម្តែង​ស្រី​នា​ចុង​ទសវត្សរ៍​ឆ្នាំ ៨០ និង​ទី ៩០ អ្នកស្រី អម្ពរ ទេវី ដែល​មាន​វ័យ ៤៥ ឆ្នាំ​រូប​នេះ​មាន​ស្នាដៃ​សម្តែង ខ្សែ​ភាពយន្ត​មិន​តិច​ជាង ១០០ រឿង​ទេ ជាមួយ​នឹង​តារា​សម្តែង​ប្រុស​ជើង​ចាស់​នានា​ដូចជា​លោក ទេព រិន្ទដារ៉ូ លោក សម ដារ៉ា លោក ហមឈរ៉ា លោក​ជា ណូបូ លោក ខៃ ប្រសិទ្ធ ជាដើម ដោយ​ខ្សែ​ភាពយន្ត​ជា​រឿង​ល្បីៗ​នោះ​រួម​មាន​ដូចជា​រឿង « សម្ដី​ចុងក្រោយ» រឿង «ឆ្អឹង​អណ្ដែត» និង​រឿង «ចុង​ស្រល់» ព្រមទាំង​ខ្សែ​ភាពយន្ត​រឿង «ជើង​មេឃ​ដាច់​ស្រយាល» ផងដែរ៕