ក្រុងម៉ានិល : ពិតជាគួរឲ្យស្រៀវឆ្អឹងខ្នង ពេលបុរសម្នាក់ត្រូវបានកាប់នឹងតាំងតោក្រោយពីពិធីសាសន៍ដ៏ចម្រូងចម្រាសរបស់ហ្វីលីពីន បានអះអាងថា វាបានផ្ដល់ឲ្យអ្នកមានជំនឿនូវថាមពលកាប់មិនមុត។
វីដេអូឃ្លីបបានបង្ហាញថា សមាជិកក្រុមសាសនា «ស្ដេចដែក» ដែលបង្ហាញសកម្មភាពកាប់ចញ្ច្រាំលើបុរសម្នាក់គ្មានឈាម តែឈឺចាប់ដោយប្រើកាំបិតតាំងតោ។
ពិធីនេះ ត្រូវបានជឿថា ជាទង្វើបណ្ដេញដួងវិញ្ញាណបិសាច ព្យាបាលជំងឺ និងប្រោះព្រំដល់សាវ័ករបស់ខ្លួន។ ព្រឹត្ដិការណ៍ ដែលស្គាល់ជា ហារីង បាកាល់ មានសមាជិកប្រមាណ ១០០ នាក់ ក្នុងប្រទេសប្រកាន់នូវលទ្ធិគ្រឹស្ដសាសនា និកាយកាតូលិក ជាធំ រួមទាំង ប៉ូលិស និងទាហាន ដែលបានចូលរួមដើម្បីការពារខ្លួន ទោះបីជាទង្វើនេះត្រូវបានចាត់ទុកជាពិធីសាសនាដ៏ចម្លែកក្ដី។
លោកគ្រូអាគមន៍ អង់ហ្គេលីតូ រ៉ាមបូ អូរ៉េតា ដែលបានជំទាស់នឹងការអះអាងនេះ បាននិយាយថា៖ «ក្រៅពីព្យាបាលជំងឺ ខ្ញុំបានចូលរួមពិធីដើម្បីការពារខ្លួនពីអ្នកមានបំណងមិនល្អលើខ្ញុំ។ ដូច្នេះ ខ្ញុំមិនចាំបាច់ប្រយ័ត្នខ្លួនគ្រប់ពេលវេលាឡើយ»។
លោកបន្ដថា៖ «វាមិនសម្រាប់បង្ករឿងជម្លោះ ឬមាក់ងាយនរណាឡើយ គោលបំណងរបស់ ស្ដេចដែក គឺបម្រើសមាជិកក្រុម ប្រទេស និងរដ្ឋាភិបាល។ ពេលអ្នកត្រូវបានផ្ដល់ការប្រោះព្រំដោយកាំបិតតាំងតោ អ្នកលែងជាមនុស្សធម្មជាតិទៀតហើយ។ អ្នកជាទាហានរបស់ព្រះ ពេលដែលជួបនឹងខ្មាំងសត្រូវ»។
លោក នីកុន សេលីស ដែលបានចូលរួមថតពិធីសាសនានេះ បាននិយាយថា ពាក្យចចាមអារាមរបស់អ្នកស្រុកលើក្រុមសាសនានេះ បានបង្ខំចិត្ដលោកសិក្សាកាន់តែស៊ីជម្រៅចំពោះក្រុមនេះ។
លោកបានចាត់ទុកពិធីប្រោះព្រំដែលស្គាល់ជា «អានធីង-អានធីង» ស្មើពាក្យការឈឺចាប់ និងគួរឲ្យភ័យខ្លាច តែមិនអាចបកស្រាយពីមូលហេតុដែលកាំបិតចុងស្រួចនេះមិនបង្ករបួសស្នាម។
លោក នីកុន អាយុ ៣២ ឆ្នាំ បាននិយាយថា៖ «ខ្ញុំបានឮអំពីក្រុមនេះ ដែលអះអាងថា ខ្លួនបានផ្ដល់អាគមន៍ការពារខ្លួនពីគ្រាប់កាំភ្លើង និងកាំបិត។ គ្រូអាគមន៍ បានបញ្ជាក់ថា បានដាក់អាគមន៍ការពារពាសពេញរាងកាយក្រោយពីសូត្របាលីជាភាសាឡាតាំង។ លោកបាននិយាយថា មានតែគ្រូអាគមន៍ ហារីង បាកាល់ ប៉ុណ្ណោះដែលអាចអ្វីតាមចិត្ដចង់។
លោកបន្ដថា៖ «ពលរដ្ឋមកពីសាសនាគ្រឹស្ដផ្សេងៗ បានចោទប្រកាន់ពួកគេប្រារឰពិធីជំនឿជ្រុលនិយមដោយសារតែការអនុវត្ដប្លែកៗ ដែលអាចប៉ះពាល់ជំនឿសាសនាដទៃ»។
លោក នីកុន បានបន្ថែមថា បុព្វជិកត្រូវតមរួមភេទ សាច់ជ្រូក និងសាច់ឆ្កែ ព្រមទាំង ស្បថ បើមិនដូច្នោះទេ ពួកគេបាត់បង់អាគមន៍វេទមន្ដពីខ្លួន។
លោក បានបញ្ជាក់ថា៖ «ខ្ញុំមិនជឿថា ខ្ញុំខ្លួនឯងត្រូវឲ្យគ្រូកាប់ ៩ ដងដែរ។ ខ្ញុំមិនមានអារម្មណ៍កំពូលមនុស្សអីទេ វាគ្រាន់តែជាពិធីដ៏គួរឲ្យស្រៀវឆ្អឹងខ្នងមួយដែលខ្ញុំបានចូលរួមធ្វើប៉ុណ្ណោះ»៕ HR